កាលពីចុងសប្តាហ៍មុននេះ អង្គការ NASA បានធ្វើការបង្ហាញនូវគ្រាប់រ៉ុក្កែតដ៏មានថាមពលខ្លាំងមួយ (SLS) ដែលត្រៀមបញ្ជូនមនុស្សទៅកាន់ពិភពព្រះចន្ទនៅប៉ុន្មានឆ្នាំខាងមុខនេះ ត្រូវបានផ្គុំរួចរាល់ហើយ សម្រាប់ការធ្វើតេស្តសាកល្បង។
លោក Jim Bridenstine ប្រធានអង្គការ NASA បានលាតត្រដាងថា ប្រព័ន្ធរ៉ុក្កែថ្មីនេះ ពេលបាញ់បង្ហោះម្តងត្រូវចំណាយប្រាក់ដល់ទៅ 800លានដុល្លារឯណោះហើយបើបញ្ជាទិញវិញគឺ 1គ្រឿងមានតម្លៃ 1.6ពាន់លានដុល្លារ។ គ្រាប់រ៉ុក្កែតនោះនឹងត្រូវបាញ់បង្ហោះដោយនឹងនាំយកយានអវកាស Orion (យានដឹកមនុស្ស) និងយានដឹកទំនិញទៅកាន់ពិភពព្រះចន្ទ នៅឆ្នាំ2024។ គម្រោង SLS ត្រូវបានពន្យារពេល និងទុកចោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែបញ្ហាថវិកា ពោលគឺត្រូវចំណាយប្រមាណ 17ពាន់លានដុល្លារក្នុងការអភិវឌ្ឍ។
លោក Jim Bridenstine បន្ថែមទៀតថា «វាចំណាយពេលយូរក្នុងការអភិវឌ្ឍ ហើយជាការពិត អ្នកបង់ពន្ធអាមេរិកបានវិនិយោគយ៉ាងច្រើនទៅលើវា ប៉ុន្តែនេះគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់អាមេរិកក្លាយជាអ្នកនាំមុខខាងអវកាស ហើយនោះគឺជាអ្វីដែលយើងមានបំណងធ្វើ»៕