កីឡាស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស ដែលកម្ពុជាមានកីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា បានឈ្នះ 2ប្រកួតជាប់គ្នាៗ គឺឈ្នះក្រុមកីឡាករឥណ្ឌូនេស៊ី 13ទល់នឹង1 និងឈ្នះវៀតណាម 13ទល់នឹង11 ហើយចុងក្រោយបានឈ្នះថៃ ខណៈការប្រកួតថ្ងៃនេះ(ទី7ធ្នូ)កម្ពុជានឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តាមការធ្វើបច្ចុប្បន្នភាពនៃតារាងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន បង្ហាញថា កម្ពុជារកបានមេដាយសរុបចំនួន 22គ្រឿងហើយ ដោយក្នុងនោះមាន មាស2 ប្រាក់3 និងសំរិទ្ធចំនួន17 និងកំពុងឈរនៅលេខរៀងទី7 ក្នុងចំណោមប្រទេសដែលចូលរួមប្រកួតប្រជែងទាំងអស់ 11ប្រទេសនៃតំបន់អាស៊ាន។
គួរបញ្ជាក់ដែរថា កម្ពុជានៅមានកីឡាសក្តានុពលមួយចំនួនទៀតដែលមិនទាន់បានចាប់ផ្តើមប្រកួត ដែលមានដូចជាស្ន៊ុកឃ័រ និងជូជីតស៊ូ ជាដើម ខណៈដែលកីឡាទាំងនេះ កម្ពុជាសុទ្ធតែសង្ឃឹមបានមេដាយមាសទាំងអស់៕