រឿងការសរសេរអក្សររបស់កុមារ អាចគ្រាន់តែជារឿងតូចតាចមួយសម្រាប់ឪពុកម្តាយមួយចំនួន ព្រោះគិតថា ភាពខុសផ្លែកពីគ្នារបស់តួអក្សរ គឺជាស្ទីលការសរសេររបស់ក្មេងម្នាក់ៗ អាចស្អាតខ្លះទៅ ឬមិនស្អាតខ្លះទៅ ជារឿងធម្មតា ទើបមិនសូវជាយកចិត្តទុកដាក់ល្អិតល្អន់អ្វីប៉ុន្មានឡើយ។ តែការពិតទៅ រឿងការសរសេរ និងតួអក្សរសរសេរដៃរបស់កូន មានភាពសំខាន់មិនអន់ជាងរឿងដទៃទៀតឡើយ ព្រោះវាជាផ្នែកមួយដែលជួយបង្ហាញឱ្យឃើញថា កុមារកំពុងមានបញ្ហាមួយដែលឪពុកម្តាយគួរតែផ្តល់នូវការជួយណែនាំ មុននឹងបញ្ហាផ្សេងៗទៀតកើតឡើង។ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលថា តើអក្សរសរសេរដៃរបស់កូនៗរបស់លោកអ្នកបង្ហាញឱ្យឃើញពីរឿងអ្វី និងមានវិធីកែខៃយ៉ាងណាខ្លះ?
1. មូលហេតុដែលធ្វើឱ្យកុមារមានបញ្ហាពាក់ព័ន្ធនឹងការសរសេរ
អ្នកស្រីវេជ្ជបណ្ឌិត អេមី បាអេជ អ្នកព្យាបាលដោយការធ្វើចលនា និងជាអ្នកនិពន្ធម្ចាស់ជ័យលាភីប្រភេទសៀវភៅអក្សរផ្ជង់បានអធិប្បាយថា អារម្មណ៍ និងការវិវឌ្ឍរបស់កុមារអាចនាំឆ្ពោះទៅរកបញ្ហារឿងតួអក្សរសរសេរដៃរបស់កុមារបានដូចគ្នា ដូចជាបើកុមារនោះធ្លាប់មានបទពិសោធដែលមិនល្អពាក់ព័ន្ធនឹងការប៉ះពាល់ រហូតធ្វើឱ្យគេបដិសេធ ឬចៀសពីការប៉ះពាល់វត្ថុផ្សេងៗដែលខុសប្លែកពីរបស់ដែលគេធ្លាប់បានស្គាល់ជាដើម។ មូលហេតុទាំងនោះហុចផលឱ្យឱកាសក្នុងការវិវឌ្ឍរបស់ម្រាមដៃ និងការសរសេររបស់ក្មេងអន់ថយចុះទៅតាមនោះដែរ។
2. វិធីសង្កេតមើលបញ្ហា តាមរយៈអក្សរសរសេរដៃរបស់កុមារ
ការដែលកុមារសរសេរអក្សរមិនស្អាត គឺជាបញ្ហាមួយដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយឡើយ ជាពិសេសអក្សរសរសេរដៃរបស់កុមារដែលពិបាកអាន ឬដែលស្ទើរតែមិនមែនជាតួអក្សរ ព្រោះវាជាសញ្ញាសំខាន់មួយដែលកំពុងតែប្រាប់ដល់ឪពុកម្តាយឱ្យបានដឹងថា កូនរបស់អ្នកកំពុងតែមានបញ្ហាដែលអ្នកត្រូវប្រញាប់កែសម្រួល ដែលឪពុកម្តាយអាចត្រួតពិនិត្យមើលនៅរយ:ដំបូងបាន ដោយសង្កេតមើលតាមរយ:អាការរបស់កុមារដូចតទៅ ៖
– តួអក្សរមិនច្បាស់លាស់ ពិបាកអាន
- ធ្វើចុងខ្មៅដៃបាក់ញឹកញាប់(សរសេរសង្កត់ខ្លាំង)
– ប្រើដៃចាប់កាន់ខ្មៅដៃម្តងៗមិនដូចគ្នា ដូចជា ម្តងកាន់ដៃខាងឆ្វេង ម្តងកាន់ដៃខាងស្តាំ-ល-
– ចាប់កាន់ខ្មៅដៃខុសទំនង និងមិនព្រមប្តូររបៀបចាប់
- មិនព្រមដាក់កដៃសង្កត់លើក្រដាសសរសេរ
– មានអារម្មណ៍ធុញទ្រាន់ពេលត្រូវសរសេរ
- សរសេរលេខ ឬអក្សរឆ្លាស់គ្នា ទោះជារៀនថ្នាក់បថម ឬថ្នាក់ខ្ពស់ជាងហ្នឹងហើយក៏ដោយ
- ច្រើនតែសរសេររំលង ឬខ្វះពាក្យ ឬតួអក្សរ ទោះជាចម្លងតាមគេក៏ដោយ
3. វិធីជួយកែបញ្ហា
សម្រាប់ឪពុកម្តាយដែលសង្កេតឃើញភាពខុសប្រក្រតីរបស់កូនដូច 8ចំណុចខាងលើនេះ ឪពុកម្តាយអាចជួយកូនៗរបស់លោកអ្នកបានដោយការនាំពួកគេទៅជួបនឹងគ្រូពេទ្យដែលមានជំនាញក្នុងផ្នែកនេះ ដើម្បីឱ្យគ្រូពេទ្យត្រួតពិនិត្យភាពខុសប្រក្រតី និងប្រាប់ពីលទ្ធផលនៃការពិនិត្យដែលច្បាស់លាស់មកលោកអ្នកវិញ និងគួរឱ្យគ្រូពេទ្យបានទៅពិនិត្យមើលអាការរបស់កូនដល់ផ្ទះផង ដើម្បីឱ្យគ្រូពេទ្យបានបង្ហាត់ក្មេងៗជាមួយនឹងឧបករណ៍សម្រាប់ជួយកែសម្រួលដល់ការសរសេររបស់កូនបានយ៉ាងស័ក្តិសម។
តើលោកអ្នកជឿទេថា អក្សរសរសេរដៃរបស់កុមារមានភាពសំខាន់ចំពោះពួកគេមិនតិចឡើយព្រោះវាអាចប្រាប់បានអំពីបញ្ហាដែលបង្កប់នៅក្នុងខ្លួនកុមារ ដូច្នេះបើឪពុកម្តាយរឹតតែឆាប់សង្កេតឃើញភាពខុសប្រក្រតីនៃការសរសេរអក្សររបស់កូនបានលឿនប៉ុនណា នឹងរឹតតែឆាប់បានជួយឱ្យកូនៗរបស់លោកអ្នករួចផុតពីបញ្ហានេះបានលឿនប៉ុននោះដែរ និងថែមទាំងអាចជួយឱ្យកូនៗមានវិវឌ្ឍនាការដ៏ល្អស័ក្តិសមទៅតាមវ័យបានទៀតផង៕