អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា(OCIC) បានបញ្ជាក់អំពីដំណើរការនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅលើទឹកដីខេត្តកណ្តាល និងខេត្តតាកែវថា ព្រលានយន្តហោះអន្តរជាតិនេះអាចនឹងរួចរាល់នៅឆ្នាំ2023 ខាងមុខ។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងបែបនេះនៅក្នុងពិធីមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី8 របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ2019 កាលពីព្រឹកថ្ងៃទី5 ខែធ្នូ ឆ្នាំ2019។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖«ទាក់ទងនឹងដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីថា មានការវិវឌ្ឍដល់ណាហើយនោះ ខ្ញុំសូមបញ្ជាក់ថា ឥឡូវយើងកំពុងបុកគ្រឹះសំខាន់ៗ ជាការល្អ យើងមិនសូវមានឧបសគ្គប៉ុន្មានពីប្រជាជនជាម្ចាស់ដី ហើយខ្ញុំជឿថា បើសិនជាយើងពុំសូវមានឧបសគ្គខាងប្រមូលដីធ្លីទេ គឺយើងនឹងអាចរួចនៅ2023»។
សូមរំឭកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជាកាលពីខែមករា ឆ្នាំ2018។ ពេលនោះនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងវិនិយោគរវាងក្រុមហ៊ុនOCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនរបស់ប្រទេសចិន។
អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ 2,600ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះដល់តំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវផងដែរ។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (Cambodia Airport Investment)» ដែលរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន 10% និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន 90% ដោយវិនិយោគទឹកប្រាក់ចំនួន 1,500លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ 1,100លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង 280លានដុល្លារជារបស់ក្រុម OCIC និង 280លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី និងទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិ របស់ថៃ និងព្រលានយន្តហោះរបស់ប្រទេសសិង្ហបុរីទៀតផង។
សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីប្រទេសឆ្ងាយៗ ឆ្លងទ្វីបដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ក៏អាចចុះចតបានដែរ៕