សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ឬCVEA គ្រោងនឹងចុះកិច្ចអនុស្សរណៈយោគយល់គ្នាជាមួយសមាគមអចលនទ្រព្យចំនួន 3ស្ថាប័នផ្សេងគ្នានៅក្នុងឱកាសនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍សន្និសីទ និងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំរយៈពេល 4ថ្ងៃនៅសហរដ្ឋអាមេរិក ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះនៅកម្ពុជាបន្ថែមទៀត។នេះបើតាមការឱ្យដឹងពីលោកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA។
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដឹកនាំសមាជិកចំនួន23នាក់ដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ( THE REALTOR® CONFERENCE &; EXPO – 2019 ) ដោយលោកបានមានប្រសាសន៍ថា៖“ព្រឹត្តិការណ៍សន្និសីទ និងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក ឬហៅកាត់ (NAR) មានរយៈពេល 4ថ្ងៃ ដោយធ្វើឡើងកាលពីថ្ងៃទី8-11 ខែវិច្ឆិកា ឆ្នាំ2019 នៅទីក្រុងសានហ្វ្រានស៊ីស្កូ (SanFrancisco) រដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក”។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា៖“យើងមានផែនការចុះ MOU ចំនួន3 ក្នុងនោះមានសមាគមនៅសហរដ្ឋអាមេរិកចំនួន2 និងសមាគមនៅអឺរ៉ុបចំនួន1 ដែលយើងកំពុងធ្វើការងារហ្នឹង ដោយយើងផ្ដោតលើការសហការគ្នា។ ភ្ជាប់ទៅនឹងគម្រោងនៃការចុះកិច្ចអនុស្សរណៈយោគយល់រវាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជាមួយនឹងសមាគមអចលនទ្រព្យចំនួន3 ផ្សេងគ្នានោះ កម្ពុជាយើងអត់ទាន់បើកចំហជើងមេឃទៅខាងអឺរ៉ុបទេ តែឥឡូវយើងកំពុងពង្រីកទីផ្សារទៅផ្នែកអឺរ៉ុប អ៊ីចឹងយើងអាចនាំភ្ញៀវរបស់យើង មិនត្រឹមតែអាចទៅសហរដ្ឋអាមេរិកទេ គឺអាចទៅអឺរ៉ុបថែមទៀត នេះគឺជាទិសដៅធំរបស់យើង ដែលចង់ពង្រីកសក្ដានុពលលើពិភពលោក”។
លោកបានបន្តទៀតថា៖ “នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំនោះ មានបណ្តាសមាគម និងក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលរួមជាច្រើន ដើម្បីធ្វើការស្វែងយល់ពីបរិកាសនៃទីផ្សារអចលនទ្រព្យនៅតាមបណ្តាប្រទេសនានានៅលើសាកលលោក ជាពិសេស គឺការផ្លាស់ប្ដូរនូវបទពិសោធក្នុងវិស័យអចលនទ្រព្យ ភាពជំនាញទៅលើការវាយតម្លៃ និងការផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិក្នុងនាមជាសមាជិករបស់សមាគមជាតិ អ្នកវាយតម្លៃអចលនទ្រព្យអាមេរិក(NAR)”។
លោកប្រធានសមាគមក៏បានបញ្ជាក់ដែរថាការចូលរួមកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំនេះ សមាគមផ្ដោតលើគោលបំណងសំខាន់ៗមួយចំនួន ដូចជាការសិក្សាបន្ថែមលើផ្នែកបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ផ្នែកវាយតម្លៃ និងការពង្រឹងទំនាក់ទំនងអន្ដរជាតិក្នុងនាមសមាជិករបស់ NAR ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសជាដើម។ លើសពីនេះ CVEA ក៏ត្រៀមបើកជើងមេឃថ្មី តាមរយៈការចុះ MOU ជាមួយសមាគមអចលនទ្រព្យអឺរ៉ុបមួយ នាឱកាសនោះផងដែរ។
គួរបញ្ជាក់ថា កម្មវិធីសន្និសីទ និងពិព័រណ៍ប្រចាំឆ្នាំរបស់ NAR តែងរៀបចំជារៀងរាល់ចុងឆ្នាំ ដោយមានបណ្ដាប្រទេសជាសមាជិកលើពិភពលោកជាច្រើនចូលរួម ក្នុងនោះក៏មានតំណាងសមាគមCVEA របស់កម្ពុជាចូលរួមផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធថ្មីៗ ពិសេសការបង្ហាញនូវវឌ្ឍនភាព និងសក្ដានុពលនៃវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាការកៀងគរវិនិយោគិនមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោក ច្រឹក សុខនីម បានលើកឡើងថា៖“តាមរយៈនៃការចុះអនុស្សរណៈយោគយល់នេះ រួមជាមួយនឹងការបង្ហាញពីកាលានុវត្តភាព ក៏ដូចជាការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា យើងនឹងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគិនពីបណ្តាប្រទេសដទៃទៀតមកកាន់កម្ពុជាបន្ថែមទៀតជាមិនខាន”៕