កសិដ្ឋានចិញ្ចឹមទារបស់លោក សូត្រ សុផល ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បានត្រូវគេស្គាល់ និងល្បីឈ្មោះជាយូរមកហើយ ជាពិសេសពងទាកូនស្រែរនោងដែលប្រជាពលរដ្ឋស្ទើរគ្រប់ខេត្ត-ក្រុង នរណាក៏ធ្លាប់ពានភ្លក្សពងទាកូននេះដែរ។
លោក សូត្រ សុផល ដែលបច្ចុប្បន្នជាប្រធានសមាគមភ្ញាស់ស៊ុតទាផងនោះ បានប្រាប់កាសែតឡារ៉ែន ពាណិជ្ជ ថា៖“ខ្ញុំជាអ្នកខេត្តតាកែវ បានចាប់រកស៊ីរបរភ្ញាស់ស៊ុតទាយកកូនលក់នេះ តាំងពីឆ្នាំ2007មកម៉្លេះ។ តាំងពីចាប់ផ្តើមប្រកបមុខរបរនេះមក ដំបូងឡើយលោកមានប្រាក់តែ 80ម៉ឺនរៀលប៉ុណ្ណោះដើម្បីទិញពងទាពីកសិករចិញ្ចឹមទានានានៅក្នុងភូមិ ដើម្បីភ្ញាស់កូនទាលក់”។
លោកបានបន្តថា សម្រាប់អាជីវកម្មរបស់ខ្ញុំដែលជាអ្នកប្រមូលទិញសត្វទា ដែលអ្នកភូមិចិញ្ចឹមមកភ្ញាស់ជាកូនទា លក់កូនទា លក់ពងទាកូន និងលក់ពងទា ដែលរបរនេះបានជួយឱ្យខ្ញុំរីកចម្រើន និងបន្តដល់អ្នកភូមិមួយចំនួន ក៏ចាប់ផ្តើមប្របរបរនេះរហូតដល់បង្កើតបានជាសមាគមមួយរហូតមកដលសព្វថ្ងៃ។
លោកប្រធានសមាគមភ្ញាស់ពងទាកូនស្រែរនោងបានប្រាប់ឱ្យដឹងថា៖“សមាគមរបស់យើងត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ2016 ដោយមកដល់ពេលនេះមានអាយុកាល 3ឆ្នាំហើយ និងមានសមាជិកប្រមាណជាង 50គ្រួសារ សុទ្ធសឹងជាអ្នកមានកសិដ្ឋានចិញ្ចឹមទា ធ្វើអាជីវកម្មចម្រុះរួមមាន ការភ្ញាស់យកកូនទាលក់ ចិញ្ចឹមយកពង ការកែច្នៃពងទាទៅជាពងទាកូន និងពងទាប្រៃ ជាដើម”។
នៅក្នុងរដូវដែលសម្បូរ សមាគមនេះអាចផលិតពងទាកូនលក់បានពី 9ម៉ឺន ទៅ 10ម៉ឺនគ្រាប់ក្នុង 1ថ្ងៃនិងនាំចេញទៅកាន់ស្ទើរគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសរួមទាំងពងទាប្រៃ និងពងទាសាបប្រហែល 3ទៅ 4ម៉ឺនគ្រាប់ទៀត និងពងទាដែលភ្ញាស់យកកូនបានប្រហែលជា 5ពាន់ក្បាលទៀយ។
លោក សុផល បានបន្តរៀបរាប់យ៉ាងដូច្នេះថាសមាគមមានសមាជិក 50គ្រួសារ គ្រួសារនីមួយៗប្រកបអាជីវកម្មភ្ញាស់ស៊ុតទាយកកូនលក់ ដោយកូនទាញី លក់បានតម្លៃ 1,800រៀលក្នុង 1ក្បាល បើឈ្មោលវិញលក់តែ 400រៀលប៉ុណ្ណោះក្នុង 1ក្បាល និងលក់ជាពងទាកូនបាន 900រៀល /គ្រាប់ ហើយក្នុង1ថ្ងៃខ្ញុំអាចលក់ចេញបានពី 4,000 ទៅ 5000កូនទា និងពងទាកូន។
លោក សុផល បានបញ្ជាក់ឱ្យដឹងថា៖“សម្រាប់ឡភ្ញាស់របស់ខ្ញុំវិញ អាចទទួលទិញស៊ុតបានពី 9 ទៅ10ម៉ឺនគ្រាប់ក្នុង 1ថ្ងៃ។ ក្នុងរដូវចិញ្ចឹម និងភ្ញាស់កូនទាក្នុង 1ថ្ងៃ ជាមធ្យមខ្ញុំអាចរកចំណូលបាន 380,000រៀល ក្នុង 1ខែ ក៏បានកម្រៃប្រមាណ 11,400,000 រៀល បន្ទាប់ពីទូទាត់ថ្លៃដើមរួច”។
កសិករចិញ្ចឹមទារូបនេះបន្តថា ៖ “បានជាខ្ញុំងាកមកចិញ្ចឹមសត្វនេះ ដោយសារតែវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំពីតូចមក។ ខ្ញុំរៀនពីវិធីចិញ្ចឹម ដើម្បីបង្កើនបច្ចេកទេសចិញ្ចឹមសត្វយ៉ាងណាឱ្យបានចំណេញ ហើយសត្វមិនងាប់ ដើម្បីយកបទពិសោធដែលរកឃើញនេះ ទៅបង្រៀនដល់កសិករដទៃទៀត ឱ្យរៀនសូត្រតាម ពីវិធីចិញ្ចឹមសត្វដែលងាយប្រមូលផល មិនឆ្លងជំងឺ ឆាប់ទទួលបានប្រាក់កម្រៃពីការលក់ដូរជាដើម”។
ទោះបីលោក សុផល បច្ចុប្បន្នពុំបានចិញ្ចឹមទាលក់យកសាច់ក៏ពិតមែន តែកន្លងមកគាត់ក៏ធ្លាប់មានបទពិសោធក្នុងការចិញ្ចឹមទាយកសាច់ផងដែរ។ លោកសុផលបានឱ្យដឹងថា៖“មុនសម្រេចជ្រើសរើសយកពូជទាមកចិញ្ចឹម ត្រូវរើសមើលមេទាណាដែលមានអាយុចាប់ពី 5ខែឡើងទៅ យកមកចិញ្ចឹម ត្រូវតែជាមេទាដែលគ្មានជំងឺ និងជាពូជដែលឆាប់ផ្តល់ស៊ុត”។
លោក សុផល បន្តថា នៅពេលរើសបានមេទាពូជហើយ យើងត្រូវសង់រោងចិញ្ចឹមដោយគិតពីបរិមាណសត្វទា និងទំហំរបស់រោង។ មេទា 1ពាន់ក្បាល យើងត្រូវសង់រោងទទឹង 10ម៉ែត្រ បណ្តោយ 20ម៉ែត្រ និងកម្ពស់រោងប្រមាណ 3ម៉ែត្រ សង់នៅក្បែរស្រះទឹក ធ្វើយ៉ាងណាទីតាំងចិញ្ចឹមទាត្រូវនៅក្នុងកន្លែងដែលត្រជាក់។ នៅពេលមេឃក្តៅខ្លាំង ត្រូវកាប់ស្លឹកឈើគ្របដំបូលរោង ឬយកសំណាញ់បៃតងមកចងពីក្រោមដំបូល ដើម្បីបន្ថយកម្ដៅ ព្រោះទានៅក្នុងរោង វាក្តៅ និងត្រូវលែងវាឱ្យចុះលេងទឹកស្រះ។លោកបន្តថា មេទាដែលទិញមកចិញ្ចឹម ត្រូវលែងឱ្យវាបានលេងទឹក 1ថ្ងៃ 2ដង ហើយបំប៉នចំណីវាក្នុងរយៈពេល 20ថ្ងៃ វានឹងផ្តល់ស៊ុត។ ឯចំណីវិញក្នុងទា 1ពាន់ក្បាល ត្រូវឱ្យចំណីប្រមាណជា 130គីឡូក្រាមក្នុង1ថ្ងៃ ទើបវាស៊ីគ្រប់គ្រាន់។ ចំណីត្រូវដាក់ក្នុងស្នូក។ ស្នូកដាក់ចំណីត្រូវតម្រៀបជាជួរនៅសងខាងទ្រុង។
