តារាសម្ដែង លោក ឃីម រតនៈ ដែលត្រូវគេស្គាល់ថាជាតួបងធំ និងជាតួចិត្តអាក្រក់ក្នុង MV និង ក្នុងរឿង មានជម្ងឺមហារីកពោះវៀនធំ និង គ្រួសក្នុងប្រម៉ាត់ធ្ងន់ធ្ងរ រយៈពេលជាង៣ឆ្នាំមកហើយ ដោយលោកទើបតែបានឆ្លងកាត់ការវះកាត់ កាលពីពេលថ្មីៗ។ អ្វីដែលសរសើរ គឺលោកនៅតែរឹងមាំ និងមិនដែលឮចេញមុខអំពាវនាវ សជំនួយពីសប្បុរសជនទាល់តែសោះ។
ប្រាប់អ្នកសារព័ត៌មាន លោក ឃីម រតនៈ និយាយថា លោកកើតជម្ងឺទាំង២ប្រភេទ រយៈពេលជាង៣ឆ្នាំមកហើយ ដោយមុនពេលមានលទ្ធភាពវះកាត់ លោកមានសភាពចុកខ្លាំង និងក្ដៅដល់ថ្នាក់សន្លប់ ពិបាកដូចស្លាប់ទាំងរស់។ លោកបានធូរសព្វថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាលជាច្រើនលើកនៅប្រទេសថៃ។ យ៉ាងណាមិញ លោកថាជីវិតរបស់លោកពេទ្យថា នឹងមានភាពល្អប្រសើរបែបនេះបានតែរង្វង់៤ទៅ៥ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការវះកាត់។ តែលោកមិនតក់ស្លុតទេ គឺនៅតែក្លាហានក្នុងប្រឈមមុខ ដោយលោកគិតថា ថ្ងៃណាថ្ងៃនឹងទៅ។
លោកថាសភាពធ្វើទុក្ខ នៅតែកើតឡើងម្ដងម្កាល បើទោះជាបានវះកាត់យកដុំសាច់កាចចេញ ក្នុងដំណាក់កាលទី១។ អ៊ីចឹងហើយទើបលោក មិនសូវគិតច្រើន ហើយតែចូលរួមក្នុងសកម្មភាពសិល្បៈ ដើម្បីកុំអារម្មណ៍គិតច្រើន។ លោកសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពីបងប្អូនមិត្តភ័ក្ត្រ និង អ្នកសិល្បៈ ក្រោយពីដឹងថាលោកមានជម្ងឺទាំងពីរ។ លោកកាន់តែមានកម្លាំងចិត្ត នៅពេលបងធម៌ម្នាក់របស់លោក ជាអ្នកផ្ដល់ការរ៉ាប់រង ក្នុងការព្យាបាលអោយលោកទៅដល់ប្រទេសកន្លងមក។ ចំណែកឳពុកម្ដាយរបស់លោក ក៏ជួយគិតគូរផងដែរ ដោយគ្រាន់តែលោកមិនសូវហ៊ានរំខាន ដោយសារតែពួកគាត់ក៏ចាស់ៗអស់ដែរ។