កម្ពុជាគួរតែចាប់ផ្ដើមចាប់យកឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្មក្នុងឧស្សាហកម្មកាត់ដេរ ដើម្បីធ្វើឱ្យផលិតភាពប្រសើរឡើង និងបង្កើនផលិតកម្ម ប៉ុន្តែការបណ្ដុះបណ្ដាលជំនាញកម្លាំងពលកម្ម គឺជាកត្តាចាំបាច់។ នេះបើតាមមន្ដ្រីជាន់ខ្ពស់មកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងក្នុងសន្និសីទថ្នាក់ជាតិ ស្ដីពីផលិតភាពលើកទី3 ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទកោះពេជ្រ។
លោក John Cha សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ GMAC បានថ្លែងថា៖“ខណៈអាជីវកម្មពិភពលោកកំពុងផ្លាស់ប្តូរឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្មទី4 វិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជាគួរតែតាមឱ្យទាន់បដិវត្តន៍ឧស្សាហកម្មនេះ ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង”។
លោកបានថ្លែងទៀតថ្លែងថា៖ “ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី4 យើងកំពុងសង្កេតឃើញមានការបង្កើនល្បឿននៃស្វ័យប្រវត្តិកម្ម និងឌីជីថលនីយកម្មនៅក្នុង និងទូទាំងឧស្សាហកម្មរបស់យើង។ឧទាហរណ៍ ក្នុងឧស្សាហកម្មសម្លៀកបំពាក់ គ្រឿងយន្តស្វ័យប្រវត្ដិកំពុងត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងក្នុងដំណើរការផលិតកម្មរបស់យើង”។
លោកបាន John Cha បញ្ជាក់ថា៖ “កម្ពុជាត្រូវតែចាប់យកដំណើរការឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្មនេះ ដើម្បីផ្លាស់ប្តូរកន្លែងធ្វើការងារ និងកម្លាំងពលកម្មរបស់យើង។ យើងត្រូវតែធ្វើការបណ្ដុះបណ្ដាលជំនាញឡើងវិញ និងបង្រៀនជំនាញបន្ថែមដល់កម្លាំងពលកម្មរបស់យើង ការត្រួតពិនិត្យបង្កើនល្បឿន សម្រាប់ការធ្វើស្វ័យប្រវត្ដិកម្ម និងការគ្រប់គ្រងរោងចក្រ។ ក្នុងទិដ្ឋភាពនេះ យើងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធរបស់ខ្លួនសម្រាប់ការវិនិយោគ និងការវិនិយោគឡើងវិញក្នុងទិសដៅនេះ”។
លោកបានពន្យល់ថា រាប់ចាប់ពីការធ្វើគំរូ ការប៉ាក់ការកាត់ ការបោះពុម្ព និងការរចនាម៉ូដ រហូតដល់ការដេរ និងការផ្គុំ ដំណើរការឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្មនេះអាចពាក់ព័ន្ធនឹងប្រភេទគ្រឿងម៉ាស៊ីនតែមួយ ព្រមទាំងប្រព័ន្ធចង្វាក់សមាហរណកម្មដែលអាចធ្វើឱ្យសម្រេចបានទិន្នផលកាន់តែលឿន និងកាន់តែច្បាស់លាស់ ដូច្នេះធ្វើឱ្យយើងសន្សំបានពេលវេលា ការចំណាយ និងគុណភាពកាន់តែខ្ពស់។
លោក John Cha មានប្រសាសន៍ថា៖ “មនុស្សជាច្រើនក្នុងចំណោមពួកយើង បានវិនិយោគលើស្វ័យប្រវត្ដិកម្ម និងបច្ចេកវិទ្យា និងបានទទួលអត្ថប្រយោជន៍ នៃដំណើរការទាំងនេះ និងជួយកាត់បន្ថយចម្ងាយទំនាក់ទំនង រវាងផលិតកម្ម និងទីផ្សារ។ម៉ាស៊ីនស្វ័យប្រវត្តិកម្មជាច្រើន និងប្រព័ន្ធផលិតកម្មដែលអាចរកបាននៅទីផ្សារនេះនឹងធ្វើឱ្យមានផលិតភាពកាន់តែខ្ពស់ និងគុណភាពទិន្នផលកាន់តែប្រសើរ”។
