ភ្នំពេញៈ សំណើដោះស្រាយបញ្ហាកសិផលកម្ពុជាជាមួយប្រទេសថៃមិនទាន់មានការឆ្លើយតបជាវិជ្ជមាននៅឡើយទេ ខណៈពេលកសិផលកម្ពុជាកំពុងទទួលបានការបញ្ជាទិញក្នុងតម្លៃទាបបំផុត។
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មថៃកាលពីថ្ងៃម្សិលមិញ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិបានស្នើសុំភាគីថៃជួយទិញផលិតផលកសិកម្មកម្ពុជា និងសុំដឹកទំនិញពីកម្ពុជាឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី3 ប៉ុន្តែរដ្ឋមន្រ្តីពាណិជ្ជកម្មថៃលោកស្រី អាភីរ៉ាឌី ថាតត្រាផន មិនបានឆ្លើយតបជាវិជ្ជមាននៅឡើយទេ ដោយលោកស្រីបានសន្យាថា នឹងនាំយកសំណើកម្ពុជាទៅពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលរបស់លោកស្រី។
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានស្នើសុំភាគីថៃជួយសម្រួលពីរចំណុច ទី1 ពាក់ព័ន្ធការនាំចូលពោតពីកម្ពុជាទៅប្រទេសថៃ និងទី2 សុំប្រទេសថៃធ្វើជាទីឆ្លងកាត់ដឹកទំនិញពីកម្ពុជាទៅកាន់ប្រទេសទី3ផងដែរ។ បញ្ហាធ្លាក់ចុះតម្លៃកសិផលរបស់ប្រជាកសិករកម្ពុជាបានក្លាយជាបញ្ហាប្រឈមជាច្រើនឆ្នាំមកហើយ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបប្រជុំគ្នាជាច្រើនលើកដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទាន់មានលទ្ធផលជាដុំកំភួននៅឡើយទេ។
រដ្ឋមន្រ្តីក្រសួងកសិកម្មលោកវេង សាខុន បានថ្លែងថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ការដឹកជញ្ជូនមានតម្លៃថ្លៃទាំងផ្លូវគោក និងកំពង់ផែបាននិងកំពុងក្លាយជាបញ្ហាក្នុងការនាំចេញ និងពិបាកទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញ។ លោកបន្តថា ការដឹកជញ្ជូនថ្លៃ តម្លៃដើមនៃការផលិតខ្ពស់ និងតម្លៃអគ្គិសនីខ្ពស់បានធ្វើឲ្យអ្នកវិនិយោគមិនមកវិនិយោគនៅកម្ពុជា ដោយពួកគេសម្រេចចិត្តទៅវិនិយោគនៅប្រទេសជិតខាងជំនួសវិញ ព្រោះប្រទេសជិតខាងមានតម្លៃអគ្គិសនីទាប ការដឹកជញ្ជូនមានតម្លៃទាប ធ្វើឱ្យតម្លៃដើមនៃការផលិតទាប៕