ថ្វីដ្បិតតែគ្រប់គ្នាសុទ្ធតែដឹងហើយថា សមត្ថភាពរបស់បុគ្គលិកក្នុងការធ្វើការងារ គឺជារឿងសំខាន់សម្រាប់ក្រុមហ៊ុន តែការបណ្តុះបណ្តាលបុគ្គលិករឹតតែមិនមែនជារឿងងាយស្រួលទៅទៀត។ បុគ្គលិកទាំងអស់មិនប្រាកដថាសុទ្ធតែចង់ទទួលបានការបណ្តុះបណ្តាលនោះទេ ហើយគ្រប់ការបណ្តុះបណ្តាលក៏មិនសុទ្ធតែទទួលបានការចាប់អារម្មណ៍ទាំងអស់ដែរ។
លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញគណនេយ្យ និងទីផ្សារ បានលើកឡើងថា បញ្ហាដែលធ្វើឱ្យបុគ្គលិកមិនចង់ទទួលយកការបណ្តុះបណ្តាល ភាគច្រើនបណ្តាលមកពីពួកគេមិនបានឃើញពីលទ្ធផល ឬមើលមិនដឹងពីផលប្រយោជន៍សំខាន់នៃការបណ្តុះបណ្តាលនោះចំពោះការងារ។ ដើម្បីទាក់ទាញឱ្យបុគ្គលិកខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ឬចូលរួមវគ្គបណ្តុះបណ្តាល ស្ថាប័នមួយចំនួនគេបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកដោយឧបត្ថម្ភប្រាក់លើកទឹកចិត្តបន្ថែមតាមសមត្ថភាពការងារជាក់ស្តែង (KPI-Key Performance Indicator)។
ដើម្បីទទួលបានការឧបត្ថម្ភបន្ថែមច្រើន ឬដើម្បីទទួលបានពិន្ទុ KPI ខ្ពស់ បុគ្គលិកត្រូវតែបំពេញលក្ខខណ្ឌនានាដែលកំណត់ដោយផ្នែកធនធានមនុស្ស។ ហេតុនេះប្រសិនបើបុគ្គលិកណាម្នាក់មិនទទួលយកការបណ្តុះបណ្តាល ឬមិនខិតខំប្រឹងប្រែងរៀនសូត្រ គាត់នឹងមិនអាចបំពេញលក្ខខណ្ឌរបស់ស្ថាប័ននោះបានទេ ដែលធ្វើឱ្យការលើកទឹកចិត្តរបស់គាត់ក៏មានកម្រិតទៅតាមនោះដែរ។
លោកបណ្ឌិត គា បូរ៉ា បាននិយាយថា៖ “កាលណាយើងបង្ហាញឱ្យបុគ្គលិកឃើញច្បាស់លាស់ពីលទ្ធផលចុងក្រោយនៃការបណ្តុះបណ្តាល នោះបុគ្គលិកនឹងមានកម្លាំងជំរុញខ្លាំង ព្រោះគាត់ដឹងច្បាស់ថា ក្រោយបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាល ហើយអភិវឌ្ឍការងារបានល្អ គាត់នឹងទទួលបានទាំងសមត្ថភាពការងារខ្ពស់ និងការលើកទឹកចិត្តពីស្ថាប័នជាដើម”។
អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា ចំណុចនេះអាចជាចំណុចល្អមួយដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យខ្លាំងសម្រាប់ត្រៀមធ្វើការងារ និងអភិវឌ្ឍក្រុមហ៊ុន។ ក្រៅពីនេះ ក្រុមហ៊ុនខ្លះក៏គេបង្កើតជាក្រុម Talent group ឬអាចហៅបានថា ជាក្រុមអ្នកមានទេពកោសល្យខ្ពស់ៗ ដើម្បីត្រៀមខ្លួនចូលទៅជំនួស ឬបំពេញផ្នែកសំខាន់ៗនៅថ្ងៃអនាគត។ ក្រុមនេះក៏អាចជាក្រុមគោលដៅសំខាន់ផងដែរ ដើម្បីធ្វើឱ្យស្ថាប័នពោរពេញទៅដោយមនុស្សពូកែ ហើយភាគច្រើនក្រុម Talent Group ជាក្រុមដែលមានការអភិវឌ្ឍលឿនជាងគេ ព្រោគាត់មានទឹកចិត្តខ្លាំងក្នុងការទទួលយកការអប់រំ។ កត្តាដែលធ្វើឱ្យគាត់មានសម្ទុះខ្លាំងលើផ្នែកផ្សេងៗនោះ ដោយសារតែគាត់ដឹងច្បាស់ថា អនាគតទៅគាត់នឹងស្ថិតក្នុងផ្នែកល្អណាមួយនៅក្នុងស្ថាប័ន។
