កីឡាករខ្សែបម្រើកណ្តាលជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានចុះកុងត្រាលេងឱ្យក្លិប Sokhothai FC សម្រាប់រដូវកាល2020 ខាងមុខនេះ ដែលជាក្លិបបាល់ទាត់មួយដែលលេងនៅលីកកំពូលរបស់ថៃ ៕
ធារី បានបញ្ជាក់ថា រូបគេមានក្លិបនៅលីកកំពូលរបស់ម៉ាឡេស៊ី និងលីកកំពូលថៃជាច្រើនទាក់ទងមកដែរ ក៏ប៉ុន្តែរូបគេគិតថា នៅទីនេះ (Sokhothai FC) គឺជាកន្លែងដ៏ស័ក្តិសមជាងគេបំផុតសម្រាប់រូបគេ។ រូបគេនឹងក្លាយជាកីឡាកររបស់ក្លិបមួយនេះ និងបានប្តេជ្ញាថា នឹងធ្វើឱ្យបានល្អជូនក្លិប។ មកទល់នឹងពេលនេះ កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ បានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ជាផ្លូវការនៅទីនោះហើយ ដោយបានធ្វើការផ្លាស់ទៅរស់នៅក្នុងទឹកដីថៃហើយ។
សូមជម្រាបថា មុននឹងបានឈានជើងចេញមកប្រកបអាជីពនៅក្រៅប្រទេស កីឡាកររូបនេះមានដើមកំណើតចេញពីកីឡាករខ្មែរដែលប្រមូលផ្តុំលេងនៅបារាំងសម្រាប់ពានរង្វាន់មិត្តភាពនៅទីនោះ ក្រោយមកក៏បានសម្រេចចិត្តចាប់យកអាជីពបាល់ទាត់នៅកម្ពុជា ដោយបានចូលរួមជាមួយនឹងក្លិបភ្នំពេញក្រោនមុនគេ៕