ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសជូនដំណឹងដល់សាធារណជន ប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់ឱ្យបានជ្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន 50លានដុល្លារ និងបានប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្ម។ ជាពិសេស គឺប្រើប្រាស់សម្រាប់រក្សាស្ថិរភាពតម្លៃ និងការប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុកកិនកែច្នៃ និងនាំចេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ «ធនាគារអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី5 ខែធ្នូ ឆ្នាំ2019នេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ធនាគារអភិវឌ្ឍន៍ជនបទនឹងមានចំណាត់ថ្នាក់ ជាធនាគារពាណិជ្ជ ហើយទុននេះនឹងចាប់ផ្តើមប្រើប្រាស់បាន ចាប់ពីថ្ងៃទី9 ខែធ្នូ ឆ្នាំ2019 នេះតទៅ។
ជាមួយគ្នានេះ ក្រុមការងារក្នុងក្របខ័ណ្ឌ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ បានធ្វើការប្រជុំជាលក្ខណៈអន្តរក្រសួង ដើម្បីដោះ ស្រាយលើបញ្ហានានាពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ កាលពីថ្ងៃទី6 ខែធ្នូ ឆ្នាំ2019 រួចហើយ។
«ធនាគារអភិវឌ្ឍន៍ជនបទ» សូមប្រកាសជូន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ សូមបន្តប្រមូលទិញស្រូវក្នុងតម្លៃសមស្រប សម្រាប់ស្តុកទុកធ្វើជាវត្ថុធានាបំណុល ដើម្បីទទួលបានឥណទានស្របតាមលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍ជនបទ៕