រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា ចំនួននៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់អ៊ិនធើណិតក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដែរ ដែលវាបានរួមចំណែកយ៉ាងសកម្មមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសម្ទុះទៅមុខជាលំដាប់។
ថ្លែងឱ្យដឹងក្នុងកម្មវិធីសិក្ខាសាលាស្តីពីការវិវឌ្ឍនៃបច្ចេកវិទ្យា 4G LTE រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សហការជាមួយក្រុមហ៊ុន IDG នៅសណ្ឋាគារសុខាភ្នំពេញលោកជំទាវ រស់ សូរក្ខា បានមានប្រសាសន៍ថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័តមានការកើនឡើង ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកជំទាវបន្តថា តាមរយៈការវិវឌ្ឍនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសត្រូវបានផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។ សិក្ខាសាលាស្តីពីការវិវឌ្ឍនៃបច្ចេកវិទ្យា 4G LTEនឹងផ្តោតសំខាន់លើប្រធានបទមួយចំនួនរួមមានការប្រែក្លាយបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារកម្ពុជា។ ទាក់ទិននឹងសិក្ខាសាលានេះដែរ ក៏នឹងក្លាយជាឱកាសជួបជុំគ្នារវាងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងស្រុកដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពលនៃបច្ចេកវិទ្យាក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សារ។
លោកជំទាវបញ្ជាក់ថា៖ «កម្ពុជា ជាប្រទេសមានសក្តានុពលមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍវិស័យ ICT ជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តកើនឡើងខ្ពស់ ហើយការប្រើប្រាស់អ៊ិនធើណិតមានរហូតដល់ទៅជាង 7 លាននាក់។ ទាំងនេះ វាជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងឱ្យទៅមុខបានលឿន»។
ជាមួយគ្នានេះ លោក Anthony Keck នាយកក្រុមហ៊ុនបណ្តុំសម្ព័ន្ធ Havas Riverorchid នៅកម្ពុជា បានឱ្យដឹងដែរថា ចំនួនអ្នកប្រើប្រាស់បណ្តាញអ៊ិនធើណិតជាង 7 លាននាក់កើនឡើង 42% លើសឆ្នាំមុន ហើយចំនួនអ្នកប្រើបណ្តាញទំនាក់ទំនងសង្គមជាទៀងទាត់ស្មើនឹង 5 លានកន្លះ ភាគច្រើនមានគណនី Facebook ដែល90%ប្រើប្រាស់ដោយទូរស័ព្ទដៃ។ លោកបន្ដថា កំណើនដ៏ឆាប់រហ័សនេះហើយ ដែលបណ្ដាលឱ្យក្រុមហ៊ុនលោកសម្រេចបើកក្រុមហ៊ុនSocialyseថ្មីមួយទៀតដែលផ្ដោតសំខាន់លើការផ្សព្វផ្សាយផ្សារម៉ាកយីហោផលិតផលតាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា។
លោកថា៖ «យើងធ្វើការលើវិស័យបច្ចេកវិទ្យាដើម្បីជួយផ្សព្វផ្សាយផ្សារម៉ាកយីហោផលិតផលរបស់ដៃគូយើង អ៊ីចឹងបើនៅទីនេះចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃ ក៏ដូចជាអ្នកប្រើអ៊ិនធើណិតមិនមានចំនួនគ្រប់គ្រាន់ យើងក៏មិនអាចធ្វើបានដែរ។ ខ្ញុំឃើញថា នៅកម្ពុជា ប្រជាពលរដ្ឋចូលចិត្តភ្ជាប់អ្វីគ្រប់យ៉ាងជាមួយសង្គម និងប្រព័ន្ធឌីជីថល»។
