ប្រទេសចិននៅក្នុងយុគសម័យបច្ចុប្បន្ននេះ គឺជាប្រទេសដែលបានកសាងស្ថាបត្យកម្មដ៏ស្រស់ស្អាតជាងគេនៅលើពិភពលោក និងរមណីដ្ឋានច្នៃប្រឌិតដ៏អច្ឆរយៈប្លែកភ្នែកមិនឈប់ឈរដូចជា តំបន់ទេសចរណ៍ទឹកធ្លាក់ពីស្ថានសួគិ៍ ទឹកធ្លាក់ពីលើអគារខ្ពស់ជាងគេជាដើម។ ក៏ប៉ុន្ដែនៅពេលនេះប្រទេសចិន បានកសាងស្ថាបត្យកម្មថ្មីមួយទៀតហើយ ដែលនោះគឺជាសណ្ឋាគារដ៏កំពូលប្រណីតនៅចំកណ្ដាលទីក្រុង និងប្រើពេលវេលាកសាងអស់រយៈពេលជាង10ឆ្នាំ។
សណ្ឋាគារអច្ឆរិយៈនេះគឺពិតជាប្លែកភ្នែកខ្លាំងណាស់ សណ្ឋាគារមួយនេះមានឈ្មោះថា InterContinental Shanghai Wonderland hotel ជាសណ្ឋាគារខ្នាតយក្សតាំងនៅក្នុងជ្រលងជ្រោះ។ បើគិតពីចម្ងាយវិញ គឺយើងត្រូវប្រើរយៈពេល20នាទី ពីទីក្រុង សៀងហៃ ប្រទេសចិន ទើបមកដល់សណ្ឋាគារដ៏អស្ចារ្យមួយនេះ។ វាមានកម្ពស់ទាំងអស់18ជាន់ ហើយមាន16ជាន់គឺស្ថិតនៅក្រោមដី និង2ជាន់ផ្នែកខាងលើ គឺនៅចំពីលើទឹកធ្លាក់តែម្ដង។ សណ្ឋាគារទេសចរណ៍មួយនេះ មានទាំងអស់336បន្ទប់ ដែលបានរចនាឡើងដោយភាពប្រណីតតាមបែបធម្មជាតិ ដាក់តាំងនូវរូបចម្លាក់ធំៗ និងមានស្ពានកញ្ចក់ដើរព័ទ្ធជុំវិញសណ្ឋាគារថែមទៀតផង។ ភ្ញៀវទេសចរអាចប្រហោងពោះ ឬញ័រជើង ខណៈដែលដើរចូលទៅកាន់សណ្ឋាគារ តែកុំព្រួយបារម្ភឡើយ ព្រោះមានឧបករណ៍ជំនួយ និងមានសុវត្ថិភាពបំផុត។ ចំពោះតម្លៃវិញ មួយបន្ទប់សម្រាប់ការស្នាក់នៅមួយយប់គឺ 600ដុល្លារ។
អ្នកគ្រប់គ្រងសណ្ឋាគារបានប្រាប់ឱ្យដឹងថា សណ្ឋាគារនេះត្រូវបានកសាងឡើង ដើម្បីប្រកួតប្រជែងជាមួយគំនិតច្នៃប្រឌិតនៃសាបត្យកម្មពិភពលោក ដែលកំពុងសម្រុកសាងសង់អគារខ្ពស់ៗឡើងដល់មេឃ ដើម្បីឱ្យងាកមកចាប់អារម្មណ៍លើសណ្ឋាគារដែលនៅក្រោមដី និងកណ្ដាលជ្រលងជ្រោះវិញម្តង ដោយមានរយៈកម្ពស់ពីដី288ហ្វុតតែប៉ុណ្ណោះ។ សណ្ឋាគារអច្ឆរិយៈដ៏ប្លែកភ្នែកនៅទីក្រុងសៀងហៃ មួយនេះ បានបើកដំណើរការតាំងពីឆ្នាំ2018មកម៉្លេះ ដែលមានក្រុមហ៊ុនស្ថាបត្យកម្ម Atkins និង JADE+QA ជាអ្នកសាងសង់។ នេះក៏ជាស្ថាបត្យកម្មមួយ ដែលបង្ហាញអំពីប្រាជ្ញារបស់ជនជាតិចិនដល់ពិភពលោកបានស្គាល់ គឺពិតជាមានការច្នៃប្រឌិតខ្ពស់ខ្លាំងណាស់ ហើយក៏ស្រស់ស្អាតខ្លាំងផងដែរ។ ដូច្នេះប្រិយមិត្តអ្នកអានទាំងអស់ កុំភ្លេចទៅទស្សនាសណ្ឋាគារដ៏ស្រស់ស្អាត ប្លែកខុសពីសណ្ឋាគារផ្សេងៗនៅទីក្រុងសៀងហៃ ប្រទេសចិន ទាំងអស់គ្នាណា៎៕