ក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ប្រទេសវៀតណាម បានទទួលមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន ក្រោយពីយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល 1ទល់នឹង0។ ក្នុងក្រុមជម្រើសជាតិនារីវៀតណាមនោះ មានកីឡាការិនីកូនខ្មែរកម្ពុជាក្រោមមួយរូបឈ្មោះ ជឿង ធី កែវ (Chương Thị Kiều) បានរួមចំណែកយ៉ាងសកម្មក្នុងការជួយក្រុមរបស់គេឱ្យទទួលបានមេដាយមាសនេះផងដែរ។
កីឡាការិនីវ័យ 24ឆ្នាំមានដើមកំណើតនៅស្រុកអំពាចវែង ខេត្តក្រមួនស ឬហៅថាស្រុក Go Quao ខេត្តកៀងយ៉ាង។ ធី កែវ ចាប់ផ្ដើមស្រឡាញ់ចូលចិត្តបាល់ទាត់កាលពីអាយុ 11ឆ្នាំ ដោយទទួលឥទ្ធិពលពីឪពុកដែលជាអតីតកីឡាករប្រចាំខេត្តក្រមួនសផ្ទាល់តែម្ដង និងមានក្ដីសុបិនចង់ក្លាយជាជម្រើសជាតិ។ នៅពេលអាយុបាន 15ឆ្នាំ នាងបានចូលហ្វឹកហាត់នៅក្លិប Ho Chi Minh City ហើយដោយសារមានកាយសម្បទា និងភាពឆ្លាតវៃផងនោះ ធីកែវ បានជាប់ជម្រើសជាតិនារីនៅឆ្នាំ2011 ពេលមានវ័យ 16ឆ្នាំ។
គួរបញ្ជាក់ផងដែរថា មុនឈ្នះមេដាយមាសនៅឆ្នាំ2019 នេះ កីឡាការិនីបាល់ទាត់ ធី កែវ ក៏បានរួមចំណែកជួយឱ្យជម្រើសជាតិនារីវៀតណាម ទទួលបានមេដាយប្រាក់ស៊ីហ្គេមម្ដងរួចមកហើយកាលពីឆ្នាំ2013ផងដែរ៕