រដ្ឋាភិបាលកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានជំរុញឱ្យប្រជាកសិករដាំដំណាំដំឡូងមី ខណៈក្រសួងពាណិជ្ជកម្មកំពុងរៀបចំគោលនយោបាយជាតិវិនិយោគលើដំឡូងមីក្នុងគោលបំណងជំរុញផលិតកម្ម និងការនាំចេញ។ ដោយហេតុថា ការបណ្តាក់ទុនពីរដ្ឋាភិបាល និងវិស័យឯកជនលើដំណាំដំឡូងមីក្នុងរយៈពេល 10ឆ្នាំខាងមុខនេះ អាចនឹងជួយលើកស្ទួយសម្ទុះសេដ្ឋកិច្ចកម្ពុជាជាទឹកប្រាក់ប្រមាណ940លានដុល្លារអាមេរិក ដែលជាលទ្ធផលអាចនឹងបង្កើតឱកាសការងារ និងជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNDP ស្តីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមីបានរកឃើញថា ការវិនិយោគលើដំណាំដំឡូងមីដែលអាចនឹងទទួលបានផលចំណេញពីការបណ្តាក់ទុនលើដំឡូងមីក្នុងទឹកប្រាក់ប្រមាណ 294លានដុល្លារពីសំណាក់រដ្ឋាភិបាលកម្ពុជា ពោលគឺ អាចទទួលបានផលច្រើនជាងការវិនិយោគក្នុងវិស័យផលិតកម្មស្រូវចិញ្ចឹមសត្វ និងស្បៀងអាហារ។
យ៉ាងណាមិញ របាយការណ៍របស់ UNDP ដែលមានចំណងជើងថា “Making the Case For Investment in Cassava” បានកត់សម្គាល់ថា ដើម្បីទាញយកប្រយោជន៍ពីវិស័យដាំដំឡូងមីនេះ រដ្ឋាភិបាលកម្ពុជាគួរសហការឱ្យបានដិតដល់ជាមួយវិស័យឯកជនក្នុងការបង្កើតធនធាននានា ដើម្បីគាំទ្រសកម្មភាពដាំដុះ កែច្នៃ និងសកម្មភាពទីផ្សារ ជាពិសេសការបង្កើតឱ្យមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃដំឡូងមីឱ្យកាន់តែមានប្រសិទ្ធភាព ជាដើម។
លោក Nick Beresford នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ UNDP ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះថា៖ “ផលចំណេញខាងផ្នែកសេដ្ឋកិច្ច និងសង្គម រួមមានកម្រិតនៃឱកាសបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រនឹងកើនឡើងគួរឱ្យកត់សម្គាល់ សម្រាប់ការបណ្តាក់ទុនលើដំឡូងមីនេះ”។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីប្រកាសរបាយការណ៍នេះថាការរៀបចំគោលនយោបាយនេះ គឺដោយសារដំណាំដំឡូងមី គឺជាដំណាំកសិកម្មធំទី2 បន្ទាប់ពីដំណាំស្រូវរបស់កម្ពុជា។ ទាក់ទងនឹងឯកសារគោលនយោបាយនេះ លោកថ្លែងថា៖ “ឯកសារយើងបានដាក់ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីហើយ ដោយទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលឯកភាពលើខ្លឹមសារ ប៉ុន្តែមិនទាន់ឆ្លងទីស្តីការនៅឡើយទេ ដោយសារឯកសារមិនទាន់ត្រូវតាមលក្ខខណ្ឌកំណត់របស់រដ្ឋាភិបាល”។
ឯកឧត្តមបានបង្ហាញសុទិដ្ឋនិយមថា៖“ដំឡូងមីផ្តល់ជាមធ្យោបាយមួយក្នុងការពង្រីកកំណើនសេដ្ឋកិច្ច ដែលដើរស្របនឹងទស្សនវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្លាយជាប្រទេសដែលនាំចេញ និងផ្គត់ផ្គង់ដំឡូងមីដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងពិភពលោក។ យើងមើលឃើញថា ប្រជាពលរដ្ឋជាច្រើនបានដាំដំឡូងមីដែលមានជាងកន្លះលានគ្រួសារ។ វានឹងអាចជួយជីវភាពកាន់តែល្អប្រសើរដល់ពួកគាត់”។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជានឹងប្តេជ្ញាខិតខំជំរុញឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពលើវិស័យដាំដំណាំដំឡូងមី ឱ្យដូចគ្នានឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យផ្សេងៗទៀត ដូចជាវិស័យដំណាំស្រូវជាដើម។
