ការធ្វើសកម្មភាពស្ម័គ្រចិត្តដើម្បីសង្គម ឬចំណាយពេលវេលាដ៏មានតម្លៃដើម្បីធ្វើសកម្មភាពមនុស្សធម៌ជារឿងដែលមនុស្សទូទៅកោតសរសើរ ហើយទន្ទឹមនឹងការទទួលបានការកោតសរសើរពីអ្នកដទៃ វាក៏ជាកត្តាជំរុញផ្លូវចិត្តមួយដ៏ល្អប្រសើរផងដែរ។
លោក នឹម ឈុន្នី គ្រូបណ្តុះបណ្តាលផ្នែកសមាធិ បានលើកឡើងថា ការធ្វើសកម្មភាពមនុស្សធម៌ ជារឿងដ៏សំខាន់ដែលមនុស្សគ្រប់គ្នាគួរសាកល្បងអនុវត្ត ព្រោះវាមិនត្រឹមតែធ្វើឱ្យយើងរីករាយជាមួយនឹងអ្វីដែលយើងបានធ្វើប៉ុណ្ណោះទេ តែវាក៏ជាការចងចាំដ៏ល្អ និងជាកត្តាជំរុញទឹកចិត្តដ៏ខ្លាំងក្លាផងដែរក្នុងដំណើរជីវិត។ លោកថា បំណងក្នុងការធ្វើសកម្មភាពណាមួយដើម្បីសង្គម ដូចជាការធ្វើសកម្មភាពមនុស្សធម៌ជាដើម កើតឡើងនៅពេលយើងបានឃើញបញ្ហាសង្គម ឬបានឃើញបញ្ហាមួយដែលវាជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងដំណើរជីវិត។ ឧទាហរណ៍ជាក់ស្តែង ប្រសិនបើយើងធ្លាប់ជាកុមារម្នាក់ដែលទទួលបានការសង្គ្រោះពីមន្ទីរពេទ្យណាមួយ ឬមានសាច់ញាតិធ្លាប់ត្រូវបានជួយសង្គ្រោះដោយមន្ទីរពេទ្យណាមួយ បន្ទាប់មកយើងឃើញថា ស្ថាប័ននោះមានបញ្ហាហិរញ្ញវត្ថុ នៅពេលនោះ ភាគច្រើនយើងនឹងចង់ចូលរួមចំណែកដើម្បីដោះស្រាយបញ្ហានោះ។ សកម្មភាពក្នុងការចូលរួមចំណែកដើម្បីដោះស្រាយបញ្ហានេះ នឹងធ្វើឱ្យយើងមានអារម្មណ៍ថា បានតបស្នងដ៏ល្អ និងបន្តជំរុញឱ្យអ្នកដទៃផ្សេងទៀតទទួលបាននូវអត្ថប្រ-យោជន៍ ឬជាការចូលរួមបន្តជួយជីវិតអ្នកដទៃជាដើម។លោក នឹម ឈុន្នី បាននិយាយថា៖ “អារម្មណ៍នៃភាពរីករាយនេះ នឹងជំរុញឱ្យយើងខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងដំណើរជីវិតដើម្បីអភិវឌ្ឍជីវិត និងជីវភាពសម្រាប់បន្តជួយដល់គ្រប់ផ្នែកដែលយើងគិតថា មានតម្លៃសម្រាប់ការរស់នៅ។
ម្យ៉ាងវិញទៀត វាដូចជាបុព្វហេតុជីវិតមួយដែលធ្វើឱ្យជីវិតរបស់យើងមានន័យ ព្រោះការរស់នៅរបស់យើងមិនត្រឹមតែធ្វើដើម្បីតែភាពសុខសាន្តម្នាក់ឯងនោះទេ តែយើងបានប្រើប្រាស់ធានធាន និងទឹកចិត្តដើម្បីបង្កើតភាពរីករាយជាមួយមនុស្សជុំវិញខ្លួន”។
