ជំងឺព្រិលភ្នែក ឬភ្នែកមើលមិនច្បាស់ គឺជាចំណុចរំខានមួយក្នុងជីវិតរបស់អ្នក មិនមានអ្នកណាម្នាក់ចង់កើតមានអាការព្រិលភ្នែកនេះនោះទេ។ ប៉ុន្តែមនុស្សមួយចំនួនមិនអាចទប់ស្កាត់វាបានឡើយ ដោយសារតែការធ្វេសប្រហែស មិនបានថែរក្សាភ្នែកបានល្អ ឬមិនបានចាប់អារម្មណ៍លើបញ្ហាទាំងនេះ។ ដូច្នេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបមិត្តអ្នកអានថា អ្នកត្រូវចេះការពារភ្នែករបស់ខ្លួនឯងឱ្យបាន ចៀសវាងការស្តាយក្រោយនៅពេលដែលមីញ៉ូបភ្នែកបាត់ទៅហើយ ឬភ្នែកមើលលែងច្បាស់ជាដើម។ ពេលខ្លះការដែលខូចភ្នែកបាត់ទៅហើយនេះ អ្នកខ្លះរហូតដល់ត្រូវវះកាត់ ឬការព្យាបាលយ៉ាងធ្ងន់ធ្ងរពីមន្ទីរពេទ្យទៀតផង ដូច្នេះវាមិនមែនជារឿងលេងសើចនោះទេ ដែលត្រូវបណ្តោយឱ្យភ្នែករបស់អ្នកទៅជាព្រិល។ ជាបទពិសោធខ្លះៗ ក៏ដូចជាដំបូន្មានមួយចំនួន យើងចង់ឱ្យអ្នកទាំងអស់គ្នាចេះរក្សាសុខភាពភ្នែកឱ្យបានល្អជាប្រចាំ។ អ្នកត្រូវផ្ដល់ឱ្យកែវភ្នែករបស់អ្នកនូវសារធាតុបំប៉នគ្រប់គ្រាន់ ដោយការទទួលទានអាហារប្រចាំថ្ងៃរបស់អ្នក។ ភ្នែកព្រិលដោយសារអ្នកខ្វះជីវជាតិ វីតាមីន A, E, C និងជាតិស័ង្កសីជាដើម។ ដូច្នេះចំពោះរបបអាហារដែលអ្នកត្រូវផ្ដោតសំខាន់ និងជ្រើសយកតែអាហារណាដែលមានជីវជាតិជំនួយដល់ភ្នែក ដូចជា ទទួលទានមើមការ៉ុត ម្ទេសប្លោក បន្លែបៃតង ដូចជា កូនស្ពៃជាដើម។ ជីវជាតិផ្សេងទៀតក៏បានពីការទទួលទានត្រីផងដែរ ដូច្នេះសូមព្យាយាមទទួលទានត្រីឱ្យបានច្រើនជាងសាច់ដទៃទៀត។
ខាងក្រោមនេះគឺជាជំងឺព្រិលភ្នែក ដែលប្រឈមចំពោះសុខភាពរបស់អ្នក ហើយដែលអ្នកកំពុងជួបប្រទះនឹងបញ្ហាដូចខាងក្រោមនេះ ៖
1. ជំងឺភ្នែកឡើងបាយ
អ្នកកំពុងមានការវិវឌ្ឍនៃជំងឺភ្នែកឡើងបាយ ដែលកើតមានឡើងតាមវ័យ ដោយសារកញ្ចក់នៅខាងមុខភ្នែកក្លាយជាព្រិល និងរារាំងពន្លឺចូលទៅរ៉េទីន ហើយតែងធ្វើឱ្យអ្នកមើលមិនសូវច្បាស់។ ជំងឺភ្នែកឡើងបាយមនុស្សចាស់ ចាប់ពីអាយុ45ឆ្នាំឡើងទៅ។ ការវះកាត់ភ្នែកឡើងបាយអាចធ្វើឡើងយ៉ាងសាមញ្ញ បន្ទាប់ពីបានពិនិត្យដោយឧបករណ៍ចក្ខុសាស្ត្រនានានៅតាមមន្ទីរពេទ្យភ្នែក ដោយគ្រូពេទ្យឯកទេស។ក្រោយពីវះកាត់បកបាយភ្នែកចេញហើយ គេដាក់បញ្ចូលកែវភ្នែកសិប្បនិម្មិតជំនួសកែវភ្នែកធម្មជាតិ ដើម្បីឱ្យអ្នកជំងឺអាចមើលឃើញឡើងវិញ។ ការវះកាត់ពុំមានការឈឺចាប់នោះទេ និងចំណាយពេលតែ15ទៅ20នាទីតែប៉ុណ្ណោះ។
2. ជំងឺទឹកដក់ក្នុងភ្នែក
ទឹកដក់ក្នុងភ្នែកមិនមែនមានន័យថា ទឹកមកដក់ជាប់នៅក្នុងភ្នែកនោះទេ គ្រាន់តែវាជាឈ្មោះជំងឺមួយប្រភេទ តែរងនូវការប៉ះពាល់ឈានទៅដល់ដំណាក់កាលពិការភ្នែកបាន ប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ ជំងឺប្រភេទនេះបានបំផ្លាញសរសៃប្រសាទភ្នែកដែលបង្កឡើងដោយមូលហេតុជាច្រើនធ្វើឱ្យសម្ពាធទឹកក្នុងភ្នែកកើនឡើងខ្ពស់ ម្យ៉ាងទៀតធ្វើឱ្យធ្លាខ្សែភ្នែកខូច ឬរួមតូចបន្តិចម្ដង។ ករណីនេះភាគច្រើនកើតមានចំពោះអ្នកដែលមានអាយុពី40ឆ្នាំឡើងទៅ តែកត្ដាខ្លះក៏អាចកើតមានលើអ្នកដែលមានអាយុទាបជាងនេះផងដែរ។
3. បញ្ហាភ្នែកមីញ៉ូប
សម្រាប់ក្មេង ឬមនុស្សវ័យជំទង់តែងមានអាការព្រិល ឬស្រវាំងភ្នែក ពេលមើលឆ្ងាយ ដែលផ្ទុយពីមនុស្សចាស់ ដែលតែងពិបាកមើលជិតៗវិញ។ ភ្នែកមីញ៉ូបមិនអាចមើលឆ្ងាយបានច្បាស់ តែបើមើលជិតគឺឃើញច្បាស់ ដោយសាររូបភាពមកផ្ដុំគ្នានៅមុខសរសៃបាតភ្នែក(រ៉េទីន)។ ការចាំងពន្លឺក៏ជាមូលហេតុមួយធ្វើឱ្យភ្នែកមិនអាចចាប់ពន្លឺបានច្បាស់ និងនាំឱ្យភ្នែកចុករោយក្ដៅងំហៀរទឹកភ្នែក ពព្រៀក ឧស្សាហ៍ព្រិចភ្នែក និងឈឺក្បាលនៅម្ដុំថ្ងាសជាដើម។ អាការទាំងនេះកាន់តែខ្លាំងនៅពេលអ្នកសម្លឹងមើលច្រើន ដូចជាអានសៀវភៅ កែអត្ថបទ ឬប្រើកុំព្យូទ័រ។ល។
4. ជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម កើតមានរៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវភ្លៀង ហើយវាឆ្លងរាតត្បាតខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ជំងឺនេះបណ្តាលមកពីមេរោគអេដេណូ ដែលធ្វើឱ្យរលាក និងធ្វើឱ្យភ្នែកឡើងក្រហម។ ជំងឺនេះមានរោគសញ្ញាដូចជា ក្រហមភ្នែក រកាំភ្នែក ហៀរទឹកភ្នែក ហើមភ្នែក និងឈឺភ្នែកខ្លាំង តែវាអាចបាត់ទៅវិញក្នុងរយៈពេល ពី7ទៅ14ថ្ងៃ។ ជំងឺនេះ ឆ្លងខ្លាំងតាមរយៈការប្រើប្រាស់នូវសម្ភាររួមគ្នាដូចជា ក្រមា ឬខ្នើយជាដើម ដែលប៉ះទឹកភ្នែកអ្នកជំងឺ។ ប្រសិនបើអ្នកណាប៉ះទឹកភ្នែកអ្នកជំងឺ នោះនឹងឆ្លងជំងឺនេះភ្លាមៗតែម្តង។
5. ជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ហើយមិនបានគ្រប់គ្រង ឬប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវទេនោះ វាបង្កឱ្យមានការហូរឈាមនៅខាងក្រោយភ្នែក និងធ្វើឱ្យការមើលឃើញរបស់អ្នកប្រែទៅជាព្រិលស្រអាប់។
6. ដាច់សរសៃឈាមខួរក្បាល
អ្នកអាចមានសញ្ញាព្រិលភ្នែក ឬគំហើញបែកជា2 នៅពេលអ្នករងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ខណៈដែលអាការដាច់សរសៃឈាមកើតឡើង ដង្ហើមនឹងពិបាកដក រីឯបញ្ហាញ័រដើមទ្រូងក៏កើតឡើង បណ្តោលមកពីចង្វាក់បេះដូងលោតញាប់ពេក ព្រោះតម្រូវការអុកស៊ីហែ្ស៊នមិនគ្រប់គ្រាន់។
7. ដុំសាច់ក្នុងខួរក្បាល
ដុំសាច់នៅផ្នែកណាមួយនៃខួរក្បាលអាចផ្តល់នូវសម្ពាធ សង្កត់ទៅលើឆ្អឹងលលាដ៏ក្បាល និងបង្កឱ្យមាននូវសញ្ញាជាច្រើន រួមទាំងការព្រិលឬស្រវាំងភ្នែកផងដែរ៕