ស្នាមជ្រួញជាផ្នែកមួយដែលបង្ហាញពីអាយុ និងការវិវឌ្ឍទៅរកភាពចាស់របស់មនុស្សយើងម្នាក់។ នៅពេលដែលយើងសង្កេតឃើញថាស្នាមជ្រីវជ្រួញកំពុងតែមានវត្តមាននៅលើស្បែករបស់យើងហើយនោះ គឺវាមិនខុសអីពីការបង្ហាញប្រាប់ឱ្យមនុស្សគ្រប់គ្នាដឹងថា ពេលវេលាដែលសម្រស់ធ្លាប់តែផូរផង់ត្រូវរលាយបាត់ម្តងបន្តិចៗហើយ។ មែនហើយការផ្លាស់ប្តូរនៃវ័យរបស់មនុស្សយើងម្នាក់ៗគឺពិតជាមិនមានអ្នកណាអាចប្រកែកបាននោះទេ ប៉ុន្តែបើក្នុងករណីមួយដែលអាយុរបស់អ្នកមិនទាន់សមល្មមនឹងការកើតមានសភាពជ្រីវជ្រួញផងនោះ តែស្បែករបស់អ្នកបែរជាជ្រួញមុនទៅហើយ ដូច្នេះត្រូវធ្វើដូចម្តេចទៅ? ភាពជ្រីវជ្រួញមិនមែនចេះតែកើតឡើងដោយគ្មានមូលហេតុនោះទេ ត្រូវដឹងផងទៅថាវាចាំតែឆ្លៀតឱកាសចូលមកក្បែរអ្នកគ្រប់ពេលដែលអ្នកប្រហែសភ្លេចខ្លួនតែបន្តិចទេ។ តើអ្វីទៅដែលចាត់ទុកថាជាការប្រហែសភ្លេចខ្លួនដែលនាំឱ្យភាពជ្រីវជ្រួញចូលមកជិតអ្នកបាននោះ?
បារី៖ ជាមូលហេតុសាមញ្ញបំផុតមួយដែលនាំអ្នកទៅរកភាពជ្រីវជ្រួញ ប៉ុន្តែ ឡារ៉ែន ជឿជាក់ថាបើនិយាយពីស្ត្រីមួយចំនួនធំនៅក្នុងប្រទេសយើង បារីមិនមែនជាបញ្ហានោះទេ ព្រោះថាមានមនុស្សស្រីតិចនាក់បំផុតដែលជក់បារី។
របបអាហាររបស់អ្នក៖ ប្រសិនបើអ្នកចង់រក្សាស្បែករបស់អ្នកឱ្យនៅតែមានសភាពក្មេងស្រស់ស្អាត និងមានសុខភាពល្អនោះ សូមចងចាំពាក្យមួយឃ្លាថា “ដាំគ្រប់ពូជអីដុះដើមនោះ”។មិនខុសអីពីការដែលអ្នកទទួលទាននោះទេ ប្រសិនបើអ្នកទទួលទានអាហារណាដែលធ្វើឱ្យស្បែកស្អាតនោះ ស្បែកនឹងស្អាត ប៉ុន្តែបើទទួលទានអាហារដែលអាចបង្កផលប៉ះពាល់ដល់ស្បែកនោះ ស្បែកក៏នឹងយ៉ាប់ទៅតាមនោះដែរ។ សូមចាំថាគ្រប់អាហារដែលអ្នកចូលចិត្ត ហើយគិតថាឆ្ងាញ់មិនមែនមានន័យថា សុទ្ធតែជាអាហារដែលស្បែកអ្នកគិតថាល្អដែរនោះទេ។ ស្បែករបស់អ្នកនឹងនិយាយពាក្យថា អគុណដល់អ្នកប្រសិនបើអ្នកមិនដាក់បញ្ចូលអាហារណាដែលមានជាតិកាបូហៃដ្រីត និងជាតិស្ករច្រើននៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។