លោកឈុន្នី បានបន្តថា ប្រសិនបើអាច យើងគួរចាប់ផ្តើមធ្វើសកម្មភាពណាមួយដែលបង្ហាញពីចំណុចតស៊ូ ឬធ្វើរឿងលំបាកណាមួយដើម្បីប្រមូលផ្តុំមនុស្សឱ្យបានច្រើនសម្រាប់ធ្វើសកម្មភាពមនុស្សធម៌។ នៅពេលនោះ យើងនឹងឃើញថា ជីវិតរបស់យើងនឹងផ្លាស់ប្តូរកាន់តែប្រសើរ។ ជាក់ស្តែង សម្រាប់លោកគឺបានធ្វើសកម្មភាពរត់ចម្ងាយឆ្ងាយដើម្បីជួយដល់មន្ទីរពេទ្យជាដើម។ ការធ្វើបែបនេះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះមុនពេលចាប់ផ្តើម គឺត្រូវការហ្វឹកហាត់កាយសម្បទា ស្មារតី និងត្រូវត្រៀមច្រើនណាស់ ដើម្បីធានាថា ដល់ថ្ងៃបញ្ចេញសកម្មភាពពិតប្រាកដ នឹងមិនមានបញ្ហា។ ការត្រៀម ក៏ត្រូវការភាពអត់ធ្មត់ខ្លាំងផងដែរដោយត្រូវហ្វឹកហាត់ទាំងការរត់នៅក្រោមទឹកភ្លៀង ការរត់កណ្តាលថ្ងៃត្រង់ និងការតស៊ូជាមួយនឹងភាពអំណត់ផ្ទាល់ខ្លួន។ សកម្មភាពនេះ មិនត្រឹមតែអាចជួយដល់អ្នកដទៃបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការពង្រឹងស្មារតីឱ្យមានការតស៊ូក្នុងជីវិតផ្ទាល់ខ្លួនផងដែរ។
គ្រូបង្រៀនផ្នែកសមាធិ និងផ្លូវចិត្តខាងលើ បានលើកឡើងផងដែរថា ជាធម្មតានៅក្នុងដំណើរជីវិតរបស់យើងមានរឿងច្រើនណាស់ដែលជាឧបសគ្គ ខណៈពេលខ្លះ ឧបសគ្គទាំងអស់នោះធ្វើឱ្យយើងនឿយហត់ ឬស្ទើរតែបោះបង់ការតាំងចិត្តចោល តែនៅពេលនោះយើងនឹងនឹកឃើញពីការតស៊ូដែលយើងធ្លាប់ធ្វើបានជោគជ័យក្នុងសកម្មភាពមនុស្សធម៌របស់យើង ដោយធ្លាប់តស៊ូលំបាកគ្រប់បែបយ៉ាងដើម្បីឱ្យដល់គោលដៅ។ ពេលខ្លះបញ្ហាជីវិតមិនធ្ងន់ធ្ងរដូចយើងគិតពេកនោះទេ តែប្រសិនបើយើងគ្មានកម្លាំងចិត្ត ឬព្រឹត្តិការណ៍ណាមួយឱ្យយើងរំឭកទេនោះ យើងអាចគិតថា វាជារឿងធ្ងន់ធ្ងរ។ ផ្ទុយមកវិញ ប្រសិនបើយើងធ្លាប់តស៊ូលំបាកទាំងកម្លាំងកាយ និងការតស៊ូជម្នះឧបសគ្គដ៏ខ្លាំងក្លាក្នុងដំណាក់កាលណាមួយក្នុងជីវិត យើងអាចយករឿងនោះមកឆ្លុះបញ្ចាំងនៅពេលយើងជួបឧបសគ្គបាន។ នៅពេលនោះ យើងនឹងឃើញថា ឧបសគ្គដែលយើងកំពុងជួបប្រទះនេះ មិនធ្វើឱ្យយើងលំបាកខ្លាំង ឬនឿយហត់ខ្លាំងពេកទេសម្រាប់ជីវិត។
ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា ការធ្វើល្អ ជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត។ មនុស្សម្នាក់ៗសុទ្ធតែត្រូវឆ្លងកាត់សេចក្តីសុខ និងសេចក្តីទុក្ខមិនអាចចៀសផុតបាននោះទេ។ ពេលខ្លះយើងត្រូវជួបបញ្ហាស្មុគស្មាញដែលធ្វើឱ្យយើងបាក់ទឹកចិត្ត ឬបញ្ហាណាមួយធ្វើឱ្យយើងរកច្រកចេញមិនឃើញ ដែលធ្វើឱ្យវាក្លាយជារឿងធំសម្រាប់យើង។ ការរកច្រកចេញមិនឃើញនេះ ដោយសារតែយើងនៅត្រាំត្រែងតែក្នុងបញ្ហានេះយូរពេក ដែលធ្វើឱ្យរឿងតូចក្លាយជារឿងធំ ឬអ្នកខ្លះដល់ថ្នាក់សម្លាប់ខ្លួនក៏មាន។ ការធ្វើសកម្មភាពមនុស្សធម៌ ឬការធ្វើបុណ្យដល់អ្នកដទៃនេះ នឹងអាចជួយដល់ផ្លូវចិត្តបានយ៉ាងប្រសើរ។
ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា៖ “បើយើងកំពុងមានទុក្ខ ឬមានបញ្ហាក្នុងជីវិតយើងប្រាកដជាមិនចង់ជួបមនុស្ស ឃុំខ្លួនឯង ឬអង្គុយគិតមិនអស់ចិត្តលើរឿងទាំងអស់នោះ ដែលធ្វើឱ្យជីវិតកាន់តែស្មុគស្មាញ។ ហេតុនេះគួរសាកល្បងចេញមកក្រៅ ហើយធ្វើសកម្មភាពមនុស្សធម៌ ឬធ្វើល្អឱ្យបានច្រើន នៅពេលនោះយើងនឹងមានចិត្តរីករាយ។ ចិត្តរីករាយនេះហើយដែលជាចំណុចចាប់ផ្តើមល្អមួយក្នុងការដោះស្រាយវិបត្តិ ឬធ្វើឱ្យយើងមើលឃើញពីសារៈសំខាន់កាន់តែខ្លាំងក្នុងការរស់នៅរបស់យើង”។
ព្រះតេជគុណបន្តថា ពេលយើងមានទុក្ខ វាលំបាកណាស់ក្នុងការធ្វើឱ្យចិត្តរបស់យើងរីករាយ ឡើងវិញ តែប្រសិនបើការធ្វើល្អអាចធ្វើឱ្យចិត្តយើងរីករាយបាន នោះវាជាសញ្ញាណវិជ្ជមានមួយដែលធ្វើឱ្យយើងអាចដកឃ្លាពីបញ្ហាទាំងអស់នោះ។ នៅពេលយើងបានចេញរួចពីបញ្ហាមួយហើយ ហើយងាកទៅមើលវាវិញ យើងនឹងឃើញថា វាមិនមែនជារឿងធំពេកនោះទេ ហើយយើងអាចកំណត់បញ្ហាដោយស្ងប់ចិត្តដើម្បីដោះស្រាយប្រកបដោយថាមពល។ មនុស្សយើងម្នាក់ៗមានសមត្ថភាព និងថាមពលខ្លាំងក្លា តែស្ថានភាពល្អនេះ ភាគច្រើនកើតឡើងនៅពេលយើងមានអារម្មណ៍ល្អ និងរីករាយតែប៉ុណ្ណោះ។ ហេតុនេះការធ្វើល្អ មិនត្រឹមតែជួយដល់អ្នកដទៃប៉ុណ្ណោះទេ តែវាមានឥទ្ធិពលខ្លាំងផងដែរសម្រាប់ការរស់នៅរបស់សាមីមនុស្សម្នាក់ៗទៀតផង៕