ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ កម្ពុជាតែងតែត្រូវរងការវាយប្រហារដោយសារបញ្ហាធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះ និងជាពិសេស គឺបញ្ហាទឹកជំនន់។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវរងផលប៉ះពាល់យ៉ាងច្រើនទាំងបញ្ហាសុវត្ថិភាពនៃការរស់នៅ បញ្ហាសុខភាព និងត្រូវជម្លៀសចេញពីលំនៅឋាននៅពេលទឹកលេចសហគមន៍របស់ពួកគាត់តែម្តង។ ជាទូទៅគេសង្កេតឃើញថា ក្នុងចំណោមសហគមន៍ដែលរងគ្រោះទាំងអស់ តំបន់ដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺកន្លែងដែលមិនទទួលបានព័ត៌មានមុនពេលទឹកជំនន់ ដែលធ្វើឱ្យប្រជាជនខ្លះភៀសខ្លួនចេញពីលំនៅឋានមិនទាន់ ឬត្រូវទឹកជន់លិចដោយមិនដឹងខ្លួននៅពេលយប់ ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ កាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយលោក ទេព សុខា អនុប្រធានកម្មវិធីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៃអង្គការ People In Need ពាក់ព័ន្ធនឹងប្រព័ន្ធប្រកាសព័ត៌មានគ្រោះមហន្តរាយធម្មជាតិ 1294 (early warning 1294) ដែលជាប្រព័ន្ធផ្តល់ព័ត៌មានទៅគ្របតំ-បន់ដែលរងផលប៉ះពាល់ដោយសារហានិភ័យនៃគ្រោះធម្មជាតិដើម្បីឱ្យប្រជាជនបានដឹង និងត្រៀមខ្លួនដោះស្រាយទាន់ពេលវេលានៅពេលជួបគ្រោះធម្មជាតិជាក់ស្តែងកើតឡើង។
1. តើកម្មវិធីប្រកាសព័ត៌មានពីគ្រោះធម្មជាតិនេះកើតឡើងនៅឆ្នាំណា?
ហើយមូលហេតុអ្វីទើបបង្កើតកម្មវិធីនេះឡើង?
កម្មវិធីផ្តល់ព័ត៌មានជាមុន ឬប្រព័ន្ធប្រកាសព័ត៌មានគ្រោះធម្មជាតិនេះត្រូវបានអង្គការ People In Need បង្កើតសាកល្បងនៅក្នុងឆ្នាំ2013 ដោយកាលណោះយើងអនុវត្តនៅក្នុងភូមិចំនួន3ក្នុងខេត្តពោធិ៍សាត់។ រហូតមកដល់បច្ចុប្បន្ននេះយើងបានគ្រប់ដណ្តប់លើ 21ខេត្តក្រុងហើយ លើកលែងតែ 4ខេត្តក្រុងទៀតប៉ុណ្ណោះ គឺខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលមិនទាន់មានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ។ ទោះជាយ៉ាងនេះក្តី តាមគម្រោង គឺនឹងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនៅពាក់កណ្តាលឆ្នាំ2020 ខាងមុខនេះ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ គឺគ្រោងនឹងបញ្ចប់ការដំឡើងនៅចុងខែធ្នូនេះ។
គោលបំណងសំខាន់របស់យើងគឺ យើងចង់ជួយប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ឱ្យត្រៀមខ្លួនឱ្យបានល្អ ដើម្បីទប់ទល់ជាមួយនឹងគ្រោះធម្មជាតិ។ ដូចយើងដឹងហើយថា គ្រោះធម្មជាតិពេលខ្លះវាកើតឡើងភ្លាមៗ ដែលធ្វើឱ្យយើងជួបបញ្ហាធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានដឹងមុន។ មានតំបន់ខ្លះ កន្លងមកយើងឃើញថា ជួនកាលទឹកជន់ឡើងកណ្តាលអធ្រាត្រ ដែលធ្វើឱ្យអ្នករស់នៅតំបន់នោះជម្លៀសមិនទាន់ ឬមានបញ្ហាប្រឈមធ្ងន់ធ្ងរ ទម្រាំអាជ្ញាធរទៅជួយបាន។ ហេតុនេះប្រសិនបើគាត់បានដឹងមុនថា 2ថ្ងៃ ឬបានដឹងថា ក្នុងរយៈពេលណាមួយខាងមុខនេះនឹងមានទឹកជំនន់កើតឡើងនោះ គាត់នឹងអាចត្រៀមខ្លួនដោះស្រាយបញ្ហាបានទាន់ពេលវេលា។
2. តើកម្មវិធីនេះដំណើរការដោយប្រើបច្ចេកវិទ្យា និងវិធីណាខ្លះ?
កម្មវិធីនេះដំណើរការដោយការប្រើប្រាស់បច្ចេកវិទ្យាភ្ជាប់ជាមួយនឹងប្រព័ន្ធទូរស័ព្ទ។ អង្គការ People In Need បានរៀបចំឱ្យមានកម្មវិធីនេះដោយមានការគាំទ្រ និងទំនាក់ទំនងល្អជាមួយនឹងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហេតុនេះយើងមានភាពងាយស្រួលក្នុងការធ្វើការងារ ដោយយើងបានដាក់ឧបករណ៍ Sensor នៅតាមតំបន់នានាដើម្បីវាស់កម្ពស់ទឹក សម្រាប់តាមដានពីបញ្ហាទឹកជំនន់។ Sensor ទាំងអស់នោះនឹងធ្វើបច្ចុប្បន្នភាពនៃកម្ពស់ទឹកមកកន្លែងគ្រប់គ្រងព័ត៌មានរៀងរាល់ 15នាទីម្តង ដែលធ្វើឱ្យយើងងាយដឹងព័ត៌មានទុកជាមុន។
បន្ទាប់ពីទទួលបានព័ត៌មានហើយ យើងបានផ្តល់ឧបករណ៍ទៅរដ្ឋបាលខេត្ត ដោយសហការជាមួយនឹងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីឱ្យពួកគាត់ជួយធ្វើជាអ្នកផ្សាយព័ត៌មាន។ យើងបានផ្តល់ជាឧបករណ៍ដូចជាកុំព្យូទ័រ ឧបករណ៍ថតសំឡេង និងឧបករណ៍ផ្សេងៗទៀត ដើម្បីឱ្យគាត់ផ្សាយចេញទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះនៅក្នុងតំបន់របស់គាត់ ពាក់ព័ន្ធនឹងបញ្ហាគ្រោះធម្មជាតិដែលនឹងកើតឡើងនៅក្នុងតំបន់របស់គាត់។
សិទ្ធិក្នុងការសម្រេចចិត្តផ្សាយ ឬផ្ញើសារជាសំឡេងនេះ គឺស្ថិតនៅលើអភិបាលខេត្តនីមួយៗ មានន័យថា នៅពេលមានគ្រោះមហន្តរាយម្តងៗ អង្គការ People In Need អាចនឹងផ្តល់ព័ត៌មានជូនពួកគាត់ ឬគណៈអភិបាលខេត្ត អាចនឹងធ្វើការប្រជុំជាមួយនឹងមន្ទីរធនធានទឹក និងភាគីពាក់ព័ន្ធផ្សេងៗទៀត មុននឹងផ្សាយចេញទៅលេខទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
3. តើការផ្ញើសារនេះមានប្រសិទ្ធភាពប៉ុនណាសម្រាប់ប្រជាពលរដ្ឋនៅគ្រប់តំបន់?
ដូចយើងបានដឹងហើយថា ការផ្សព្វផ្សាយជាផ្នែកមួយយ៉ាងសំខាន់ ហើយគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សុទ្ធតែសំខាន់ ដូចជាវិទ្យុ ទូរទស្សន៍ ឬបណ្តាញផ្សេងៗទៀត តែពេលខ្លះនៅតំបន់ជនបទ មិនប្រាកដថា គាត់បានស្តាប់គ្រប់គ្នានោះទេ។ ហេតុនេះយើងយល់ឃើញថា ប្រជាជននៅគ្រប់តំបន់សុទ្ធតែមានទូរស័ព្ទប្រើប្រាស់ ទាំងទូរស័ព្ទទំនើប និងទូរស័ព្ទធម្មតា។ ហេតុនេះយើងក៏ប្រើប្រាស់វិធីសាស្រ្តផ្ញើសារជាសំឡេងតាមរយៈប្រព័ន្ធទូរស័ព្ទ 1294 ដើម្បីឱ្យគាត់បានដឹងមុន។
នៅពេលទូរស័ព្ទរបស់គាត់ឃើញការហៅចូល (Call) ពីលេខ 1294 គាត់នឹងដឹងថា តំបន់របស់គាត់នឹងមានបញ្ហា។ ក្រោយពេលគាត់ចុចទទួលនឹងមានសារជាសំឡេងដែលបង្ហាញពីកម្ពស់ទឹក ឬបញ្ហាត្រូវប្រុងប្រយ័ត្ននានា តែប្រសិនបើគាត់រវល់ ឬនៅឆ្ងាយពីទូរស័ព្ទ ប្រព័ន្ធនេះនឹងទាក់ទងទៅគាត់រៀងរាល់ 15នាទីម្តង ចំនួន 3ដងទើបឈប់។
4. តើប្រជាពលរដ្ឋ អាចចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះដោយវិធីណាខ្លះ?