លោកនាយកក្រុមហ៊ុនបន្ថែមទៀតថា ក្នុងឱកាសពិព័រណ៌ INSPIRE អាស៊ាននៅរាជធានីភ្នំពេញកាលពីឆ្នាំ 2016 លោកមានការស្ងើចសរសើរជាខ្លាំងចំពោះល្បឿនអភិវឌ្ឍន៍ឌីជីថល និងការផ្លាស់ប្តូរសង្គមរួមទាំងសង្កេតឃើញថា ទាំងអ្នករៀបចំយុទ្ធសាស្ត្រទីផ្សារ និងអ្នកសារព័ត៌មាន ពិតជាមានចិត្តចង់ចេះចង់ដឹងយ៉ាងជាក់ច្បាស់ក្នុងការបោះជំហានទៅមុខ និងជំរុញអង្គភាពរបស់គេឱ្យចាប់យកបច្ចេកវិទ្យានេះ។ ចាប់ពីពេលនោះមក លោកបានសម្រេចចិត្តដាក់វិនិយោគទុន និងបង្កើតក្រុមការងារដែលមានបទពិសោធ និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវគ្រប់ផ្នែកទាំងអស់នៃបណ្តាញសង្គម។
រយៈពេលមួយឆ្នាំក្រោយមក លោកឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្មបានកើនឡើង 50% ដែលស្មើនឹងមួយភាគបីនៃ ចំនួនប្រជាជនសរុប និង2ភាគ3នៃចំនួនអ្នកប្រើអ៊ិនធើណិតសកម្មដែលមាន 7លាននាក់។
យោងតាមស្ថានភាពបច្ចុប្បន្នមាន ពិតជាមានតម្រូវការនូវអ្នកជំនាញអាជីពពិតប្រាកដដែលអាចដឹកនាំអ្នកធ្វើទីផ្សារ ដើម្បីឱ្យភាពស្មុគស្មាញប្រែក្លាយទៅជាភាពសាមញ្ញ និងណែនាំពួកគេឱ្យប្រើប្រាស់បណ្តាញសង្គមជាប្រយោជន៍ ជាទ្រព្យ ធ្វើយុទ្ធនាការផ្សេងៗ ស្ទង់មតិសង្គម ទំនាក់ទំនងសាធារណៈជាមួយបណ្តាញសង្គម តាមរយៈទម្រង់ខ្លឹមសារដែលមានប្រសិទ្ធភាពអាចសម្រេចការងារបាន។
ជាមួយគ្នានេះដែរ សម្ដេចហ៊ុន សែន ធ្លាប់មានប្រសាសន៍កាលពីពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកលវិទ្យាល័យសម្តេច ហេង សំរិន ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កាលពីខែកុម្ភៈ ឆ្នាំ2016ថា ប្រព័ន្ធអ៊ិនធើណិតបានដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ព័ត៌មាន និងមានប្រសិទ្ធភាពខ្ពស់ដូចជាការប្រើបណ្ដាញសង្គម Facebook ជាដើម។ ការប្រើប្រព័ន្ធអ៊ិនធើណិត អាចឱ្យរដ្ឋាភិបាលដឹងពីកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាជនវិញបានលឿន។ ដូច្នេះ សម្ដេចក៏បានអំពាវនាវដល់ក្រុមហ៊ុនទូរស័ព្ទចល័ត ខិតខំពង្រីកសេវាអ៊ីនធើណែតបន្ថែមទៅតាមតំបន់ដាច់ស្រយាលដើម្បីឱ្យប្រជាជននៅតាមតំបន់ទាំងនោះ មានលទ្ធភាពអាចប្រើប្រាស់អ៊ិនធើណិត និងប្រើ Facebook បាន។
យោងតាមទិន្នន័យមូលដ្ឋានចេញផ្សាយដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ខែមិថុនា ឆ្នាំ2016 មានចំនួនអ្នកប្រើប្រព័ន្ធអ៊ិនធើណិត ចំនួនសរុប 7,157,409 នាក់ ដោយក្នុងនោះមានអ្នកប្រើតាមឧបករណ៍ចល័តចំនួន 7,074,483 នាក់ ស្មើនឹង 98.84 % និងអចល័តចំនួន 82,926 នាក់ ស្មើនឹង 1.16 %។ ចំនួនអ្នកប្រើទាំងនោះ សរុបរួមពីក្រុមហ៊ុនចំនួន 8 ដែលផ្ដល់សេវាអ៊ិនធើណិត រួមមាន Smart Axiata , Viettel, CamGSM, Sotelco, XinWei, South East Asia Telecom, Cadcomms និង Star Digital MUDS TV។ ក្នុងនោះ មានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 19,484,692 (98,79 % នៃចំនួនអ្នកប្រើប្រាស់សរុប) និងមានអ្នកប្រើប្រាស់ទូរស័ព្ទអចល័ត 238,118 (1,21% នៃចំនួនអ្នកប្រើប្រាស់សរុប) ហើយមានចំនួនអ្នកប្រើប្រាស់សរុបធៀបទៅនឹងចំនួនប្រជាជន 133%៕