ថ្មីៗនេះ គេបានឃើញបទចម្រៀងថ្មីរបស់តារាចម្រៀង និង កំប្លែង កាតុ នៅក្នុងផលិតកម្មថោន ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងបទចម្រៀងមួយនេះ កាតុ បានសម្តែងរួមគ្នាជាមួយកូនស្រីរបស់នាងដែលមានការតុបតែងខ្លួនប្លែក ពេលមើលមួយភ្លែត ស្មានថាតារារូបនេះមិនសម្លៀកបំពាក់។
ពាក្យរិះគន់ជាច្រើនបានអណ្ដែតនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយលើកឡើងថា «សុដន់ម៉ែ» ដែលបទចម្រៀងថ្មីរបស់ កាតុ មិនត្រឹមតែមានអត្ថន័យប្លែកប៉ុណ្ណោះទេ សូម្បីតែស្ទីលនៃការតែងខ្លួននៅក្នុងបទចម្រៀងមួយបទនេះ ក៏មានភាពទាក់ទាញមិនធម្មតាដែរ រហូតដល់ធ្វើឱ្យពួកគេចចង់ធ្លាក់ថ្លើម ភ្ញាក់ព្រឺតពេលឃើញរូបភាពនៃការសម្ដែង។
យ៉ាងណាមិញ អ្នកនិពន្ធ សោម ដូរ៉េ ក៏បានបង្ហោះសារតបថា «ខ្ញុំសុំខ្លាចហើយ អ្នកComment ប្រមាថបទ #សុដន់ម៉ែ ប្រើពាក្យអាក្រក់ៗក្រៃលែង! ទាំងបទនេះខ្ញុំប្រិតប្រៀងមេឡូឌីភ្លេងថ្មី និងបញ្ជ្រាបចូលតម្លៃអប់រំខ្លាំងណាស់! ទាំងអត្ថន័យ សូម្បីតែ១ប្លង់ៗ រួមទាំង ការតុបតែងរចនាសម្លៀកបំពាក់តាំងពីក្បាលដល់ចុងជើង គឺសុទ្ធតែមានកន្លែងបង្កប់អត្ថន័យទាំងអស់! មិនមែនជា ការបង្ហាញគ្រាន់តែល្អមើល ឡូយ ចាកប្រធានបទ ឬឆ្លងវប្បធម៍បរទេស ដូចពួកគាត់និយាយឡើយ! ហើយក៏គ្មានប្លង់ណាស្រើបស្រាលដែរ! មិននឹកស្មានថា មួយរយៈចុងក្រោយនេះ ជំនោររិះគន់បែបជេរបញ្ចោរហាក់ដូចព្យុះបោកបក់ពន្លិចខ្ញុំស្ទើរតែដួលកម្លាំងចិត្តដើរ បន្តលើវិថីសិល្បៈម្តងៗ ព្រោះធ្វើអ្វីក៏ខុស! ប៉ុន្តែមិនថ្វី..ទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែប្តេជ្ញាក្រាញននាលតស៑ូអត់ធ្មត់ ឱនលំទោនទទួលយកការរិះគន់! ព្រោះអ្នករិះគន់មួយចំនួនធំគាត់បានរិះគន់ប្រកបដោយវិចារណញ្ញាណ ដោយប្រើញាណទាំង៥ច្បាស់មុននិងធ្វើការរិះគន់ ជាចេតនាអារម្មណ៍ ដើម្បីស្ថាបនានិង កែខៃឲ្យស្នាដៃកាន់តែប្រសើរឡើងតែប៉ុណ្ណោះ! ដូច្នេះហើយខ្ញុំអត់កញ្ជ្រោលខឹងតបតទេ ! គឺទទួលយកការរិះគន់ទាំងអស់មក ដាក់ក្នុងចិត្តដើម្បីត្រិះរិះពិចារណា ! ទុកឲ្យ Video footage នៃការផលិតបទ #សុដន់ម៉ែ ដែលនិងធ្វើការរៀបរាប់ពន្យល់ ពីអ្នកនិពន្ធ និងឆ្នៃម៉ូដគឺលោក LA ដែលនិងផុសនៅថ្ងៃពុធនេះនៅលើ Official Page #Town_Production សូមអរគុណអស់ពីដួងចិត្តសម្រាប់ការគាំទ្រ ហើយសូមបន្តការរិះគន់បន្ថែមទៀត ប្រៀបដូចជួយពញ្ញាក់ស្មារតី ឲ្យស្នាដៃខ្ញុំកាន់តែល្អ ដើម្បីបម្រើជូនទស្សនិកជនរាប់លានអ្នក រាប់លានអារម្មណ៍ គ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ សូមអរគុណ! #សោម_ដូរ៉េ »។