សម្រាប់ការចុះឈ្មោះ គឺមានភាពងាយស្រួលណាស់ អ្នកទាំងអស់គ្នាអាចសាកល្បងចុចទៅលេខ 1294 នឹងមានឮសំឡេងណែនាំឱ្យដឹងពីវិធីចុះឈ្មោះ។ ក្រោយស្តាប់ឮសំឡេងនោះហើយ គ្រាន់តែចុចបន្ត នឹងអាចចុះឈ្មោះបានហើយ។ ឧទាហរណ៍ យើងនៅតំបន់ណា ខេត្តណា យើងត្រូវចុចតាមការណែនាំនោះ ក្រោយពេលចុចខេត្តហើយ គេនឹងសួរយើងបន្ត ឱ្យយើងជ្រើសរើសស្រុក និងឃុំមុននឹងបញ្ចប់ការចុះឈ្មោះ។ គ្រាន់តែចុះឈ្មោះតាមការណែនាំនោះ យើងនឹងអាចទទួលបានព័ត៌មាននៅតំបន់ដែលយើងកំពុងរស់នៅ ឬតំបន់ដែលឪពុកម្តាយ ក្រុមគ្រួសាររបស់យើងរស់នៅក៏បាន។ រាល់ការចុះឈ្មោះ និងទទួលព័ត៌មាន គឺមិនគិតថ្លៃនោះទេ។
5. តើមូលហេតុអ្វី បានជាប្រើប្រាស់លេខ 1294 នេះ?
មូលហេតុដែលយើងប្រើប្រាស់លេខ 1294 នេះ គឺដោយសារតែយើងបានស្នើសុំទៅខាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ទាប់មកលោកក៏បានទំនាក់ទំនងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទទួលបានលេខខ្លីមួយសម្រាប់ប្រើប្រាស់។ ក្រោយទទួលបានការស្នើសុំ ក្រសួងប្រៃសណីយ៍ ក៏បានផ្តល់លេខមួយខ្សែនេះដល់យើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងមនុស្សធម៌។ បច្ចុប្បន្ននេះ លេខ 1294 ទទួលបានការជួយគាំទ្រ និងប្រើប្រាស់ដោយឥតគិតថ្លៃពីក្រុមហ៊ុនទូរស័ព្ទចំនួន3 គឺក្រុមហ៊ុន Smart, ក្រុមហ៊ុន CamGSM ឬប្រព័ន្ធ Cellcard និងក្រុមហ៊ុន Viettel ឬយើងស្គាល់ថាជាប្រព័ន្ធ Metfone ហ្នឹងឯង។
6. តើលោកមានមតិផ្តាំផ្ញើ និងសារអ្វីខ្លះសម្រាប់សាធារណជន?
ជាសាររបស់ខ្ញុំ គឺខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ឬអ្នកដែលបានទទួលព័ត៌មានពីកម្មវីធីផ្តល់ព័ត៌មានទុកជាមុនពីគ្រោះធម្មជាតិនេះ ជួយផ្សព្វផ្សាយ និងណែនាំឱ្យប្រជាពលរដ្ឋ ឬក្រុមគ្រួសាររបស់ខ្លួនបានប្រើប្រាស់ផង ដើម្បីជាប្រយោជន៍សម្រាប់ត្រៀមខ្លួនចៀសឱ្យផុតពីគ្រោះមហន្តរាយ។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈអភិបាលខេត្ត និងម្ចាស់ជំនួយទាំងអស់ដែលបានគាំទ្រដល់កម្មវិធីនេះដើម្បីជួយប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ បច្ចុប្បន្ននេះគណៈកម្មការទន្លេមេគង្គ ក៏កំពុងសិក្សាពីគំរូដែលធ្វើនៅកម្ពុជានេះ ដើម្បីជួយដល់បណ្តាប្រទេសដទៃទៀតផងដែរនៅតំបន់ទន្លេមេគង្គដើម្បីចៀស ឬត្រៀមខ្លួនទុកជាមុនដើម្បីគេចចេញពីគ្រោះមហន្តរាយធម្មជាតិ៕