ដោយសម្លឹងឃើញមានការគាំទ្រយ៉ាងខ្លាំងចំពោះផ្សាររាត្រីកុងតឺន័រនៅរាជធានីភ្នំពេញ លោក ករុណា ពេជ្រ ជាតារាចម្រៀង និងជាអ្នកគ្រប់គ្រងប្រចាំផលិតកម្ម Town និងជាម្ចាស់ក្រុមហ៊ុនរៀបចំពិធីការ និងផ្កាស្រស់ ក៏មានចំណាប់អារម្មណ៍បោះទុនវិនិយោគផ្សាររាត្រីកុងតឺន័រ ដែលស្ថិតនៅចំកណ្ដាលក្រុងសៀមរាប ខេត្តសៀមរាបដែលចំណាយដើមទុនដល់ទៅក្បែរលានដុល្លារសហរដ្ឋអាមេរិកឯណោះ។
ជាមួយការបណ្ដាក់ទុននៅក្នុងតំបន់ទេសចរណ៍មួយដែលមានភ្ញៀវជាតិ និងអន្ដរជាតិមកកម្សាន្ដច្រើនកុះករនេះ លោកបានរៀបចំបង្កើតជាតូបសម្រាប់អតិថិជនដែលមានបំណងចង់លក់ដូរនៅផ្សាររាត្រីកុងតឺន័រកណ្ដាលក្រុងសៀមរាបដល់ទៅជាង500 តូប ហើយនឹងបើកដំណើរការលក់ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅក្នុងនោះដែរ ក៏ត្រូវបានបែងចែកជាផ្នែកសំខាន់ៗ សម្រាប់អាជីករដែលអាចបើកធ្វើជា កន្លែងលក់សម្លៀកបំពាក់បែបខ្មែរ អាហារដ្ឋានជាតិ និងអន្ដរជាតិ កន្លែងលក់វត្ថុអនុស្សារីយ៍ កន្លែងស្ដាប់តន្ត្រី កន្លែងពិសាភេសជ្ជៈបរទេស ជាដើម។ អតិថិជនអាចចុះឈ្មោះជួលតូបបាន ចាប់ពីថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 តទៅ ហើយចំពោះអតិថិជន100 នាក់ដំបូងនឹងមានការបញ្ចុះតម្លៃពិសេសផងដែរ។
ជុំវិញដំណឹងនេះ លោក ករុណា ពេជ្រ បានបញ្ជាក់ប្រាប់ថា លោកគ្រាន់ជាអ្នកតំណាងក្នុងការវិនិយោគលើគម្រោងនេះប៉ុណ្ណោះ និងបានដឹងថា ផ្សាររាត្រីកុងតឺន័រនេះបានចំណាយទុនអស់ 1លានដុល្លារសហរដ្ឋអាមេរិក និងសាងសង់ឡើងនៅលើផ្ទៃដីចំនួន 2 ហិកតាកន្លះ។
គួរបញ្ជាក់ដែរថា ដែលនៅក្នុងរយៈពេលតែ 2 ថ្ងៃសោះ មានអតិថិជនបានជួលតូបអស់ចំនួន 100 តូបទៅហើយ ហើយអតិថិជនដែលបានជួលតូបត្រូវចុះកិច្ចសន្យាក្នុងរយៈពេល 2 ឆ្នាំ។ ទោះជាយ៉ាងក៏ដោយ លោក ករុណា ពេជ្រមិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកបោះទុនវិនិយោគនេះទេ៕