អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យបានអះអាងថា នៅដំណាច់ឆ្នាំ2019នេះ ស្ថានភាពនៃការទិញ-លក់ ដីធ្លីដែលស្ថិតនៅតំបន់សេដ្ឋកិច្ចមួយចំនួន នៅតែមានសកម្មភាពដដែលទេ ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃហាក់នៅទ្រឹងបើធៀបទៅនឹងកាលពីអំឡុងដើមឆ្នាំដដែលនេះ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ប្រាប់ឡារ៉ែន ពាណិជ្ជថា៖“ដូចជាមិនមានសញ្ញាណាមួយ បង្ហាញពីការប្រែប្រួលខ្លាំងគ្រាន់តែនៅតំបន់ខ្លះឃើញថាវាឡើងរហ័ស ដល់ពេលចាប់ផ្តើមមានការប្រែប្រួលគោលនយោបាយមួយចំនួន វានៅទ្រឹង។ វានៅទ្រឹងតម្លៃ តែក្នុងសកម្មភាពនៃការទិញ-លក់ មិនមានអ្វីប្រែប្រួលនោះទេ”។
ប៉ុន្តែលោកឧកញ៉ាបានទទួលស្គាល់ថា តម្លៃវាហាក់ដូចជានៅក្រោមទីផ្សារបន្តិច ដែលកើតមាននៅខេត្តព្រះសីហនុ តែលោកយល់ថា អ្នកវិនិយោគភាគច្រើន គឺពួកគេបានយល់ច្បាស់ពីស្ថានភាពនេះដែលវាមិនមែនជាការប្រថុយប្រថាននោះទេ ចំពោះតម្រូវការនៃវិស័យនេះ។ តែសម្រាប់តម្លៃនៅភ្នំពេញវានៅដដែល និងវិសាលភាពនៅតំបន់ជុំវិញភ្នំពេញវាអត់មានថមថយទេ។
ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃដី នៅក្នុងតំបន់មួយចំនួនលោកបានចាត់ទុកថាជាតំបន់សក្តានុពលសេដ្ឋកិច្ចដូចជាខេត្តមួយចំនួនមានប៉ោយប៉ែត សៀមរាប បាវិត ព្រះសីហនុ និងកំពតជាដើម នៅតែមានសកម្មភាពនៃការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យទៅតាមគម្រោងជាធម្មតា។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ប្រាប់ទៀតថា៖“ជាទូទៅនៅប៉ោយប៉ែត យើងឃើញថាជាខេត្តគោលដៅនៃទីក្រុងថ្មី ដែលជាទីក្រុងតភ្ជាប់ទីក្រុងប្រទេសថៃ និងកម្ពុជា។ អាចនិយាយថា វាជាតំបន់ដោះដូរទំនិញ ផងដែរ។ តំបន់ប៉ោយប៉ែតមកទល់ពេលនេះនៅអាចមានដំណើរការគម្រោង 2-3បន្ថែមទៀតបន្តទៅដើមឆ្នាំថ្មី។ អុីចឹងវាមិនមានអ្វីថមថយទេគ្រាន់តែកន្លងមកមានការជួលពីជនជាតិចិន ដែលគាត់មកប្រកបរបរអនឡាញ គឺវាមានភាពគំហុកនៅតំបន់ពាណិជ្ជកម្មច្រើន តែនៅតំបន់ឧស្សហកម្មវានៅតែមានសកម្មភាពដដែលធម្មតា“។
ពាក់ព័ន្ធតំបន់សេដ្ឋកិច្ចដទៃទៀតដូចជាផ្លូវ51ផ្លូវជាតិលេខ 3 វានៅតែមានសក្តានុពលដោយសារតែរាជរដ្ឋាភិបាលរក្សាស្ថិរភាព និងសន្តិសុខបានវាមិនធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យនេះទេ តែ នៅក្នុងនោះតំបន់នីមួយៗ តែងមានផលកើនឡើងខ្លាំង និងផលប៉ះពាល់ក៏ខ្លាំងដែរ។ នេះបើតាមការ-បញ្ជាក់របស់លោកឧកញ៉ា។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ទៀតថា៖“សម្រាប់ខេត្តកំពត កែប មិនមានអ្វីកត់សម្គាល់ខ្លាំងដែរ វាមិនមានការឡើងជាគំហុកនោះទេដោយសារតែមិនមានការអភិវឌ្ឍទ្រង់ទ្រាយធំ គ្រាន់តែមានការ-វិនិយោគដីទុក និងអនុវត្តទៅតាមគម្រោងផែនការរបស់គេ។ ដោយហេតុថា ក្រុងព្រះសីហនុ ជាខេត្តជាប់សមុទ្រដូចគ្នា ពេលគាត់មានតម្លៃដីខ្ពស់កើនឡើងខ្លាំង នោះវានឹងប្តូរ Replacement ហើយខេត្តកំពត កែប អាចនឹងទទួលជំនួស ព្រោះកំពត កែប មានចម្ងាយជិតជាង និងមានហេដ្ឋារចនាសម្ពន្ធ កំពង់ផែ ផ្លូវដែក ដែលអាចដោះដូរទំនិញ ទៅប្រទេសវៀតណាមបានទៀតផង។
លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Realestat បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ ដល់កាសែតឡារ៉ែនថា៖“បើតាមការសង្កេតជាក់ស្តែងនៅដំណាច់ឆ្នាំ2019នេះ សម្រាប់ការទិញ-លក់ដីធ្លី គឺហាក់ដូចជាស្ងាត់បន្តិចតែតម្លៃនៅទ្រឹង អត់មានការធ្លាក់ចុះទេ ពីព្រោះយើងមិនមានអ្នកលក់បង្ខំៗ គឺមានការសាកសួររក តែមិនមានករណីនេះ ដូច្នេះធ្វើឱ្យតម្លៃវានៅទ្រឹង គឺវាមិនឡើង តែវាក៏មិនចុះដែរ”។
លោកបានបន្តទៀតថា សម្រាប់អ្នកវិនិយោគនៅក្នុងវិស័យដីធ្លី នៅបណ្តាខេត្តដែលមានការអភិវឌ្ឍថ្មីៗវិញក៏ហាកដូចជា ស្ងប់ស្ងាត់ដែរ។ ដូចជាកន្លងមកយើងពង្រីកទៅខាងប៉ោយប៉ែត បាវិត ព្រះសីហនុជាដើម ក៏ហាក់ដូចជានៅទ្រឹងដែរ។ ចំពោះការស្ងប់ស្ងាត់នេះវាមានផលប៉ះពាល់ ព្រោះការដែលមិនមានសកម្មភាព គឺវាមិនមានការកើនឡើងនូវចំណូល។ ដូច្នេះយើងឃើញថាវាមានការប៉ះពាល់ដល់តម្លៃជួល ដោយអ្នកជួលនៅប៉ោយប៉ែត បាវិត គាត់បានសុំបញ្ចុះតម្លៃ និយាយទៅវាមានប៉ះពាល់ទៅដល់ចំណូលខ្លះនៃការជួល។
លោក សនសៀប បានបន្តថា៖ “ទោះបីជាមានភាពនៅទ្រឹងនៅតំបន់សេដ្ឋកិច្ចមួយចំនួនក៏ពិតមែនតែការអភិវឌ្ឍវិស័យអចលនទ្រព្យនៅតំបន់ថ្មីៗ និងគម្រោងបង្កើតទីក្រុងរណប បានបង្ហាញថាសក្តា-នុពលនៃវិស័យអចលនទ្រព្យកំពុងពង្រីកសក្តានុពលទៅតំបន់សេដ្ឋកិច្ចទាំងនោះ”។
លោក បានបញ្ជាក់ទៀតថា៖“យើងអាចនិយាយបានដែរថាវិស័យអចលនទ្រព្យកំពុង តែពង្រីកសក្តានុពលទៅតំបន់សេដ្ឋកិច្ច ខណៈនៅតែមានអ្នកជំនួញក្នុងវិស័យនេះចុះធ្វើសកម្មភាពទិញ-លក់ដដែល។ ដូចជានៅខេត្តកំពត សៀមរាបដែលមានគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជាដើម ប៉ុន្តែវាមិនសូវជាមានឥទ្ធិពលដោយសារវាស្ថិតនៅជាគម្រោងនៅឡើយ”។
លោក សន សៀប បានបញ្ជាក់ដែរថា៖“យើងចាំមើលប្រហែលជាដើមឆ្នាំក្រោយយើងនឹងអាចដឹងថាវាមានការប្រែប្រួលយ៉ាងម៉េចទៀត ខ្ញុំគិតថាដើមឆ្នាំក្រោយវាពិតជាល្អ។ ឆ្នាំនេះវាចុងឆ្នាំផង វាមានរឿងមិនល្អកើតមានផង ហើយដោយសារតែវាជារដូវធ្លាក់ភ្លៀង ហាក់មានភាពស្ងប់ស្ងាត់បន្តិចព្រោះតែពិបាកក្នុងការចុះមើលទីតាំង និងវាស់វែងដូច្នេះមិនសូវមានការទិញលក់ទេ។ តែភាពស្ងប់ស្ងាត់ទាំងនេះ អាចនឹងត្រូវកែប្រែឡើងវិញ បន្ទាប់រដូវភ្លៀងធ្លាក់បានបញ្ចប់”៕