រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែស្វាគមន៍ក្រុមហ៊ុននានាដែលនាំមកនូវបច្ចេកវិទ្យាថ្មី ធនធានថ្មី ការងារថ្មី និងឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. លើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា ក្រុមហ៊ុន China Unicom បានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាកំពុងអនុវត្តគោលនយោបាយ និងក្តាប់នូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4.0 និងសេដ្ឋកិច្ចឌីជីថល ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. អាចនាំមកនូវធនធានដ៏មានតម្លៃ និងចូលរួមកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ សហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និងចិន នឹងបន្តយ៉ាងជ្រាលជ្រៅនាពេលអនាគតដោយនាំមកនូវសេវាកម្ម បណ្តាញ និងទូរគមនាគមន៍ដែលផ្អែកលើ cloud-based ដែលមានគុណភាពខ្ពស់មកកាន់ក្រុមហ៊ុនក្នុងប្រទេស និងវិនិយោគិនជនជាតិចិន ហើយលើសពីនេះទៅទៀត គឺការចូលរួមចំណែកបន្ថែមពីក្រុមហ៊ុនក្នុងការជួយដល់ការអភិវឌ្ឍនៃឌីជីថលកម្ពុជា នាពេលអនាគត។
លោក Meng ShuSen ប្រធានក្រុមហ៊ុន China Unicom Global បានថ្លែងថា ការបង្កើតក្រុមហ៊ុននៅកម្ពុជា ជាស្ពានមួយសម្រាប់ផ្តល់ព័ត៌មាន និងទំនាក់ទំនងទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសចិន។ ក្រុមហ៊ុន ឆាយណា យូនីខម ប្រកាន់ខ្ជាប់នូវមនោគមវិជ្ជា នៃប្រតិបត្តិការធុរកិច្ចក្នុងប្រទេស ក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងរឹតបន្តឹងសហប្រតិបត្តិការជាមួយធុរកិច្ចកម្ពុជា ដើម្បីអភិវឌ្ឍន៍ទីផ្សារទូរគមនាគមន៍ក្នុងប្រទេសតាមរយៈការបង្កើតក្រុមហ៊ុនកម្ពុជា ដោយនាំមកនូវសេវាកម្មមកកាន់សង្គម និងប្រជាជនកម្ពុជា។
លោកបានបន្ដថា ក្រុមហ៊ុនក៏សង្ឃឹមថា ការផ្តួចផ្តើមរបស់ក្រុមហ៊ុន មិនត្រឹមតែផ្តល់សេវាកម្មទូរគមនាគមន៍ដែលមានគុណភាពនោះឡើយ ប៉ុន្តែការផ្តួចផ្តើមនេះក៏នឹងជួយសហគ្រាសនៅកម្ពុជា ក្នុងការវិនិយោគទៅក្នុងប្រទេសចិនផងដែរ។ ដូច្នេះនឹងបង្កើតបានជាសហប្រតិបត្តិការដែលរឹងមាំ និងមានអត្ថប្រយោជន៍ ដែលជាការបន្ថែមអត្ថន័យទៅលើគម្រោងផ្លូវមួយខ្សែក្រវាត់មួយផងដែរ។
លោកបន្ថែមថា ក្រុមហ៊ុន ឆាយណា យូនីខម នៅតែបន្តពន្លឿននូវការអភិវឌ្ឍលើទីផ្សារអន្តរជាតិ ដោយបង្ហាញពីភាពរឹងមាំរបស់បណ្តាញសេវាកម្មរបស់ខ្លួននៅលើសកលលោក និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះបង្កើតបានជាផ្លូវ រចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងប្រទេសនិងតំបន់ដែលស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ។
ក្រុមហ៊ុន ឆាយណា យូនីខម ក៏បានកាន់កាប់ចំណុចចូលប្រើ (Point of Presence-PoP) ជាង 80ចំណុចទូទាំងពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយធុរកិច្ចអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញ ក្នុងការផ្តល់បណ្តាញខ្លោដ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងព័ត៌មានដែលបានរួមបញ្ចូលព័ត៌មានទូលំទូលាយ និងសេវាកម្មទំនាក់ទំនងទូទាំងពិភពលោក ជាពិសេសសម្រាប់សហគ្រាសក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Meng ShuSen បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះក្រុមហ៊ុន ឆាយណា យូនីខម បានចូលរួមក្នុងការសាងសង់ និងកាន់កាប់លើគម្រោងបណ្តាញខ្សែទូរស័ព្ទជាង 20គម្រោង និងគម្រោងបណ្តាញក្រោមបាតសមុទ្រជាង 30គម្រោងទូទាំងពិភពលោក៕