ភ្នំពេញ៖ ប្រជាជនខ្មែរភាគច្រើនតែងមើលរំលងពីអត្ថប្រយោជន៍ដ៍អស្ចារ្យរបស់កម្ទេចឈើ ដោយតែងយកវាទៅធ្វើជាជីបណ្តុះកូនឈើ ឬសម្រាប់ដុតបំពក់ភ្លើងចំអិនអាហារ ឬដេញមូសប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញពីអត្ថប្រយោជន៍ថ្មីរបស់វា ក្រុមពាណិជ្ជករជប៉ុនគ្រោងបង្កើតរោងចក្រផលិតក្តារកម្ទេចឈើដ៍ធំមួយនៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។
ក្នុងពេលដឹកនាំប្រតិភូវិនិយោគិនចិន និងជប៉ុន មកទស្សនកិច្ចស្តីពីសក្តានុពលវិនិយោគនៅកម្ពុជាអ្នកឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបជូនឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា វិនិយោគិនជប៉ុនមានបំណងមកបង្កើតរោងចក្រកែឆ្នៃឈើកៀប ចេញពីកម្ទេចឈើ សម្បកដូងប្រេង និងរុក្ខជាតិដទៃទៀតដើម្បីនាំចេញទៅលក់ជប៉ុនវិញ សម្រាប់ដុតនៅក្នុងរោងចក្រអគ្គិសនី Biomass។
វិនិយោគិនជប៉ុនបានបន្ថែមថា ក្រុមហ៊ុនរបស់លោកកំពុងតែសិក្សាពីទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់រោងចក្រនៅពេលឆាប់ៗខាងមុខនេះ ដោយសារតែខេត្តព្រះសីហនុជាខេត្តនៅជាប់មាត់សមុទ្រងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលទៅក្រៅប្រទេស។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមវិនិយោគិនជប៉ុនខាងលើ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានចំណាប់អារម្មណ៍ជាខ្លាំង ខណៈដែលកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមនៃកម្ទេចឈើ និងសម្បកដូងប្រេង ក៍ដូចជារុក្ខជាតិដទៃទៀត។ ឯកឧត្តមយល់ថា វាជាគំនិតដ៏ល្អមួយដោយកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិដទៃទៀតជាច្រើន ដែលមិនបានយកមកប្រើប្រាស់ឲ្យមានប្រយោជន៍។ តែយ៉ាងណាក៏ដោយឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនសិក្សាពីការធ្វើចម្ការដាំដើមឈើបន្ថែមដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកបដោយចីរភាពរយៈពេលវែងផងដែរ៕