ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Mou) នេះបានធ្វើឡើងនៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន កាលពីចុងខែវិច្ឆិកា ឆ្នាំ2019 ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់ភាគីទាំង2 នៅក្នុងវិស័យកសិកម្ម។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតឱ្យនាំចូលស្វាយពីកម្ពុជាមកកូរ៉េកាលពីខែតុលា ឆ្នាំ2019កន្លងទៅ ដូច្នេះក្នុងខែធ្នូ ឆ្នាំ2019ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ។ ឯកឧត្តមក៏បានស្វាគមន៍នូវសំណើរបស់កម្ពុជា ដោយបានសន្យានឹងជួយដល់ការអភិវឌ្ឍលើការដាំដំណាំក្នុងផ្ទះកញ្ចក់ (Green House) ដែលអាចធានាដល់ការផលិតបន្លែបានគ្រប់រដូវ ការពារសត្វល្អិត និងមានគុណភាពខ្ពស់ ឆ្លើយតបតាមស្តង់ដា និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក។
ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណដល់ភាគីកូរ៉េអំពីដំណឹងល្អសម្រាប់ការអនុញ្ញាតឱ្យនាំចូលស្វាយនេះ ហើយឯកឧត្តមក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េបន្ថែមទៀត លើការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា ដើម្បីផ្លាស់ប្តូរពិសោធដែលកសិកម្មកូរ៉េបានឆ្លងកាត់។
ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការលើដំណាំក្នុង Green House នេះ ព្រោះវាឆ្លើយតបចំគោលដៅដែលក្រសួងបាននិងកំពុងធ្វើ និងឆ្លើយតបទៅលើតម្រូវការដែលក្រសួងកសិកម្មកម្ពុជាកំពុងតែយកចិត្តទុកដាក់ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់កសិកឱ្យឆ្លើយតបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជា។
ម្យ៉ាងវិញទៀត ដោយមើលឃើញពីតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍធនធានមនុស្ស និងដោយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំង2 លើវិស័យកសិកម្ម។ ភាគីទាំង2 បានព្រមព្រៀងគ្នាលើកិច្ចសហការគ្នាក្នុងវិស័យដូចខាងក្រោម៖
1-ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្នុងតំបន់ និងអភិវឌ្ឍន៍ជនបទ។
2-ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្រៅប្រទេស។
3-ផ្លាស់ប្តូរអ្នកជំនាញក្នុងវិស័យដែលពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការលើបច្ចេកទេស និងព័ត៌មានដែលពាក់ព័ន្ធនឹងកសិកម្ម និងការស្រាវជ្រាវរួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្មរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្មនៃប្រទេសទាំង2។
4-កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកសិកម្មសំដៅធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងប្រទេសទាំង2។
5-ជំរុញការផ្លាស់ប្តូរបទពិសោធរវាងសហគ្រាសនិងទីភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជន។
6-ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព រួមមានដី ទឹក និងធនធានសេនេទិក។
7-កិច្ចសហប្រតិបត្តិការក្នុងការបង្កើនផលិតភាពកសិកម្ម គ្រឿងយន្តកសិកម្ម និងយុទ្ធសាស្ត្រមុន និងក្រោយពេលប្រមូលផល។
8-កិច្ចសហប្រតិបត្តិការដើម្បីសម្របសម្រួលដល់ការវិនិយោគឯកជនក្នុងវិស័យកសិកម្ម។
9-ការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការលើចំណុចដែលចាប់អារម្មណ៍ផ្សេងទៀត ដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ភាគីទាំង2។
ដើម្បីធ្វើទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ភាគីទាំង2 បានឯកភាពគ្នា បង្កើតក្រុមការងារដែលមានប្រធាន 1រូប មានឋានៈជាប្រធាននាយកដ្ឋានធ្វើជាសហប្រធានដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសទាំង2។
ភាគីនីមួយៗនឹងចាត់តាំងលេខាធិការទំនាក់ទំនងម្នាក់ឱ្យទទួលខុសត្រូវការងារទាក់ទងនឹងកិច្ចប្រជុំក្រុមការងារ។ កិច្ចប្រជុំក្រុមការងារនឹងត្រូវធ្វើឡើងជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងនៅព្រះរាជាណាចក្រកម្ពុជារៀងរាល់ 2ឆ្នាំម្តង ឬលើសពីនេះបើចាំបាច់ដោយភាគីទាំង2។ កាលបរិច្ឆេទ ទីតាំង និងរបៀបវារៈនៃការប្រជុំនីមួយៗនឹងត្រូវសម្រេចរួមគ្នាជាមុន៕