ភោជនីយដ្ឋាន និង Pub G21 ស្ថិតនៅប្ញស្សីកែវ ជាប់ស្ពានដែកប៉ាឡេ ដែលជាសម្ព័ន្ធទី៦ របស់ហាងវីហ្វ្រេន បានបើកសម្ពោធយ៉ាងអធឹកអធម។ នៅក្នុងពិធីនោះ ក៏មានវត្តមានបវរកញ្ញាថៃលេខ១ និងតារាសិល្បៈខ្មែរ យ៉ាងច្រើនកុះករចូលរួមផងដែរ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកានេះ។
លោក គង់ សុភា បញ្ជាក់ថា នៅក្នុងពិធីនោះលោកអញ្ជើញសិល្បករតែប្រមាណ៣០រូបប៉ុណ្ណោះ ប៉ុន្តែបានរៀបចំជាតារាដើរម៉ូដ និងតារាៗច្រៀងរាំជាច្រើនរូប។ ក្នុងលោកក៏អញ្ជើញបវរកញ្ញាថៃ គឺកញ្ញា Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 (បវរកញ្ញាស្រីទេវីស្យ៉ាមប្រចាំប្រទេសថៃ) ឱ្យមកចូលរួមជាកិត្តិយសផងដែរ ដោយកញ្ញាបានចូលរួមជាកិត្តិយស និងជួយដើរម៉ូដនៅក្នុងពិធី។ លោកថាកញ្ញា គឺជាមិត្តភ័ក្ត្រដ៏ល្អរបស់លោករងពីជាប់បវរកញ្ញា ដោយនាងក៏មានសកម្មភាពឡើងចុះស្វែងយល់មុខជំនួញនៅកម្ពុជាជាញឹកញាប់ផង ទើបនាងមកជួយដុតដៃដុតជើងនៅក្នុងពិធី ដោយមិនមែនគ្រាន់តែមកធ្វើជាភ្ញៀវកិត្តិយស។ លោកថា បុរសឯកដែលធ្លាប់ជាប់ចំណាត់ថ្នាក់លើឆាកអន្តរជាតិកន្លងមក ក៏មកចូលរួមជាកិត្តិយសនៅក្នុងពិធីរបស់លោកផងដែរ។ លោកថាហាង G21 ដ្បិតថាមានលក្ខណៈបែបទំនើប និងឈ្មោះផ្សេង ប៉ុន្តែសម្រាប់មុខម្ហូប និងតម្លៃគឺដូចគ្នាទាំងស្រុងនឹងគ្រប់ហាងរបស់វីហ្វ្រេន ដោយបរិយាកាសដែលបានរៀបចំ ក៏ដើម្បីតម្រូវកម្មវិធីខួបកំណើត និងពិធីផ្សេងៗ ដែលមានរង្វង់១២០តុចុះ។
លោក គង់ សុភា ម្ចាស់ហាង G21 បន្តទៀតថា ដោយសារតែភោជនីយដ្ឋាបនេះ ត្រូវបានរៀបចំបន្ថែមជាកន្លែងលក់ស្រាក្រឡុកមើលទេសភាពច្រាំងទន្លេ ដើម្បីឱ្យស័ក្តសមនឹងទីតាំងនៅជាប់ស្ពានដែកប៉ាឡេ ប្ញស្សីកែវ ហើយមានការបន្ថែមនូវមុខម្ហូបខ្លះផង ទើបមិនដាក់ឈ្មោះ វីហ្វ្រេនសាខាទី៦ ហើយដាក់ឈ្មោះថ្មីថា G21។ ហេតុផលដែលបរិយាកាសក្នុងហាងនេះទាំងមូល មានសោភ័ណ្ឌភាពប្លែកនិងមានរចនាបទបែបអឺរ៉ុប ក៏ដោយសារតែលោកបានរៀនបញ្ចប់ផ្នែកឌីហ្សាញនៅក្រៅប្រទេស ហើយបានបញ្ចេញស្នាដៃក្នុងការរៀបចំហាងទាំងមូលដោយផ្ទាល់៕