ស្ថិតក្នុងបរិបទដែលសង្គមកំពុងស្ថិតក្នុងការប្រកួតប្រជែងខ្លាំងលើបដិវត្តន៍ឧស្សាហកម្មទី4 កម្ពុជាត្រូវការជាចាំបាច់នូវអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីប្រមូលធនធានប្រកបដោយសក្តានុពលក្នុងការចូលរួមលើគ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចជាតិ។ មិនថាតែវិស័យឧស្សាហកម្ម ឬបច្ចេកវិទ្យានោះទេ បច្ចុប្បន្ននេះ STEM បានដើរតួនាទីយ៉ាងសំខាន់លើគ្រប់ផ្នែកទាំងអស់ ទាំងវិស័យកសិកម្ម វិស័យទេសចរណ៍ ការរៀបចំសេវាសាធារណៈ និងវិស័យសំខាន់ៗជាច្រើនផ្សេងទៀត។
ដោយមើលឃើញពីភាពសំខាន់នៃមុខវិជ្ជា STEM ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធនានាដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងភាគីកូរ៉េបានសហការគ្នាបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូស្តីពីការអប់រំ STEM នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឡើងដើម្បីធ្វើការងារបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងគណិតវិទ្យានេះឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម អុឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាត្រូវការអ្នកជំនាញជាច្រើនលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីចូលរួមបម្រើការងារក្នុងវិស័យសំខាន់ៗនានាទាំងពេលបច្ចុប្បន្ន និងអនាគត។ នៅពេលប្រទេសយើងសម្បូរអ្នកជំនាញផ្នែក STEM នៅពេលនោះយើងនឹងសម្បូរធនធានក្នុងការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃ ព្រោះគ្រប់ឧស្សាហកម្ម រោងចក្រសហគ្រាស និងផលិតកម្មទាំងអស់សុទ្ធតែប្រើប្រាស់គ្រឿងម៉ាស៊ីន ដែលទាមទារឱ្យយើងមានធនធានប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ទៅប្រើប្រាស់ម៉ាស៊ីនទាំងអស់នោះ។ ចំណែកឯការរៀបចំហេដ្ឋារចនាសម្ព័ន្ធក៏ដូចគ្នា នៅពេលយើងមានធនធានផ្នែក STEM ច្រើន យើងនឹងងាយអភិវឌ្ឍ ព្រោះការធ្វើស្ពានក៏ដោយ ថ្នល់ក៏ដោយ ឬអគារនានាក៏ដោយ កាលណាយើងមានធនធានមនុស្សដែលមានចំណេះដឹងផ្នែក STEM ទៅធ្វើច្រើន នោះការរៀបចំនឹងធ្វើឡើងបានឆាប់រហ័ស ហើយងាយស្រួលច្រើនជាងមុន។
ឯកឧត្តម អុឹម កុច បានមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូស្តីពីការអប់រំ STEM នេះជាមជ្ឈមណ្ឌលដ៏មានសារៈសំខាន់ដែលចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍធនធានមនុស្សដែលកម្ពុជាកំពុងត្រូវការ។ តាមរយៈមជ្ឈមណ្ឌលនេះ យើងនឹងអាចផ្តល់ឱកាសឱ្យសិស្សសិក្សាមុខវិជ្ជា STEM តាមរបៀបទំនើបជាងមុនជាមួយគ្រូបង្រៀនល្បីតាមរយៈទូរស័ព្ទដៃ Smart Phone”។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ការសិក្សាតាមរបៀបថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់សិស្សឱ្យទទួលបានចំណេះដឹង និងជំនាញនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។ យើងព្យាយាមក្នុងការស្វែងរកវិធីសាស្ត្រកាន់តែប្រសើរ ដើម្បីបណ្តុះបណ្តាលគុណភាពគ្រូ និងធ្វើយ៉ាងណាជំរុញឱ្យសិស្សានុសិស្សកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងលើមុខវិជ្ជា STEM ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញសម្រាប់សតវត្សរ៍ទី21។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំដើម្បីជំរុញឱ្យសិស្សានុសិស្សចាប់អារម្មណ៍លើការសិក្សាផ្នែក STEM ក្រសួងអប់រំ និងភាគីពាក់ព័ន្ធនានា បានបង្កើតកម្មវិធីជាច្រើនដូចជាកម្មវិធីផ្សព្វផ្សាយតាមបច្ចេកវិទ្យាពីមុខវិជ្ជា STEM ការរៀបចំពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំ និងការអប់រំផ្សព្វផ្សាយនៅតាមសាលារៀនដើម្បីជំរុញឱ្យសិស្សានុសិស្សយល់ពីតម្លៃ ក៏ដូចជាសារៈសំខាន់នៃមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាសម្រាប់ខ្លួនឯង និងសង្គម។ បន្ថែមពីលើនេះ ក៏មានការបំផុសឱ្យសិស្សចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រដោយបញ្ចូលជាមួយផ្នត់គំនិតសហគ្រិនភាព ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមនានា និងបំផុសឱ្យយុវជនកាន់តែចូលចិត្តមុខវិជ្ជា STEM ផងដែរ៕