យានរ៉ូបូត Yutu-2 នៃបេសកកម្ម Chang’e-4 បានបើកបរនៅលើផ្ទៃដីផ្នែកម្ខាងទៀតនៃពិភពស្ថានព្រះចន្ទ (ផ្នែកតំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់) បានចម្ងាយជាង 345ម៉ែត្រហើយ ក្នុងរយៈពេលជិត 1ឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលអវកាសជាតិចិន (CNSA) កាលពីថ្ងៃទី4 ខែធ្នូ ឆ្នាំ2019។
ការចុះចតយាន Yutu-2 លើផ្ទៃដីស្ថានព្រះចន្ទកាលពីថ្ងៃទី3 ខែមករា ឆ្នាំ2019 កន្លងមកនេះ គឺដើម្បីរុករករ៉ែ និងសិក្សាពីរចនាសម្ព័ន្ធ និងគំរូនានា។
ប្រភពពី CNSA បានពន្យល់ថា ការបើកបរបានត្រឹមចម្ងាយប៉ុណ្ណឹង គឺដោយសារតែភូមិសាស្រ្តនៅលើពិភពនោះមានភាពស្មុគស្មាញ ស្ថានភាពដីរដិបរដុប និងមានរណ្តៅទៀតផង ដូច្នេះទើបវិស្វករអវកាសចិន បានកំណត់ផ្លូវបើករបស់យានអវកាសមួយនេះ ដើម្បីធានាសុវត្ថិភាព ពោលគឺមានន័យថា សុខចិត្តយឺត តែមិនមានបញ្ហា៕