សំឡេងយុវជន ជាសហគមន៍អ្នកសរសេរប្លុក (Blog) ដែលផ្តួចផ្តើមឡើងដោយទីស្នាក់ការកណ្តាលរបស់អង្គការ UNICEF នៅទីក្រុង New York។ វាត្រូវបានគេរចនាជាសហគមន៍អ្នកសរសេរ Blog ដែលគ្រប់អត្ថបទ គឺសរសេរដោយយុវជនដែលផ្តោតលើមាតិកាពាក់ព័ន្ធនឹងការយល់ដឹងថ្មីៗនៅជុំវិញពិភពលោក។
តាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា យុវជនកម្ពុជាប្រមាណ 60% មានអាយុក្រោម 25ឆ្នាំ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងអនាគត ស្របពេលដែលបច្ចេកវិទ្យា និងបណ្តាញសង្គមកំពុងរីកចម្រើន។
ក្នុងលក្ខខណ្ឌនេះ Blog បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង និងបង្ហាញពីគំនិតរបស់យុវជនទៅកាន់សង្គមក៏ដូចជាការរួមចំណែកអភិវឌ្ឍយុវជនដូចគ្នាដែរ។
ដោយមើលឃើញពីសារៈសំខាន់របស់យុវជន និងការសរសេរ Blog នៅឆ្នាំ 2016 អង្គការ UNICEF បានធ្វើកម្មវិធីសរសេរ Blog សាកល្បងលើកដំបូងរបស់ខ្លួនដោយការបង្កើតកម្មវិធីសំឡេងយុវជនជាសកល។ ជាលទ្ធផលដែលទទួលបាន គឺយុវជនជាច្រើនទទួលបានមតិវិជ្ជមានជាច្រើនត្រឡប់មកវិញ បន្ទាប់ពីពួកគេបានបង្ហាញអត្ថបទរបស់ខ្លួនជាសាធារណៈ ដោយមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ចាប់ផ្តើមពីសកម្មភាពនេះ UNICEF បានបង្កើតកម្មវីធីរបស់ខ្លួនបន្តទៀតនៅឆ្នាំ 2017 នេះ ដែលផ្តល់ឱកាសឱ្យយុវជនបានដាក់ពាក្យដើម្បីធ្វើការហាត់ការរយៈពេលខ្លីក្នុងគម្រោងរបស់ខ្លួន៕