បន្ទាប់ពីអ្នកនាងចន ច័ន្ទលក្ខិណា បានសរសរចេញនូវពាក្យប៉ុន្មានឃ្លាដាក់ក្នុងបណ្ដាញសង្គមរួចមក បានធ្វើឱ្យមហាជនមានការយល់ច្រឡំថា នាង និងលោកហេង ឡុង ដែលគេមើលឃើញថា ស្ទើរក្លាយជាប្ដីប្រពន្ធនឹងគ្នាទៅហើយនោះកំពុងតែមានជម្លោះទាស់ទែងគ្នារហូតនាងបណ្ដេញលោកហេង ឡុងចេញពីជីវិតនាង។ សារមួយនេះបានធ្វើឱ្យបុរសម្នាក់ហាក់មានអារម្មណ៍ឈឺឆ្អាលជាមួយលោកហេង ឡុង បានសរសេរពាក្យជាច្រើនដែលគេចាត់ទុកថា ជាការប៉ះពាល់កិត្ដិយសតារាស្រីរូបនេះ។
ក្នុងសាររបស់បុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុក ឈ្មោះថា Sem Choeurn បានសរសេរដូច្នេះថា៖«ប្ដីមុនមិនស្រួលលែងចោល ប្ដីក្រោយបណ្ដេញចេញទៀត មិនដឹងប្រុសណាទេទើបធ្វើឱ្យគាត់ស្រួលរហូតនោះ!»។ ជាមួយនឹងពាក្យទាំងប៉ុន្មាននេះបានធ្វើឱ្យគេសន្និដ្ឋានថា អ្នកនាងចន ច័ន្ទលក្ខិណា ប្រាកដជាខឹងនឹងសំណេរបុរសម្នាក់នោះ ខណៈនាងបានតបទៅវិញដោយពាក្យបែបត្រជាក់ស៊ីជ្រៅថា៖«ត្រៀមខ្លួនណាអូន Sem Choeun»។
ដោយសារតែការប្រើពាក្យបែបត្រជាក់តែបង្កប់អត្ថន័យក្ដៅគគុកក្នុងចិត្ដបែបនេះហើយទើបមហាជនជាច្រើនសន្និដ្ឋានថា មិនយូរទេ យ៉ាងច្រើនក្រោយការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃសមាគមសិល្បករខ្មែររួច នាងនឹងចាត់ការតាមផ្លូវច្បាប់ចំពោះបុរសម្នាក់នោះមិនខាន ព្រោះនាងក៏កំពុងតែឈរឈ្មោះជាបេក្ខភាពម្នាក់ផងដែរ។
ផ្ទុយទៅវិញ អ្វីដែលជាការសន្និដ្ឋានរបស់សាធារណជនគឺខុសទាំងស្រុង ខណៈអ្នកនាងចន ច័ន្ទលក្ខិណា បានជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែរហើយ នាងបានជ្រើសរើសប្រើសម្ដីយ៉ាងទន់ភ្លន់ប្រាប់មកវិញថា ក្នុងនាមនាងជាប្រធានសមាគមទើបជាប់ឆ្នោតថ្មីនាងនឹងអភិវឌ្ឍស្ថាប័នមួយនេះឱ្យសិល្បៈផ្សារភ្ជាប់ទៅនឹងសង្គម។ ដូច្នេះនាងមិនចាប់ទោសអូសដំណើរយុវជនម្នាក់នោះទេ។
អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា៖ «ខ្ញុំអត់ប្ដឹងគាត់ទេ ប្ដឹងធ្វើអី? ផ្ទុយពីការមិនប្ដឹងនេះ ខ្ញុំនឹងសរសេរសារទៅគាត់ក្នុងន័យល្អៗ និងព្យាយាមពន្យល់ឱ្យគាត់បានយល់នូវអ្វីដែលខ្ញុំកំពុងតែធ្វើ ដើម្បីកុំឱ្យគាត់មានការយល់ច្រឡំដូចពេលនេះទៀត»។ នាងបន្ដថា ការពិតនាងគ្រាន់តែសរសេរសារមួយក្នុងន័យចង់ធ្វើវីដេអូ ដើម្បីឱ្យគេយល់អំពីជីវិតលំបាករបស់ស្រ្ដី បន្ទាប់ពីនាងបានស្ដាប់នូវការឈឺចាប់របស់ស្រ្ដីជាច្រើននាក់រួចមក។
គួរបញ្ជាក់ដែរថា ពាក្យដែលអ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឱ្យមហាជនយល់ច្រឡំនោះគឺនាងបានសរសេរថា៖ «ឈប់ពាក់ព័ន្ធជីវិតខ្ញុំ និយាយស្ដាប់គ្នាបានឬអត់? Heng long Heng long បើនិយាយស្ដាប់គ្នាមិនបាន ខ្ញុំblockលោកឯង»។ «Heng long តែសុំលោកចេញឱ្យឆ្ងាយពីជីវិតខ្ញុំ មិនបាច់ជួយShare ទេ» ជាដើម៕