ឆ្លៀតក្នុងឱកាសវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់ក្រុមជម្រើសជាតិ U22 របស់កម្ពុជា ក្រោយបញ្ចប់ភារកិច្ចនៅស៊ីហ្គេមនោះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានប្រកាសអំពីគម្រោងចុងឆ្នាំ2019 នេះ ទៅកាន់កីឡាករទាំងអស់ថា លោកបានរៀបចំរង្វាន់ជាទីគាប់ចិត្តរួចរាល់ហើយសម្រាប់ជូនដល់ក្រុមកីឡាករ និងក្រុមការងារក្នុងឈុត U19 និង U22 ដែលខំប្រឹង និងខិតខំរហូតទទួលបានលទ្ធផលដ៏ល្អជូនកម្ពុជាក្នុងឆ្នាំនេះ។
ឯកឧត្តមបានប្រកាសបន្ថែមថា នឹងរៀបចំកម្មវិធីជួបជុំមួយនាថ្ងៃទី29 ខែធ្នូខាងមុខ ហើយក្នុងឱកាសនោះ ឯកឧត្តមនឹងមានកម្មវិធីមួយ ដើម្បីលើកទឹកចិត្តក្រុមទាំង2 តែឯកឧត្តមសូមលាក់សិន ព្រោះមិនចង់ឱ្យកីឡាករម្នាក់ៗសប្បាយចិត្តពេក៕
គួររំឭកដែរថា ក្នុងឆ្នាំ2019 នេះវិស័យបាល់ទាត់កម្ពុជា ហាក់មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ដោយកម្ពុជាធ្វើបានយ៉ាងល្អ ព្រោះអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព័្រត្រស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ មួយវិញទៀតកម្ពុជា បានជាប់ជាក្រុមខ្លាំងទាំង16 ប្រចាំទ្វីបអាស៊ី ដោយបានឡើងទៅលេងពានធំបំផុតរបស់ទ្វីបអាស៊ី AFC U19 ក្រោយឆ្លងកាត់វគ្គជម្រុះ ដោយបានជាប់ជាក្រុមលេខ2 ល្អបំផុត៕