
តាមតារាងចំណាត់ថ្នាក់មេដាយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី30 នៅប្រទេសហ្វីលីពីន គិតត្រឹមថ្ងៃទី3 ធ្នូ ម្សិលមិញ ដែលចេញដោយគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមរបស់ហ្វីលីពីន ក្រុមជម្រើសជាតិកម្ពុជាបានកំពុងតែឈរនៅលេខរៀងទី7 នៃតារាងចំណាត់ថ្នាក់មេដាយ។
ដោយក្នុងនោះ កម្ពុជារកបានមេដាយសរុប 17គ្រឿង ក្នុងនោះមាស 1គ្រឿង ប្រាក់ 3គ្រឿង និងសំរិទ្ធ 13គ្រឿង។ ចំពោះមេដាយមាស 1គ្រឿងរបស់កម្ពុជានេះ រកបានដោយកីឡាករ យ៉ុង ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick ក្នុងចន្លោះទម្ងន់ 60ដល់ 65គីឡូក្រាម។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន មានប្រទេសជាសមាជិកអាស៊ានចូលរួមចំនួន 11ប្រទេស ហើយចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2019 ដោយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី10 ខែធ្នូ 2019ខាងមុខនេះ៕
