ភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”របស់ផលិតកម្ម Ld កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅសិល្បៈដោយសារតែសាច់រឿងទាំងមូលប្រទាក់ក្រឡាគ្នាល្អណាស់ឈុតឆាកសម្ដែងនីមួយៗមិនចាញ់ភាពយន្តបរទេសឡើយ។ រហូតធ្វើឱ្យលោក សន ពិសិដ្ឋ ជាតួឯកប្រុសខាងលើបានទទួលពានក្នុងនាមជាតារាសម្ដែងប្រុសឆ្នើមត្រឹមមួយប៉ប្រិចភ្នែក។
កំលោះសង្ហា សន ពិសិដ្ឋ ថា ខ្លួនពិតជាមានអារម្មណ៍រំភើបឥតឧបមាដែលបានទទួលពានពីមហោស្រពភាពយន្តជាតិលើកទី៦ក្នុងរឿង “នាឡិការដាស់វិញ្ញាណ”។ ដូច្នេះលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងដែលពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងដល់សិល្បករ សិល្បការិនីបង្កើតកម្មវិធីមហោស្រពភាពយន្តថ្នាក់ជាតិលើកទី៦នេះឡើង។ ជាមួយអារម្មណ៍រំភើប សន ពិសិដ្ឋ បានរៀបរាប់ថា៖” ខ្ញុំបាទពិតជាមានចិត្តរំភើប និងសប្បាយរីករាយខ្លាំងណាស់ ដែលរូបខ្ញុំបាទបានទទួលពានកិត្តិយសតួសម្ដែងបុរសក្នុងរឿង “នាឡិការដាស់វិញ្ញាណ” នៅមហោស្រពភាពយន្តជាតិលើកទី៦នេះ ដែលផ្ដល់ជូនដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”។
យ៉ាងណាមិញលោក សន ពិសិដ្ឋ សូមអរគុណដល់ផលិតកម្ម LD ដែលបានជ្រើសរើសយកខ្លួនឱ្យសម្ដែងក្នុងរឿង “នាឡិការដាស់វិញ្ញាណ” ទើបធ្វើឱ្យរូបលោកទទួលបានពានពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។