កម្ពុជាជាប្រទេសដែលមានសក្តានុពលមួយក្នុងតំបន់អាស៊ានលើការវិនិយោគ ព្រោះប្រទេសនេះស្ថិតនៅចំកណ្តាលតំបន់អាស៊ាន និងជាប្រទេសដែលមានប្រជាជនភាគច្រើនជាយុវជន តែកត្តាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ គឺបញ្ហាផលិតភាពការងារ។ ថ្វីដ្បិតតែយើងសម្បូរទៅដោយយុវជនដែលជាប្រជាជនសកម្មច្រើនមែន តែកម្រិតនៃផលិតភាពការងារនៅមានកម្រិតតិចតួចនៅឡើយ ហើយធនធានមនុស្សជំនាញក៏មិនទាន់មានច្រើន សម្រាប់ចូលរួមក្នុងចង្វាក់ផលិតកម្មនានានៅឡើយដែរ។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានដាក់គោលដៅចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050 តែអ្វីដែលជាកត្តាប្រឈម គឺបើមើលពីកត្តាផលិតភាពការងារនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ បញ្ហានេះអាចរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍ និងការរក្សាកំណើនសេដ្ឋកិច្ចឱ្យបានចំនួន 7%ថេរ ព្រោះកាលណាតម្លៃពលកម្មកាន់តែកើនឡើង តែផលិតភាពការងារមិនកើនឡើង នោះយើងនឹងបាត់បង់ឧត្តមភាពនៃការប្រកួតប្រជែង ដែលធ្វើឱ្យអ្នកវិនិយោគអាចពិចារណាលើតំបន់ដទៃជំនួសវិញ។ ជាឧទាហរណ៍ជាក់ស្តែង ប្រសិនបើយើងធ្វើនៅក្នុងរោងចក្រ យើងផលិតបាន 35ផលិតផលក្នុង 1ថ្ងៃ ប្រទេសជិតខាងគេផលិតបានដល់ទៅ 70 ហើយនៅពេលកសិករយើងធ្វើស្រែបានទិន្នផលត្រឹមតែ 2 ឬ 3តោនក្នុង 1ឆ្នាំ តែប្រទេសជិតខាង គេផលិតបានដល់ទៅ5 ឬ10តោន នោះយើងនឹងជួបបញ្ហា ព្រោះអ្នកវិនិយោគគេចង់បណ្តាក់ទុនរកស៊ីដើម្បីទទួលបានផលចំណេញ។ហើយប្រសិនបើគេចាយច្រើន ហើយបានផលតិចនោះ គេអាចនឹងពិចារណាលើជម្រើសផ្សេង។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖“កត្តាផលិតភាពការងារនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គម ព្រោះកាលណាបុគ្គលិកយើងធ្វើបានត្រឹមតែ 5 ខណៈដែលគេធ្វើបានដល់ទៅ20 តើយើងអាចចាកផុតពីភាពក្រីក្របានដោយវិធីណា?” ឯកឧត្តម បានបន្ថែមទៀតថា ពីមុនកម្ពុជាយើងទើបនឹងចេញពីសង្គ្រាម ជាប្រទេសក្រីក្រ ហើយមិនងាយទេ ទើបខិតខំប្រឹងប្រែងឈានជើងមកដល់ពេលនេះ។ ការដែលអាចឈានជើងមកដូចបច្ចុប្បន្ននេះ គឺដោយសារតែរាជរដ្ឋាភិបាលបានជំរុញឱ្យមានការអប់រំនៅគ្រប់ទីកន្លែង និងព្យាយាមទាក់ទាញការវិនិយោគដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនមានការងារធ្វើ ហើយចំណូលមានការកើនឡើងដែលអាចកាត់បន្ថយភាពក្រីក្រ តែយើងនៅតែមានកត្តាប្រឈមដោយសារតែប្រជាជនយើងមួយចំនួនមិនទាន់ខិតខំប្រឹងប្រែងឱ្យអស់ពីសក្តានុពល ឬមិនទាន់មានផលិតភាពខ្ពស់ដើម្បីចាកចេញពីភាពក្រីក្រ។
ឯកឧត្តមថា កត្តាផលិតភាពនេះហើយដែលជាកត្តាធ្វើឱ្យយើងនៅតែក្រ ដើម្បីសម្រេចគោលដៅចាកផុតពីភាពក្រីក្របាន លុះត្រាតែយើងធ្វើឱ្យមានកំណើនផលិតភាព។ សម្រាប់បុគ្គលិកនៅប្រទេសយើងនៅពេលដែលគេនិយាយពីបញ្ហាផលិតភាព គាត់យល់ថា គេកំពុងបង្ខំឱ្យគាត់ធ្វើការងារកាន់តែច្រើន ឬកាន់តែធ្ងន់ធ្ងរ។ ការគិតបែបនេះ គឺជាការយល់ច្រឡំ ព្រោះផលិតភាពការងារមិនផ្តោតលើការធ្វើការងារច្រើនម៉ោងជាងមុន ឬលំបាកជាងមុននោះទេ (Hard Work) តែផ្តោតសំខាន់លើការធ្វើការងារដោយភាពឆ្លាតវៃជាងមុន (Smart Work)។ ដូច្នេះទាំងមន្ត្រីរាជការ បុគ្គលិកឯកជន និងអ្នកផ្សេងៗទៀត គួរចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានរបស់ខ្លួន ហើយងាកមកខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យមានផលិតភាពខ្ពស់វិញ។
