អាយ៉ៃ គឺជាទម្រង់សិល្បៈចម្រៀងឆ្លើយឆ្លងបែបបុរាណមួយ ដែលមានប្រវត្តិចារទុកជាសម្បត្តិវប្បធម៌ខ្មែរ។ ប៉ុន្តែ ទោះជាអាយ៉ៃមានតម្លៃមិនអាចកាត់ថ្លៃបានក៏ដោយ ក៏សិល្បករចម្រៀងអាយ៉ៃមានចំនួនតិចតួចណាស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក ព្រហ្ម ម៉ាញ ជាសិល្បករជើងចាស់មានសំឡេងពីរោះពូកែទាំងកំប្លុកកំប្លែង ទាំងសំនួនវោហារ និងការសំដែង កំពុងមានការសោកស្តាយ និងព្រួយបារម្ភចំពោះការវិវឌ្ឍនៃវិស័យសិល្បៈអាយ៉ៃទៅថ្ងៃអនាគត។
វីរៈសិល្បករឆ្នើម ដែលត្រូវបានមហាជនឱ្យឈ្មោះថាជា “ស្ដេចអាយ៉ៃកំប្លែង” មានវោហាស័ព្ទមិនចេះរីងស្ងួតរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយដៃគូចម្រៀងស្រី លោកយាយ យ៉យ បានបង្ហាញអារម្មណ៍ភ័យបារម្ភបន្ទាប់ពីសិល្បៈអាយ៉ៃ ហាក់បាត់បង់ការគាំទ្រក្នុងមួយរយៈចុងក្រោយនេះ។
លោកបានប្រកាសបង្រៀនដោយឥតគិតថ្លៃ ដល់យុវវ័យគ្រប់ផ្នែក ជាមួយនឹងការរំពឹងថា នឹងធ្វើឱ្យអាជីពនៅក្រោយពេលលោកចូលនិវត្តន៍ អាចបន្តស្ទុះទៅមុនទៀតបាន។ក្រៅពីការបារម្ភអំពីបញ្ហាសុខភាពដែលកាន់តែទ្រុឌទ្រោម ពីព្រោះវ័យរបស់លោកកាន់តែជ្រេ ក៏លោក ព្រហ្ម ម៉ាញ នៅតែបង្ហាញនូវឆន្ទៈចង់ជំរុញឱ្យសិល្បៈអាយ៉ៃខ្មែរ នៅតែមានការចាប់អារម្មណ៍ទៅថ្ងៃខាងមុខ។ លោកបានប្រកាសចំណាយពេល និងកម្លាំងបង្រៀនដោយឥតគិតថ្លៃ ជាថ្នូរនឹងភាពព្រងើយកន្តើយរបស់យុវជនខ្មែរមួយចំនួនធំ ដែលពុំសូវខ្វល់ខ្វាយអំពីសិល្បៈបុរាណ ហើយធ្វើឱ្យលោកភ័យព្រួយខ្លាចមិនមានអ្នកបន្តវេនផ្នែកចម្រៀងអាយ៉ៃខ្មែរ។ លោកបានប្រកាសដំណឹងដល់បងប្អូនសិល្បៈ ឬយុវជនណាដែលមានបំណងចង់ចេះ ចង់ហាត់រៀនសិល្បៈអាយ៉ៃ ដោយមិនសំដៅទៅលើតែអ្នកដែលមាននិស្ស័យពីកំណើតនោះទេ ដោយលោកនឹងធ្វើការបង្ហាត់បង្រៀន ផ្ទេរបទពិសោធទៅឱ្យយុវជនយុវនារីជំនាន់ក្រោយ ដើម្បីបន្តវេនពីលោកបន្តទៀត។
ពេលវេលាបង្ហាត់ គឺមិនកំណត់ថានឹងរៀនពេញមួយសប្ដាហ៍នោះទេ គឺអាស្រ័យទៅលើម៉ោងដែលលោកទំនេរ ដកឃ្លាពីការងារផ្ទាល់ខ្លួនរបស់លោកបាន ហើយលោកនឹងជូនជាដំណឹងជាមុនអំពីម៉ោងពេលសម្រាប់ការហាត់រៀន។ការប្រកាសរបស់លោក គឺជារឿងមួយដ៏ប្រសើរ ដែលលោកមានគំនិតចង់បង្ហាត់បង្រៀនបណ្ដុះស្មារតីដល់កូនខ្មែរឱ្យងាកមកចាប់អារម្មណ៍នូវសិល្បៈអាយ៉ៃខ្មេរ ដែលភាគតិចណាស់ដែលមានអ្នកអាចចេះជំនាញមួយនេះពិតប្រាកដ និងអាចចាប់អាជីពនេះជាប់លាប់។
លោក ព្រហ្ម ម៉ាញ សង្ឃឹមថា កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ នឹងមិនព្រងើយកន្តើយអំពីដំណឹងមួយនេះនោះទេ។ មិនតែប៉ុណ្ណោះ ជាជ្រុងមួយជួយឱ្យសិល្បៈអាយ៉ៃខ្មែរមានទីផ្សារងើបឡើងវិញ ប្រសិនបើក្មេងជំនាន់ក្រោយអាចធ្វើបាន និងបន្តវេនពីលោកដោយជោគជ័យនោះ សិល្បៈបុរាណខ្មែរមួយនេះនឹងមិនបាត់បង់ជាក់ជាមិនខានឡើយ៕