ខ្សែប្រយុទ្ធ Kelechi Iheanacho របស់ក្លិប Manchester City កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Leicester City ក្នុងតម្លៃខ្លួន 25លានផោន (ស្មើនឹង 32.4លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាវ័យ 20ឆ្នាំរូបនេះ កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងក្លិប Leicester និងត្រូវបានគេមើលឃើញថា ចង់ផ្ទេរទៅកាន់ក្លិបអតីតម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ។ Iheanacho បានស៊ុតបាល់បញ្ចូលទី21គ្រាប់ ក្នុងការប្រកួត 64លើកក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីបានបង្ហាញខ្លួនជាលើកទី1របស់គេសម្រាប់ក្លិប Man City កាលពីឆ្នាំ2015មក។ កាលពីខែសីហា ឆ្នាំមុន រូបគេបានចុះហត្ថលេខាលើកុងត្រាថ្មីមួយដែលមានសុពលភាពរហូតដល់ឆ្នាំ2021 ប៉ុន្តែពេលវេលានៃការលេងរបស់គេត្រូវបានកំណត់ ក្រោយពីមានវត្តមានរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus កាលពីខែមករា។
បើទោះបី Leicester នៅតែស្ថិតក្នុងការពិភាក្សាក្នុងការចុះហត្ថលេខា ជាមួយ Iheanacho ក៏ដោយ ប៉ុន្តែក៏ការព្រមព្រៀងគ្នាមួយមិនទាន់ឈានដល់នៅឡើយទេ លុះត្រាតែរូបគេវិលមកពីសម្រាកវិស្សមកាលវិញសិន។
Iheanacho ត្រូវបានបញ្ជាក់ប្រាប់ថា រូបគេអាចបានចាកចេញពី Man City នៅរដូវក្តៅនេះ ហើយបច្ចុប្បន្នរូបគេអាចនឹងក្លាយជាកីឡាករចំណូលថ្មីទី3របស់ក្លិប Leicester បន្ទាប់ពីកីឡាករ Harry Maguire និង Vicente Iborra៕
ប្រភពពី៖ BBC