ឯកឧត្តមបានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងមួយថា នៅពេលឯកឧត្តមទៅបើកការដ្ឋានមួយកន្លែង អ្វីដែលបានឃើញ គឺគេដាក់កាមេរ៉ាសុវត្ថិភាពលើអេក្រង់ 2ផ្សេងគ្នា ដោយក្នុងនោះអេក្រង់ទី1 គឺក្រុមការងាររបស់ប្រជាជនខ្មែរ ហើយអេក្រង់ទី2 គឺក្រុមការងារដែលធ្វើការងារដោយជនបរទេស។ ផ្នែកដែលកម្មករខ្មែរធ្វើ គឺឃើញមានកម្មករកំពុងបើកទូរស័ព្ទជជែកគ្នា និងអ្នកខ្លះទៀតមើល Facebook ជាដើម។ ភ្លាមៗស្រាប់តែឮថា មេការមក ទើបប្រញាប់ប្រញាល់ធ្វើការ។ ផ្ទុយមកវិញពេលមើលអេក្រង់ទី2 វិញ គឺខុសគ្នាទាំងស្រុង គេមិនមានសភាពដូចកម្មករយើងនោះទេ។ បុគ្គលិកម្នាក់ៗគេធ្វើការងារទៅតាមតួនាទីរៀងៗខ្លួន ដោយគ្មានការរំខាន និងគ្មានស្ថានភាពដែលចាំទាល់តែមេការមក ចាំធ្វើនោះទេ។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ “ថ្ងៃនេះសូមនិយាយពាក្យមិនពីរោះ តែវាជាការពិត ហើយបើមិននិយាយការពិតទេ យើងនឹងមិនអាចចាកផុតពីភាពក្រីក្របាននោះទេ។ គំនិតដែលចាំតែគេទៅបញ្ជារនេះ គឺគំនិតខ្ញុំគេ ព្រោះទាល់តែមានចៅហ្វាយនាយទៅមើល ទើបធ្វើ មិនមែនធ្វើដោយឆន្ទៈ និងការតាំងចិត្តសម្រាប់ដឹកនាំការងារនោះទេ”។
ឯកឧត្តមបានសំណូមពរផងដែរថា សូមបុគ្គលិក និងអ្នកធ្វើការងារនៅក្នុងប្រទេសយើងទាំងអស់ គួរតាំងចិត្តថា យើងជាអ្នកដឹកនាំ គឺដឹកនាំការងារ និងការទទួលខុសត្រូវលើការងារចំពោះមុខរបស់យើងឱ្យបានល្អ ព្រោះអ្វីៗជារបស់យើង កុំចាំគេបញ្ជា ចាំធ្វើនោះ។ ប្រទេសយើង បើប្រជាជនមិនព្រមប្តូរផ្នត់គំនិតទេ នោះនឹងមានបញ្ហា។ រដ្ឋាភិបាលបានផ្លាស់ប្តូរស្ថានភាពឱ្យល្អប្រសើរហើយ តែប្រសិនបើប្រជាជនមិនព្រមប្តូរផ្នត់គំនិត ឥរិយាបថ និងទម្លាប់ទេ នោះយើងនឹងក្លាយជាបន្ទុកសម្រាប់ទាំងអស់គ្នា។ បច្ចុប្បន្ននេះ យើងមិនដែលគិតនោះទេថា យើងខ្លួនឯងជាចំណែកនៃបញ្ហា ព្រោះរាល់ពេលដែលចង់ឱ្យស្ថានការណ៍ប្រសើរឡើង យើងតែងតែចង់ឱ្យប្តូរមេ ចង់ឱ្យប្តូរអ្នកនេះ អ្នកនោះ តែយើងមិនដែលគិតថា យើងត្រូវប្តូរខ្លួនឯងនោះទេ។ គ្រប់គ្នាចង់ប្តូរពីក្រៅមកក្នុង តែមិនព្រមផ្លាស់ប្តូរខ្លួនឯងពីក្នុងចេញមកក្រៅឱ្យមានវិន័យ និងឱ្យមានទម្លាប់ល្អនោះទេ។
ជាដំណោះស្រាយក្នុងការជំរុញផលិតភាពឱ្យកាន់តែប្រសើរ ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ៗចំនួន 3ចំណុច គឺទី1 ស្ថាប័ន ក្រុមហ៊ុន សហគ្រាស ចាំបាច់ត្រូវលើកទឹកចិត្តដល់បុគ្គលិក (Employee Motivation) ឱ្យមានលក្ខខណ្ឌការងារល្អ និងធ្វើយ៉ាងណាឱ្យបុគ្គលិកគិតថា កន្លែងការងារជាផ្ទះទី2 ដែលសម្រេចវាសនាជីវិត និងអភិវឌ្ឍខ្លួនឯងបានល្អនៅទីនេះ។ សព្វថ្ងៃនេះ នៅរោងចក្រដែលមានលក្ខខណ្ឌការងារល្អ ភាគច្រើនជាកន្លែងដែលមានផលិតភាពការងារល្អជាងគេ។ ចំណុចទី2 គឺការចូលរួមរបស់អ្នកគ្រប់គ្រង ដែលចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យមានភាពសកម្ម (Proactive) ដើម្បីដោះស្រាយបញ្ហាជំរុញឱ្យមានការដឹកនាំ បណ្តុះបណ្តាលបុគ្គលិកឱ្យធ្វើការងារប្រកបដោយប្រសិទ្ធភាព។ ចំណែកឯចំណុចទី3 គឺត្រូវប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យការងារកាន់តែឆ្លាតវៃ ព្រោះផលិតភាព គឺការជំរុញឱ្យការងារកាន់តែឆ្លាតវៃជាងមុន មិនមែនជំរុញឱ្យធ្វើច្រើន តែបានលទ្ធផលតិចនោះទេ៕