កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា អាយុក្រោម 20ឆ្នាំ បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន 20រូបចុងក្រោយមកហើយ ដែលកីឡាករទាំងអស់នោះសុទ្ធសឹងជាកីឡាករអាយុក្រោម 19ឆ្នាំទាំងអស់ ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ BTV International Football Tournament Cup នៅប្រទេសវៀតណាមហើយ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ខាងលើនេះ គឺជាពានរង្វាន់ក្រៅផ្លូវការមួយ ដែលរៀបចំជារៀងរាល់ឆ្នាំដោយក្លិប Becamex Binh Doung ហើយក្រុមដែលចូលរួមប្រកួតក្នុងពាននេះ មានក្រុមយុវជនជម្រើសជាតិអាយុក្រោម 20ឆ្នាំ មកពីប្រទេសចំនួន3 គឺមីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងក្រុមបាល់ទាត់ឈុតធំ គឺក្លិប Becamex Binh Doung ដែលជាក្លិបលេងនៅលីកកំពូលរបស់វៀតណាម។
ការប្រកួតនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី14 ដល់ថ្ងៃទី18 ខែធ្នូ ឆ្នាំ2019 ក្នុងនោះ U20 វៀតណាមនឹងប៉ះជាមួយក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំ កម្ពុជា នៅថ្ងៃទី15 ខែធ្នូ ឆ្នាំ2019 វេលាម៉ោង 6ល្ងាចនៅកីឡដ្ឋាន Binh Duong ខេត្តប៊ិនដុង ប្រទេសវៀតណាម ហើយក្រុមឈ្នះនឹងឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់មួយនេះតែម្ដង ខណៈដែលក្រុមចាញ់ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ3៕