ក្រោយពីបង្ហាញភាពយន្ដខ្លីបែបអប់រំនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានចំណងជើងថា « មើលងាយ » តារាសម្ដែងវ័យក្មេង ស្រេង ឈាងឡេង ហាក់បីដូចជាឆក់បានប្រជាប្រិយភាពពីមហាជនយ៉ាងគួរកត់សម្គាល់។ តារាប្រុសរូបនេះថ្វីបើប្រលូកសិល្បៈមិនយូរប៉ុន្មានក៏ដោយ លោកតែងតែបង្ហាញវត្តមានតាមរយៈសកម្មភាពលើកស្ទួយវប្បធម៌ និងកិច្ចជួយសង្គមជាដើម ដែលការងារទាំងអស់នេះបានធ្វើឱ្យលោកទាក់ចិត្តស្រឡាញ់ពីមហាជនផងដែរ។ លោកខ្សឹបប្រាប់ឡារ៉ែនថា ប៉ុន្មានខែចុងក្រោយនេះ មិនត្រឹមតែជោគជ័យនៅលើវិស័យសិល្បៈប៉ុណ្ណោះទេ សូម្បីតែមុខជំនួញក៏កាក់កបទន្ទឹមគ្នាតែម្ដង ទើបបានជាលោករីកមុខញញឹមដូចគ្រាប់ជី។
លោក ស្រេង ឈាងឡេង ប្រាប់ថា តាំងពីលោកចូលប្រកួតឈុតបុរាណជាមួយគ្រួសារតារាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ទិវារវប្បធម៌អបអរប្រាសាទសំបូរព្រៃគុក ទីផ្សារសិល្បៈរបស់លោកឈានឡើងគួរឱ្យកត់សម្គាល់ ដោយក្រៅពីខាងផលិតករហង្សមាស និងផលិតករដទៃទាក់ទងឱ្យចូលកម្មវិធីជាហូរហែរ ក៏ត្រូវបានផលិតករមួយពេញចិត្តឱ្យសម្ដែងជាតួឯកក្នុងរឿង”មើលងាយ” ដែលទើបនឹងថតបញ្ចប់ក្ដៅៗផងដែរ។ លោកថាភាពយន្តនោះ នឹងចេញវាយលុកទីផ្សារឆាប់ៗ បន្ទាប់ពីកាត់ត និងរៀបរយរួចរាល់។ យ៉ាងណាមិញ លោកក៏មិនភ្លេចការងារស្នូលគឺមុខរបរពុះដីឡូតិ៍លក់ផងដែរ ដោយទើបតែបានបើកគម្រោងទី១១ នៅភូមិស្រយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ ចម្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅផងដែរ។ លោកថាគម្រោងនេះ ទើបតែបើកកាលពីថ្ងៃទី២៣ វិច្ឆិកា ក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ តែទទួលបាន ការគាំទ្រតែម្ដង ដោយសារតែទីតាំងអំណោយផល គួបផ្សំនឹងលោកប្រើយុទ្ធសាស្ត្រថែមជូនផ្ទះលម្ហែរកាយអោយមួយអមដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធអោយទាំងស្រុង។ អ៊ីចឹងហើយ ទើបលោកចេះតែមានកម្លាំងចិត្តក្នុងមុខជំនួញពុះដីឡូតិ៍ ជាពិសេសបន្ទាប់ពីទីផ្សារសិល្បៈឈានឡើង គឺអាជីវកម្មមួយនេះ កាន់តែជួយឱ្យលោករីកចំរើន។
លោក ស្រេង ឈាងឡេង ប្រកាសថា នឹងចាប់សិល្បៈទន្ទឹមគ្នានឹងមុខជំនួញ ដោយលោកនឹងទទួលទាំងសម្ដែង ឡើងឆាកច្រៀង និងថតកម្មវិធីផ្សេង ប្រសិនបើមានតម្រូវការបើទោះជាលោករវល់នឹងមុខជំនួញ។ លោកក៏ត្រៀមបោះទុនបើកគម្រោងទី១២ និងពង្រីកគម្រោងទី១១ ដែលមានការគាំទ្រពីដៃគូម្នាក់ទៀត គឺលោក ជា សុផល មួយនេះ ក្នុងពេលបន្តបន្ទាប់ផងដែរ៕