លោក ស៊ូ សាវឿន អ្នកនិពន្ធ និងជាអ្នកជំនាញបណ្តុះបណ្តាល បានលើកឡើងថា បញ្ហាសំខាន់ដែលធ្វើឱ្យបុគ្គលិកមិនចង់ទទួលយកការអប់រំដើម្បីអភិវឌ្ឍសមត្ថភាព ដោយសារតែពួកគាត់មិនដឹងច្បាស់ពីកម្មវិធី និងគោលបំណងលម្អិតនៃកម្មវិធីទាំងអស់នោះ។ បញ្ហាខ្លះកើតឡើងដោយសារតែអ្នកគ្រប់គ្រងរបស់គាត់មិនមានវិធីក្នុងការបង្ហាញពីចំណុចខ្វះខាត រួមទាំងចំណុចដែលបុគ្គលិកត្រូវអភិវឌ្ឍ។ ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងដែលបញ្ជូនបុគ្គលិកទៅសិក្សានោះចាំបាច់ត្រូវតែដឹងឱ្យច្បាស់ និងលម្អិតពីវគ្គសិក្សានីមួយៗដើម្បីធានាថា វគ្គទាំងអស់នោះនឹងឆ្លើយតបជាមួយនឹងចំណុចចាំបាច់របស់បុគ្គលិករបស់ខ្លួនកម្រិតណា។ ក្រោយពេលដឹងច្បាស់ហើយ គាត់ក៏ត្រូវមានវិធីក្នុងការពន្យល់ណែនាំ និងបញ្ចុះបញ្ចូលបុគ្គលិកម្នាក់ៗឱ្យដឹងច្បាស់ថា ក្រោយពេលបណ្តុះបណ្តាលពួកគេនឹងអាចអភិវឌ្ឍលើផ្នែកណាខ្លះ ហើយអនាគតទៅសមត្ថភាពទាំងអស់នោះនឹងជួយបុគ្គលិកឱ្យទៅដល់ផ្នែកណាខ្លះនៃក្រុមហ៊ុន ឬអភិវឌ្ឍបានល្អដូចម្តេចខ្លះក្នុងទីផ្សារការងារទូទៅ។
លោក ស៊ូ សាវឿន បាននិយាយថា៖ “នៅពេលក្រុមហ៊ុនបញ្ជូនបុគ្គលិកទៅសិក្សា ឬបង្កើតវគ្គបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន ចាំបាច់ត្រូវតែសិក្សាឱ្យបានច្បាស់ថា អ្វីជាតម្រូវការពិតប្រាកដរបស់បុគ្គលិក មិនមែនចេះតែបញ្ជូនឱ្យទៅរៀននោះទេ។ ម្យ៉ាងវិញទៀត គួរបញ្ជាក់ឱ្យបានច្បាស់នូវរយៈពេលនៃមុខវិជ្ជានីមួយៗ និងអត្ថន័យមួយចំនួននៃការបណ្តុះបណ្តាលដើម្បីឱ្យបុគ្គលិកបានដឹង និងចាប់អារម្មណ៍ទុកជាមុនសិន”។
លោកសាវឿន បានបញ្ជាក់ផងដែរថា សមត្ថភាពរបស់អ្នកបង្រៀនក៏ជាផ្នែកមួយផងដែរចំពោះការទាក់ទាញបុគ្គលិកឱ្យចូលសិក្សាវគ្គនីមួយៗ ព្រោះកាលណាអ្នកបណ្តុះបណ្តាលមិនមានភាពទាក់ទាញ ឬការបណ្តុះបណ្តាលមិនឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងរបស់បុគ្គលិក នោះពួកគេនឹងកាន់តែរារែក ហើយមិនចង់បន្តវគ្គផ្សេងៗទៀតនៅថ្ងៃក្រោយ។
ហេតុនេះប្រសិនបើស្ថាប័នគិតគូរលើចំណុចល្អិតៗទាំងអស់នេះ ស្ថាប័នទាំងមូលនឹងអាចទទួលបានធនធានមនុស្សល្អៗបន្ថែមជាលំដាប់ ព្រោះបុគ្គលិកចាស់ក៏ចាប់ផ្តើមខ្លាំង ហើយបុគ្គលិកថ្មីៗក៏អាចនឹងចាប់អារម្មណ៍ក្នុងការចូលរួមអភិវឌ្ឍខ្លួនក្នុងស្ថាប័នរបស់យើងដែរ៕