ក្នុងការប្រកួតពានរង្វាន់ក្រៅផ្លូវការមួយ ក្រុម U18 របស់កម្ពុជា បានប្រកួតចាញ់ក្រុម U20 វៀតណាម ក្នុងលទ្ធផល 3ទល់នឹង0 ក្នុងពានរង្វាន់ BTV Cup 2019 កាលពីល្ងាចថ្ងៃម្សិលមិញនេះនៅ Binh Duong ប្រទេសវៀតណាម។
ក្នុងការប្រកួតនោះ ក្រុមយុវជនអាយុក្រោម 20ឆ្នាំវៀតណាម បានរកបាន 1គ្រាប់នាំមុខមុននៅនាទីទី45 ហៀបនឹងបញ្ចប់វគ្គទី1។ លុះចូលមកដល់វគ្គទី2 វៀតណាមកាន់តែដាក់សម្ពាធខ្លាំង និងរកបាន2គ្រាប់បន្ថែមទៀតនៅដើមតង់ទី2។ ទោះជាមានការដាក់សម្ពាធពេញ 90នាទី ហើយអាជ្ញាកណ្តាលហាក់ផ្តល់ការមានប្រៀបទៅខាងក្រុមវៀតណាមក៏ដោយ តែក្រុមយុវជនអាយុក្រោម 18ឆ្នាំរបស់កម្ពុជា ក៏ព្យាយាមទប់ រហូតដល់ចប់ការប្រកួតជាមួយនឹងលទ្ធផល 3ទល់នឹង0។
ចំពោះការប្រកួតពានរង្វាន់ BTV Cup 2019 នេះ ក្រុមដែលឈ្នះនឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ 1ប្រកួត ខណៈក្រុមចាញ់ក៏ត្រូវជួបដណ្ដើមចំណាត់ថ្នាក់លេខ3 ចំនួន 1ប្រកួតទៀតដែរ ដោយកម្ពុជានឹងត្រូវជួបក្រុមយុវជនអាយុក្រោម 20ឆ្នាំរបស់មីយ៉ាន់ម៉ា ដើម្បីដណ្តើមយកលេខ3៕