នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ នេះ គេឃើញថា តារាសម្ដែង និងបង្ហាញម៉ូដល្បីឈ្មោះជាច្រើននាក់រួមមាន កញ្ញា យ៉ែម ស្រីពេជ្រ កញ្ញា ជីមី អ្នកនាង ចន ច័ន្ទលក្ខិណា បវរកញ្ញា សំណាង អេលីណា និងតារាផ្សេងទៀត នាំគ្នាមកបង្អួតសម្រស់អំពីប្រ៊េនកូនខ្មែរយីហោម៉ាក SL ។
ជួបជាមួយអ្នកសារព័ត៌មានឡារ៉ែន តារារាងតូចច្រលឹងសម្បុរសស្រអែម យ៉ែម ស្រីពេជ្រ បានប្រាប់ថា នាងមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ខណៈបានឃើញប្រ៊េនផលិតស្បែកជើង និងកាបូបរបស់កូនខ្មែរដែលមានយីហោឈ្មោះ SL បានលេចឡើងមកប្រកបដោយគុណភាព និងកំពុងប្រកួតប្រជែងជាមួយផលិតផលនាំចូលពីក្រៅស្រុក។ នាងថា នាងគាំទ្រយ៉ាងពេញទំហឹងចំពោះផលិតផលខ្មែរមួយនេះ ដោយសារតែតម្លៃសមរម្យ និងភាពធន់របស់ផលិតផល។ នាងបន្ដថា ទាំងម្ចាស់ប្រេន និង សិល្បការិនីចូលរួម សុទ្ធតែទទូចឱ្យអាជីករធំៗ ចំណាយទុនបង្កើតប្រេនជារបស់ខ្មែរ ជាជាងចំណាយទុនចែកចាយតែផលិតផលដែលជាប្រេនរបស់បរទេស ធ្វើឱ្យប្រេ៊នផលិតបរទេសកាន់តែឈានឡើង។ បើក្រុមពាណិជ្ជករខ្មែរចេះបង្កើតប្រេ៊នដោយខ្លួនឯងយ៉ាងមានគុណភាព ពោលគឺខ្មែរកំពុងពង្រឹងទីផ្សារផលិតផលជាប្រេ៊នរបស់ខ្មែរពិត និងធ្វើឱ្យបរទេសបានទទួលស្គាល់ពីគុណភាពរបស់ផលិតផលខ្មែរ។
ងាកមកដឹងពីចំណាប់អារម្មណ៍ម្ចាស់ប្រ៊េនជាកូនខ្មែរគឺ លោកស្រី ទៀង ស្រីលក្ខណ៍ ម្ចាស់ក្រុមហ៊ុន SL Footwear ជាម្ចាស់ប្រេន SL របស់ខ្មែរ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកស្រីយល់ថា វាដល់ពេលហើយ ដែលខ្មែរ គួរតែមានផលុតផលជាម៉ាកយីហោរបស់ខ្លួន ទើបលោកស្រីសម្រេចបោះទុនប្រមាណ២០ម៉ឺនដុល្លារ ដើម្បីផលិតម៉ាកយីហោមួយនេះ និងបើកហាងលក់ផលិតផលស្បែកជើង និងកាបូប ដែលជាម៉ាកដែលខ្មែរបង្កើតដោយផ្ទាល់ដៃ។ អ្នកស្រីថាមិនខ្លាចប្រឈមរឿងខ្វះការគាំទ្រនោះទេ ដោយសារតែម៉ាកយីហោដែលលោកស្រីបង្កើតឡើងដើម្បីឱ្យក្នុងស្រុកមានផលិតផលជាម៉ាកយីហោរបស់ខ្មែរចរាចរនេះ ក្រុមហ៊ុនលោកស្រី មានអ្នកជំនាញច្បាស់លាស់ក្នុងការឌីហ្សាញចេញម៉ូត និង មានអ្នកឯកទេសត្រួតពិនិត្យគុណភាព ដោយមានការទទួលស្គាល់ពីអ្នកវាតតម្លៃគុណភាព៕