កាលពីថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ 2019 ចិនបានធ្វើតេស្តចុះចតយានអាវកាសមួយនៅខេត្ត Hebei ក្នុងគោលបំណងបញ្ជូនយានអវកាសនោះទៅកាន់ភពផ្កាយព្រះអង្គារនៅឆ្នាំ 2020 ដោយអង្គការអវកាសចិនអះអាងថា ចិនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកបេសកកម្មពិភពផ្កាយព្រះអង្គារនេះហើយ។
ការសាកល្បងចុះចតនេះ ធ្វើឡើងនៅតំបន់ដែលមានលក្ខណៈស្រដៀងនឹងផ្ទៃដីលើភពផ្កាយព្រះអង្គារ ពោលគឺមានភ្នំតូចៗ ឬទីទួលដែលពោរពេញដោយថ្ម ដែលធ្វើឱ្យយាននោះអាចយល់ដឹងពីការធ្វើដំណើរឡើងចុះទួលនៅលើភពក្រហមនោះដោយខ្លួនវាបាន។
លោក Zhang Kejian ប្រធានអង្គការអវកាសជាតិចិន បានថ្លែងនៅមុនការធ្វើតេស្តនេះថា៖ ក្នុងឆ្នាំ2016 ចិនបានចាប់ផ្តើមជាផ្លូវការនូវការងារបេសកកម្មរុករកភពផ្កាយព្រះអង្គារ ហើយឥឡូវនេះគ្រប់ការងារអភិវឌ្ឍន៍ទាំងអស់កំពុងដំណើរការយ៉ាងរលូនហើយ។ ជាមួយគ្នានេះ ចិនបានអភិវឌ្ឍគ្រាប់រ៉ុក្កែត Long March 5 ដែលមានកម្លាំងខ្លាំងដើម្បីបាញ់បង្ហោះនាំយកយានអវកាសទៅកាន់ភពផ្កាយព្រះអង្គារ។
បើតាមលោក Zhang Rongqiao ប្រធានស្ថាបត្យករនៃកម្មវិធីរុករកភពផ្កាយព្រះអង្គារ បានឱ្យដឹងថា ការបាញ់បង្ហោះពីផែនដីទៅភពផ្កាយព្រះអង្គារ ត្រូវប្រើពេល 7 ខែ ចំណែកឯការចុះចតលើផ្ទៃដីភពផ្កាយព្រះអង្គារ ប្រើពេលត្រឹមតែ 7នាទីប៉ុណ្ណោះ។
ដោយឡែកកាលពីខែមករា ឆ្នាំ 2019 ចិនបានសម្រេចជោគជ័យលើកដំបូងជាប្រវត្តិសាស្រ្ត ក្នុងការចុះចតយានអវកាសមួយឈ្មោះ Chang’e-4 នៅលើផ្នែកម្ខាងទៀតនៃភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់)៕