បន្ទាប់ទម្លាយភាពជោគជ័យនៅលើវិថីសិល្បៈនិងអចលនទ្រព្យហើយ តារាសម្ដែងវ័យក្មេងរូបសង្ហា ស្រេង ឈាងឡេង បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកត្រៀមជួយយុវវជនខ្មែរមួយរូបដែលមានជំនាញផលិតប្រេងកុឡាខ្មែរគ្មានសារធាតុគីមី ដែលគ្រោងចំណាយអស់ជាង១លានដុល្លារ។
ការផលិតនេះ ក៏ត្រូវបានបញ្ជាក់ថា ដើម្បីប្រកួតប្រជែងជាមួយទីផ្សាររបស់បរទេសដែលចរាចរណ៍ក្នុងស្រុក ដោយមិនមែនគ្រាន់តែផលិតឱ្យចេញរូបរាងហើយទុកចោលទេ។ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប ដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងផង និយាយថា មុនពេលប្រឡូកជាតារាសម្ដែង លោកគឺជាអតីតនិស្សិតផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវបង្កើតជាឱសថ ហើយស្រាវជ្រាវឃើញរូបមន្តក្នុងការបង្កើតផលិតផលក្នុងស្រុកជាច្រើនមុខ។
យ៉ាងណាមិញក្រុមរបស់លោក បានសម្រេចជ្រើសយកការផលុតជាប្រេងកុឡាមុនគេ ដោយសារតែផលិតផលនេះធៀបនឹងការផលិតឱសថផ្សេងៗចំណាយដើមទុនតិចជាងគេ ហើយសង្ឃឹមថា បើជោគជ័យ ងាយរកទីផ្សារ។ លោកថាក្រុមទាំងមូលតស៊ូលើជំនាញមួយនេះពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ។ លោកថាក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខជាមួយនឹងផលវិបាករាប់មិនអស់ ហើយទីបំផុតផលិតផលប្រេងកុឡា ដែលក្រុមលោកធានាគឺមានគុណភាពចង់ល្អជាងផលិតផលនាំចូលមួយចំនួន ក៏សម្រេចបាន។ ក្នុងនោះក៏មានការបែងចែកជាសាច់ប្រេងកុឡាសម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង ដោយឡែកពីគ្នាផងដែរ។
លោក ស្រេង ឈាងឡេង បន្តថា ក្រុមរបស់លោកបានត្រៀមសុំច្បាប់រត់ការដើម្បីចរាចរណ៍ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។
លោក ស្រេង ឈាងឡេង បន្តថា ក្នុងពេលខាងមុខ លោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ក៏ដូចជាដើម្បីអោយក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងកុឡា ដែលមានស្ដង់ដាជារបស់ខ្លួន។