ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវក្តីរំពឹងជឿជាក់ថា នៅឆ្នាំ2019 នេះ អគ្គនាយកដ្ឋានពន្ធដារនឹងអាចប្រមូលចំណូលពន្ធសម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្តសម្រាប់រាជរដ្ឋាភិបាល។ នេះបើតាមឯកឧត្តម គង់ វិបុល ថ្លែងសុន្ទរកថាបើកនៅក្នុងវេទិកាពន្ធ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប(The European Chamber of Commerce (Eurocham)។
ការបង្ហាញជំនឿចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ រយៈពេល 10ខែ ឆ្នាំ2019 នេះសម្រេចបានលើសពីផែនការច្បាប់ ដោយក្នុងរយៈពេល 10ខែកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានលើសផែនការពេញ 1ឆ្នាំ 5.06% ខណៈសល់រយៈពេល នៃការប្រមូលចំណូល 2ខែទៀត។
ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ក្នុងជំនួបជាមួយវិស័យឯកជនធុរជន ពាណិជ្ជករក្នុងវេទិកាស្តីពីពន្ធដារ-សភាពាណិជ្ជកម្មអឺរ៉ុប បានមានប្រសាសន៍ថា៖“តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទរយៈពេល 10ខែ ឆ្នាំ2019 នេះ នឹងអាចសម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្តសម្រាប់រាជរដ្ឋាភិបាល”។
រយៈពេល 10ខែ ឆ្នាំ2019 ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន9,616.83ប៊ីលានរៀល ឬស្មើនឹងប្រមាណជា 2,404.21លានដុល្លារអាមេរិក កើនឡើង 28.31% ស្មើនឹង 530,5លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2018។ ចំណូលក្នុងរយៈពេល 10ខែនេះ គឺមានបរិមាណស្មើនឹង 105.06%នៃផែនការប្រមូលចំណូលប្រចាំឆ្នាំ2019 របស់អគ្គនាយកដ្ឋានពន្ធដារ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។
ឯកឧត្តមបានមានប្រសាសន៍ថា កំណែទម្រង់ថ្មីជាច្រើនត្រូវបានអនុវត្តនៅឆ្នាំនេះ ដើម្បីធានាបាននូវដំណើរការបង់ពន្ធប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ក៏បានចង្អុលបង្ហាញអំពីការអនុម័តប្រព័ន្ធឯកសារអេឡិចត្រូនិក ដែលរៀបចំការទូទាត់ដោយស្វ័យប្រវត្តិ។
ឯកឧត្តមបន្ថែមទៀតថា គិតត្រឹមពេលនេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍនូវប្រព័ន្ធ និងកម្មវិធីចំនួន71 ដែលក្នុងនោះមានប្រព័ន្ធ E-VAT និង E-FILING។
តាមការគ្រោងទុក ក្នុងខែមករា ឆ្នាំ2020 នឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ដែលនឹងជួយសម្រួលដល់ការដាក់លិខិតប្រកាសពន្ធប្រចាំខែ ដោយអ្នកជាប់់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់ ព័ត៌មានពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើអត្ថប្រយោជន៍បន្ថែម និងពន្ធ-អាករផ្សេងៗតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារនឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាចក្ខុវិស័យរួម គឺនឹងកែប្រែរដ្ឋបាលសារពើពន្ធឱ្យទៅជារដ្ឋបាលសារពើពន្ធឌីជីថល ដែលផ្តល់នូវ E-Tax Service ល្អប្រសើរ និងងាយស្រួលសម្រាប់អ្នកជាប់ពន្ធ ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់សហគ្រាសទាំងអស់ឱ្យប្រើប្រាស់នូវប្រព័ន្ធថ្មីៗនេះ ដើម្បីទទួលបាននូវភាពងាយស្រួល ចំណេញពេលវេលា ក៏ដូចជាចូលរួមពង្រឹងអនុលោមភាពសារពើពន្ធទាំងអស់គ្នា ដែលជាការចូលរួមចំណែកក្នុងការពង្រឹងនូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)។
ប្រព័ន្ធនេះនឹងកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញលិខិតប្រកាសដោយដៃ ជំនួសដោយការបោះពុម្ពរបាយការណ៍ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ។ ចំពោះវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី នឹងកំណត់ឱ្យបានច្បាស់លាស់អំពីវិធី ឬបែបផែននៃការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការប្រមូលពន្ធអាករនានា។
ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា៖ “ខ្ញុំនិងក្រុមការងារមានគោលបំណងដោះស្រាយកង្វល់ពីវិស័យឯកជនផងដែរ ដោយចង់ដោះស្រាយបញ្ហាទាំងអស់របស់ក្រុមហ៊ុនដោយស្មើភាព។ GDT គិតគូររាល់ការព្រួយបារម្ភ និងការកែលម្អបញ្ហានេះ គឺជាការផ្តោតអារម្មណ៍របស់យើង ហើយអនុក្រឹត្យថ្មីកំពុងដំណើរការ ដើម្បីដោះស្រាយកង្វល់ និងបញ្ហានានានៅក្នុងប្រព័ន្ធពន្ធ ហើយនឹងត្រូវប្រកាសជាផ្លូវការនៅឆ្នាំក្រោយ។
ឯកឧត្តមបានបញ្ជាក់ថា៖“ចាំបាច់ត្រូវមានការសន្ទនាគ្នាជាបន្តនៅក្នុងសភាពាណិជ្ជកម្ម និង GDTព្រោះថា រវាងសភាពាណិជ្ជកម្មអឺរ៉ុប និង GDT ការកែទម្រង់មិនបញ្ចប់សម្រាប់នាយកដ្ឋាន ឬប្រទេសនោះទេ ហើយវាក៏អនុវត្តចំពោះប្រទេសអភិវឌ្ឍន៍ផងដែរ។ទ្វាររបស់នាយកដ្ឋានពន្ធតែងតែបើកសម្រាប់ក្រុមហ៊ុនដែលចង់ពិភាក្សាអំពីបញ្ហាណាមួយជានិច្ច។ នាយកដ្ឋានពន្ធដារ គឺជាស្ថាប័នមានតម្លាភាព និងជំរុញឱ្យសមាជិកនៃវិស័យឯកជនត្រូវបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេ”។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់ទៀតថា តាមរយៈយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម2019-2023 អគ្គនាយកដ្ឋានពន្ធដារនឹងបន្តកែលម្អនូវគោលនយោបាយចាំបាច់មួយចំនួនក្នុងន័យធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅ នៃការប្រមូលចំណូលកំណត់ដោយច្បាប់ ត្រូវបានកើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) បានមានប្រសាសន៍ថា៖“វិស័យឯកជនទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តពន្ធ និងអត្ថប្រយោជន៍ និងស្ថិរភាពដែលការប្រមូលពន្ធបាននាំមក។ ពិសេសការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានពន្ធដារក្នុងការដោះស្រាយយ៉ាងសកម្ម រាល់បញ្ហាប្រឈម”។
លោក Arnaud Darc ក៏បានបន្តសរសើរការកែលម្អប្រព័ន្ធពន្ធរបស់ប្រទេសនូវសំណូមពរនានាក៏ដូចជាផ្តល់នូវការគាំទ្រដល់វិស័យឯកជនក្នុងការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូចតាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តក្នុងរយៈពេល 7ឆ្នាំចុងក្រោយនេះ។
លោក Frank Viault តំណាងសហភាពអឺរ៉ុប (EU)ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រវេទិកាហិរញ្ញវត្ថុនេះ។ កម្ពុជា គឺជាប្រទេសមួយដែលមានស្នាដៃល្អជាងគេ ទាក់ទងនឹងការកៀរគរប្រាក់ចំណូលក្នុងស្រុក ហើយសមិទ្ធផលនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ GDT”។
លោក Franck Viault បានកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារលើការងារនៃការធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ និងទំនើបកម្មពន្ធដារ ឈានទៅសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាននៃការពង្រឹងការគ្រប់គ្រងប្រមូលពន្ធផ្ទៃក្នុង ដែលជានិន្នាការក្នុងតំបន់ និងសកលលោក គឺពន្ធផ្ទៃក្នុងនឹងដើរតួនាទីសំខាន់សម្រាប់ទ្រទ្រង់ចំណូលជាតិ។
លោក Franck Viault បានឱ្យដឹងថា សហភាពអឺរ៉ុបបានផ្តល់ជំនួយឥតសំណងនូវទឹកប្រាក់ប្រមាណ2,5លានអឺរ៉ូដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅឆ្នាំ2019ដើម្បីបង្កើនរចនាសម្ព័ន្ធដោយនិរន្តរភាពជាមួយរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនក្នុងសហភាពអឺរុបកំពុងប្រតិបត្តិការនៅកម្ពុជាប្រមាណ 400អាជីវកម្ម និងនិយោជិត 2ម៉ឺននាក់ នឹងជួយរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
ក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានកំណើនចំណូលពន្ធក្នុងរង្វង់ 20%ក្នុង 1ឆ្នាំ ក្នុងនោះឆ្នាំ2016 បានជាង 1,5ពាន់លានដុល្លារ។ ឆ្នាំ2017 បានជាង 1,97 ពាន់លានដុល្លារ និងឆ្នាំ2018 បានជាង 2,19ពាន់លានដុល្លារ៕