លោកបានថ្លែងបន្តថា៖“ក្នុងទិដ្ឋភាពនេះ យើងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជាអាចជួយបានតាមរយៈការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការវិនិយោគឡើងវិញលើការទិញគ្រឿងម៉ាស៊ីនបែបនោះ ព្រមទាំងការបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យា ដែលដំណើរការជាមួយម៉ាស៊ីនទាំងនោះផងដែរ។ ដោយដើរឆ្ពោះទៅមុខ យើងសង្ឃឹមថា ល្បឿននៃការវិនិយោគនឹងកាន់តែលឿន និងកាន់តែខ្លាំងឡើង”។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទទួលស្គាល់ថា ការអភិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យា ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី4 និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងបង្កើនផលិតភាព និងផលិតកម្ម ប៉ុន្តែវាក៏បង្កផលប៉ះពាល់អវិជ្ជមានចំពោះការបាត់បង់ការងាររបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាលកម្ពុជាចេញរួចហើយ នូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ 2015-2025 ដើម្បីបង្កើនវិស័យឧស្សាហកម្មរបស់យើងឆ្ពោះទៅរកបច្ចេកវិទ្យា និងបង្កើនកម្លាំងពលកម្មជំនាញ ដែលនឹងឆ្លើយតប ទៅនឹងការទទួលយកបដិវត្តន៍ឧស្សាហកម្មទី 4 ដើម្បីសម្រេចបាន ផែនការប្រកបដោយមហិច្ឆិកា ដើម្បីក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ 2030 និងប្រទេសមានប្រាក់ចំណូលខ្ពស់ ត្រឹមឆ្នាំ2050”។
ឯកឧត្តម ពេជ សោភ័ន បន្តថា៖ “ដូច្នេះយើងមើលឃើញការអភិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យានេះ ជាពិសេសការទទួលយកបដិវត្តន៍ឧស្សាហកម្មទី4 ក្នុងវិស័យឧស្សាហកម្មដែលបង្កើតការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋ និងបង្កើនផលិតភាព ហើយលើសពីនេះ វាក៏បង្កើតឱកាសដ៏ល្អមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជាក្នុងការលោត-ផ្លោះសម្រាប់ការអភិវឌ្ឍរបស់ខ្លួន”។
ជាមួយគ្នានេះដែរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជំរុញឱ្យសមាជិកទាំងអស់របស់ខ្លួនចាប់ផ្តើមចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ(REX) ដើម្បីចៀសវាងផលវិបាកណា មួយដែលអាចកើតឡើងនាពេលខាងមុខ ។
សេចក្តីជូនដំណឹងរបស់ GMAC បានឱ្យដឹងថា សហភាពអឺរ៉ុបបានដាក់ចេញនូវប្រព័ន្ធចុះបញ្ជី អ្នកនាំចេញ (REX) ដែលអ្នកនាំចេញទៅសហភាពអឺរ៉ុបអាចធ្វើការប្រកាសដោយខ្លួនឯងអំពីប្រភពដើមនៃផលិតផលនាំចេញរបស់ពួកគេ (ការប្រកាសប្រភពដើម) នៅលើឯកសារពាណិជ្ជកម្មរបស់ពួកគេដោយមិនប្រើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ GMAC បានបញ្ជាក់ថា ប្រព័ន្ធនេះសម្រួលពាណិជ្ជកម្ម និងសន្សំសំចៃការចំណាយសម្រាប់អ្នកនាំចេញ។
សមាគម GMAC បានឱ្យដឹងទៀតថា នៅត្រឹមដំណាច់ឆ្នាំ 2019 នេះ ដែលជាការបរិច្ឆេទផុតកំណត់ រោងចក្រណាដែលខកខានមិនបានចុះឈ្មោះនៅក្នុងប្រព័ន្ធ REX នេះនឹងត្រូវបង់ពន្ធនាំចូលទៅសហភាពអឺរ៉ុប សម្រាប់ការនាំចេញរបស់ពួកគេ។
បើតាម GMAC អស់រយៈពេលប្រហែល 1ឆ្នាំហើយ ដែលក្រសួងពាណិជ្ជកម្ម និង GMAC បានព្យាយាមអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយព័ត៌មាននេះទៅដល់សមាជិកទាំងអស់។ ជាអកុសល បើប្រៀបធៀបទៅនឹងចំនួនសរុបនៃរោងចក្រទាំងអស់ មានរោងចក្រមិនច្រើនទេដែលបានចុះឈ្មោះក្នុងប្រព័ន្ធនេះ៕