អាល់កុល៖ អ្នកទទួលទានជាតិអាល់កុលនៅថ្ងៃនេះ លុះស្អែកព្រឹកឡើងអ្នកនឹងមើលឃើញថាស្បែករបស់អ្នកបាត់បង់ភាពស្រស់ស្រាយនិងមានសភាពស្ងួតក្រៀមជាងមុន។ នៅពេលដែលជាតិទឹក និងភាពរលាស់ ភាពយឺតនៃស្បែកត្រូវបានបាត់បង់ ឱកាសនៃការកើតមាននូវភាពជ្រីវជ្រួញក៏មានកាន់តែច្រើនដែរ។
ស្ករកៅស៊ូ៖ អ្នកអាចនឹងមិនគិតថាការទំពាស្ករកៅស៊ូអាចនឹងធ្វើឱ្យស្បែកជ្រួញ ប៉ុន្តែវាជាការពិត នៅពេលដែលមាត់របស់អ្នកគិតតែពីទំពារស្ករកៅស៊ូជាប់មិនឈប់នោះ មិនថាច្រើនឬតិច អ្នកនឹងប្រឈមនឹងការកើតមាននូវភាពជ្រីវជ្រួញនៅម្តុំស្បែកមាត់ផ្នែកខាងក្រោម។
រមាស់ដៃ៖ ឱ្យតែឃើញមានអ្វីបន្តិចប្លែកនៅលើផ្ទៃមុខគឺចាប់ផ្តើមរមាស់ដៃចង់ទាញញិចកេះចេញមកហើយមែនទេ? ទប់អារម្មណ៍ នៅឱ្យស្ងៀមទុកឱ្យវាបាត់ដោយខ្លួនឯងទៅ ព្រោះបើអ្នកកាន់តែបង្ខំឱ្យវាឆាប់ចេញមកនោះ វាក៏មិនខុសអីពីការដែលអ្នកចង់បង្ខំឱ្យស្បែករបស់អ្នកកើតមានអាការរមាស់ ប្រតិកម្ម មានស្នាមនិងមានសភាពជ្រីវជ្រួញកាន់តែឆាប់នោះដែរ។
ទាញស្បែកពេលតែងមុខ៖ ធ្លាប់ទេឱ្យតែពេលត្រូវការគូស Eye Liner គឺចាប់ផ្តើមយកដៃទាញស្បែកភ្នែកឱ្យតឹងហើយ!! អ្នកជំនាញប្រាប់ថា ការធ្វើបែបនេះមិនមែនជាទង្វើដែលត្រឹមត្រូវនោះទេ ដូច្នេះកុំព្រោះតែចង់ឱ្យអ្នកផ្សេងមើលឃើញថា ស្អាតមួយភ្លែតសុខចិត្តធ្វើឱ្យស្បែកឆាប់ជ្រួញឱ្យសោះណា៎។ ព្យាយាមគូសភ្នែករបស់អ្នកតាមបែបធម្មតា ដោយមិនចាំបាច់ទាញស្បែកភ្នែកនោះទើបជាការប្រសើរ។
ហាមបោះបង់ឡេការពារកម្តៅថ្ងៃ៖ ភ្លៀងក៏ដោយ មេឃស្រឡះក៏ដោយ ស្រទុំក៏ដោយ កុំបំភ្លេចឡេការពារកម្តៅថ្ងៃឱ្យសោះ ត្រូវចាំថា វាជាអង្គរក្សដែលចាំការពារអ្នកពីកម្តៅថ្ងៃ។
គេង៖ ការគេងផ្កាប់មុខចុះក្រោមទប់នឹងខ្នើយ ក៏អាចបណ្តាលឱ្យមានស្នាមជ្រួញបានដែរដូច្នេះយកល្អពេលគេងគួរតែគេងឱ្យស្រួលបួល៕