ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយទទួលបានជើងឯកលីកកំពូលកម្ពុជា ក្នុងរដូវកាលឆ្នាំ2019 នេះ នឹងមានឳកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ2020 ដោយនឹងត្រូវលេងវគ្គជម្រុះ Play-Off និងត្រូវតទល់ជាមួយក្លិបជើងឯករងលីកកំពូលរបស់ឡាវ Master 7 FC។
ក្នុងឆ្នាំ2019 នេះ ក្រុមជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងបានទទួលកៅអីក្នុងវគ្គជម្រុះ AFC CUP ចំនួន1 ក្រោយលើកពានលីកកំពូលកម្ពុជាឆ្នាំ2019 កាលពីពេលកន្លងទៅ។ ចំណែកឯក្លិប Master 7 FC ដែលជាក្លិបទើបបង្កើតឡើងនៅឆ្នាំ2017 ក្រោយឆ្លងកាត់ការប្រកួតពេញមួយរដូវកាល2019 រួចមក ក្លិបនេះបានទទួលចំណាត់ថ្នាក់ជាជើងឯករងរបស់ប្រទេសឡាវ តាមពីក្រោយក្លិប Lao Toyota FC ដែលជាជើងឯក ហើយទទួលបានកៅអីវគ្គសន្សំពិន្ទុក្នុងពូលនេះ។
ការប្រកួតវគ្គជម្រុះនេះនឹងធ្វើឡើង 2ជើង ដោយជើងទី1 ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី22 ខែមករា ឆ្នាំ2020 ឯជើងទី2 ធ្វើឡើងនៅកីឡដ្ឋានជាតិរបស់ឡាវ នាថ្ងៃទី29 ខែមករា ឆ្នាំ2020។ ចំពោះក្រុមដែលឈ្នះពីការប្រកួតវគ្គជម្រុះនេះនឹងបានឡើងទៅចូលរួមប្រកួតក្នុងពូល G ជាមួយនឹងក្លិប 3ផ្សេងទៀត ដែលសុទ្ធសឹងតែជាក្រុមជើងឯកលីកកំពូល ដូចជាក្លិប Ceres Negors (ហ្វីលីពីន) ក្លិបThan Quang Ninh FC (វៀតណាម) និងក្លិប Bali United FC (ឥណ្ឌូនេស៊ី)៕