ភ្នំពេញៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនៅចុងឆ្នាំនេះ ដែលនេះជាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី8 កក្កដានេះថា តាមគម្រោងការសាងសង់ផ្លូវនេះនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក។
លោកបន្តថា ផ្លូវប្រវែង 190គីឡូម៉ែត្រនេះ គ្រោងនឹងចំណាយថវិកាសាងសង់ចំនួន 1900លានដុល្លារអាមេរិក។ ផ្លូវនេះជាប្រភេទផ្លូវល្បឿនលឿន ដែលមានគន្លងរថយន្តអាចបើកបរបានពីរខ្សែទាំងទៅទាំងមក។ បច្ចុប្បន្នផ្លូវជាតិលេខ4 ចង្អៀតហើយ ហេតុនេះការវិនិយោគលើផ្លូវនេះគឺពិតជាដំណោះស្រាយដ៏ល្អមួយសម្រាប់សម្រួលដល់ការដឹកជញ្ជូន កាត់បន្ថយពេលវេលាលើការធ្វើដំណើរ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ខេត្តព្រះសីហនុជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិ ហេតុនេះការសាងសង់ផ្លូវនេះនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោក សូរិយា ក៏បានបញ្ជាក់ផងដែរថា នៅពេលផ្លូវនេះសាងសង់ចប់នឹងមិនមានចំណុចឆ្លងកាត់ច្រើននោះទេ ហើយម៉ូតូតូចៗមិនអាចបើកបរបានឡើយ ពិសេសនឹងមានការបិទរបង ដែលមិនអាចឲ្យសត្វពាហនៈឆ្លងកាត់បានឡើយ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់ណាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះប្រសិនជាចង់ឲ្យសេដ្ឋកិច្ចយើងរីកចម្រើនបន្ថែមទៀត យើងត្រូវបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែង ប៉ុន្តែទាមទារឲ្យមានការបង្កើនល្បឿនវិនិយោគបន្ថែមទៀត។
លោកបន្តថា “ប្រសិនជាមិនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេ សេដ្ឋកិច្ចរបស់យើងនឹងនៅតែប៉ុណ្ណឹង ដូច្នេះដើម្បីសេដ្ឋកិច្ចយើងរីកចម្រើន និងឈានទៅដំណាក់កាលថ្មី ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារឿងដែលមិនអាចខ្វះបាន”៕