ប្រិយមិត្តជ្រាបច្បាស់រួចហើយថាថ្ងៃនេះជាថ្ងៃមង្គលជ័យរបស់លោក ប៉ែន ចំរ៉ុង និងភរិយា កត់សម្គាល់ថ្ងៃចូលរោងជ័យរបស់តារាប្រុសសម្បូរវោហារសព្ទមិនចេះរីងស្ងួត លោក ប៉ែន ចំរ៉ុង និងភរិយាស្រស់ស្អាត គេសង្កេតឃើញមានអ្នកសិល្បៈល្បីៗជាច្រើន បាននាំគ្នាអញ្ជើញចូលរួមហែជំនូននិងអបអរជូនពរជ័យដល់ស្វាមីភរិយាមួយគូនេះ រហូតពួកគេរំភើបខ្លាំងស្ទើរញញឹមបិទមាត់ពុំជិតទៀតផង។
ពិសេសទៅទៀតនោះ ថ្ងៃចូលរួមការរបស់ លោក ប៉ែន ចំរ៉ុង មានតារា កំប្លែង ចម្រៀងល្បីៗ ដល់ទៅ៣គូ ចូលរួមកាត់សក់ផងដែរ។ តារាកំប្លែង និងចម្រៀងល្បីទាំង៣គូនោះរួមមាន នាយ គ្រឿន ជាមួយអ្នកនាង ខ្ញុង,អ្នកនាង ខាត់ សុឃីម ជាមួ យនាយ ចាប ចៀន និង លោក ខាត់ ចំរើន ជាមួយអ្នកនាង កាតុ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសាមីខ្លួន លោក ប៉ែន ចំរ៉ុង។ ទន្ទឹមគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួនបានថ្លែងសារចូលរួមអបអរ និងជូនពរចំណងស្នេហារបស់ពួកគេឱ្យស្រលាញ់គ្នារហូតចាស់ព្រឹទ្ធចាស់ព្រេងផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់ កូនក្រមុំរបស់លោក ប៉ែន ចំរ៉ុង ត្រូវបានភ្ញៀវកិត្តិយសជាច្រើនលាន់មាត់សរសើរថា ពិតជាស្រស់ស្អាត ថ្វីត្បិតតែនាង មិនមែនជាអ្នកសិល្បៈ ប៉ុន្តែសម្រស់របស់នាងស្ទើរតែវ៉ាដាច់សិល្បៈការិនីមួយចំនួន។ ជាក់ស្ដែងនៅក្នុងថ្ងៃពិធី ឈុតសម្លៀកបំពាក់សម្អាងដែលនាងគ្រង មានការសរសើរស្ទើរតែគ្រប់ឈុត មិនថាបុរាណ និង សម័យ គឺសុទ្ធតែសាកសមនឹងរាងរៅឥតខ្ចោះ ជួយលើកសម្រស់នាងបន្ថែម មើលទៅពិតជាស្រស់ស្អាតពិតមែន។ ម្យ៉ាងវិញទៀត ភ្ញៀវកិត្តិយស ទាំងក្នុង និង ក្រៅសិល្បៈល្បីៗដែលចូលរួម បានគ្រងឈុតពណ៌ផ្ទៃមេឃស្រុះគ្នារំលេចនូវសម្រស់មស្រស់សោភាម្យ៉ាងម្នាក់ ញ៉ំាងឱ្យទិដ្ឋភាពក្នុងកម្មវិធីទាំងមូលមានភាពសប្បាយយ៉ាងឱឡារឹក និងបញ្ចប់ទៅដោយរលូន៕