លោក លាង រ័ត្នម៉ាណា ប្រធានគម្រោងរបស់អង្គការ UNDP ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីការរៀបចំករណីការវិនិយោគសម្រាប់ដំឡូងមីរបស់អង្គការ UNDP ថា មាននិន្នាការកើនឡើងនូវតម្រូវការដំឡូងមីពីទីផ្សារពិភពលោក និងពីប្រទេសចិន ហើយរដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវវិនិយោគលើវិស័យដំឡូងមី។
លោកថ្លែងថា៖ “ចំណុចខ្លាំងរបស់កម្ពុជាគឺទី1 គឺផលិតកម្មយើងធំ ទី2 យើងមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ ទី3 ដីដែលយើងប្រើប្រាស់ដាំដំឡូងមីនៅមានគុណភាពល្អ បើធៀបជាមួយថៃ និងប្រទេសវៀតណាមហើយការវិនិយោគណាមួយដែលអាចធ្វើឡើង គឺជាការលើកទឹកចិត្ត និងជួយដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់សមស្របក្នុងការដាំដំឡូងមីឱ្យគាត់ដាំដុះដំឡូងមី ហើយយករោងចក្រសម្រាប់កែច្នៃទៅដាក់នៅតំបន់សមស្របនោះ”។
បើយោងតាមរបាយការណ៍របស់អង្គការ UNDP ការអភិវឌ្ឍក្នុងវិស័យដំឡូងមី កម្ពុជាត្រូវការកញ្ចប់ថវិកាវិនិយោគសាធារណៈចំនួន 296លានដុល្លារ ខណៈដែលការអភិវឌ្ឍក្នុងវិស័យនេះភាគច្រើន គឺមិនទាន់យកចិត្តទុកដាក់ខ្ពស់លើការកែច្នៃក្នុងប្រទេសនៅឡើយទេ។
របាយការណ៍នេះបានបង្ហាញទៀតថា ដើម្បីសម្រេចបាននូវគោលដៅសម្រាប់វិស័យនេះចាំបាច់ត្រូវមានកិច្ចអន្តរាគមន៍ពីវិស័យសាធារណៈតាមរយៈការផ្តល់ធនធាន ដើម្បីគាំទ្រដល់ការដាំដុះ ការកែច្នៃ និងស្វែងរកទីផ្សារ និងការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម។
ដំឡូងមី គឺជាប្រភេទដំណាំកសិកម្មដ៏ពេញនិយមមួយនៅកម្ពុជា ដោយគេឃើញមានកសិករនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកំពុងដាំដំណាំនេះ។
ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមីនៅកម្ពុជាបានធ្លាក់ចុះប្រមាណ 30% ពី 700រៀលក្នុង 1គីឡូក្រាមនៅឆ្នាំ2014 មកនៅសល់ត្រឹម 450រៀលក្នុង 1គីឡូនៅឆ្នាំ2017 ស្របពេលតម្លៃផលិតផលក្នុងពិភពលោកសម្រាប់ដំណាំដំឡូងមីបានធ្លាក់ចុះ និងបញ្ហាប្រឈមនៃមេរោគឆ្លងលើដំណាំនេះ។
តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ការនាំចេញដំឡូងមីរបស់កម្ពុជាមានតម្លៃ 17.8លាន ដុល្លារក្នុងឆ្នាំ2017 ខណៈការនាំចេញនៅឆ្នាំ2018 បានធ្លាក់មកត្រឹម 12.6លានដុល្លារ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ឡារ៉ែនថា៖“ប្រសិនបើមានការជួយជាផ្នែកបច្ចេកទេសឱ្យទទួលផលបានក្នុង 1ហិកតាច្រើនតោន នោះគឺជារឿងល្អ កន្លងមកបញ្ហាដំឡូងមីជារឿងពិបាកនិយាយ ដោយសារតែតម្លៃវាឡើងចុះមិនអាចរកផលចំណេញបាន”។
លោកឧកញ៉ា លឹម ហេង បានបន្តថា៖“តាមពិតទៅ ក្នុងរយៈពេលកន្លងមក យើងបានធ្វើច្រើនហើយ។ ដូច្នេះវាជារឿងល្អ បើគេអាចជួយបង្កើនទិន្នផល គឺចាប់ពី 30តោនឡើងទៅក្នុង 1ហិកតា នោះទើបគេអាចរកផលកម្រៃចំណេញបាន”៕