លោកបញ្ជាក់ថា៖ “ការរៀបស្នូកចំណីឱ្យទានេះគេត្រូវរៀបដាក់ឱ្យបានច្រើន សម្រាប់ដាក់ចំណីឱ្យទាស៊ី ដើម្បីបង្ការកុំឱ្យវាដណ្ដើមគ្នាស៊ី ដែលវាជះឥទ្ធិពលដល់ការផ្តល់ស៊ុតមិនស្រុះគ្នា មិនដំណាលគ្នា ព្រោះបើមានស្នូកចំណីតិច មេទាខ្លះវាស៊ីឆ្អែត វាឱ្យស៊ុតទៀងទាត់ ឯមេទាដែលស៊ីមិនឆ្អែត ការផ្តល់ស៊ុតរបស់វា ក៏នឹងរអាក់រអួលតាមនោះដែរ។ លោកបន្តថា ចំណីដែលផ្តល់ឱ្យទាស៊ី មិនត្រូវលាយចំណីផ្សំនៅតាមទីផ្សារដាក់ឱ្យវាស៊ីទេ ព្រោះទីផ្សារបច្ចុប្បន្នគេមិនទទួលយកស៊ុតទាណាដែលស៊ីចំណីផ្សំស្រេចដែលមានលក់នៅទីផ្សារនោះទេ ព្រោះវាអាចមិនមែនជាចំណីធម្មជាតិ”។
គឺមូលហេតុនេះហើយដែលធ្វើឱ្យពងទាកូនរបស់សមាគមរបស់លោក មានសមត្ថភាពចែកចាយ និងមានតម្រូវការច្រើននោះ។ លោកពន្យល់ថា ទាដែលចិញ្ចឹមនៅក្នុងឃុំស្រែរនោងសុទ្ធតែជាទាដែលចិញ្ចឹមតាមបែបធម្មជាតិ តែក៏បានប្រើប្រាស់បច្ចេកទេសខ្លះដែរក្នុងចិញ្ចឹមដើម្បីឱ្យទទួលបានទិន្នផលច្រើន និងមិនបាត់រសជាតិ។ លក្ខណៈបែបនេះ ត្រូវបានឈ្មួញដែលនិយមទិញពងទាកូនពីសមាគមរបស់លោក តែងតែសរសើរពីរសជាតិពងទារបស់សមាគមលោកជានិច្ច ជាពិសេសពងទាកូន គឺមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់តែម្តង។
លោក សុផល បានបន្ថែមទៀតថា ផលិតផលដែលចេញពីសមាគមអាជីវកម្មពងទាកូន ស្រែរនោងត្រូវបានចែកចាយស្ទើរតែទូទាំងប្រទេសទៅហើយ នៅឡើយតែខេត្តភាគឦសានប៉ុណ្ណោះដែលមិនទាន់បានទៅដល់។ ខេត្តដែលបានចែកចាយទីផ្សារកូនទា រួមមានខេត្តកំពង់ធំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ ចំណែកពងទាក៏មានបញ្ជូនទៅតាមខេត្តទាំងនេះដែរ រួមទាំងខេត្តត្បូងឃ្មុំ និងភ្នំពេញទៀតផង អាស្រ័យលើគេបញ្ជាទិញ។
លោកក៏បានបញ្ជាក់ផងដែរ ពីកត្តាចម្បងដែលធ្វើឱ្យរូបលោកទទួលបានភាពជោគជ័យនោះ គឺចំណង់ចំណូលចិត្ត ក្ដីឧស្សាហ៍ព្យាយាម ការយកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់។ បើយើងផ្តោតលើការងារនេះ វានឹងទទួលបានជោគជ័យ តែបើយើងធ្វើតាមគេ វានឹងមិនទទួលបានជោគជ័យឡើយ។ ព្រោះគ្រប់អាជីវកម្មទាំងអស់ អត់មានអាជីវកម្មណាមួយដែលងាយស្រួលនោះទេ ហើយគ្រប់អាជីវកម្មទាំងអស់ ក៏មិនអាចថា យើងធ្វើមិនកើតនោះដែរ។ និយាយពីការងាយ វាមិនងាយទេ តែបើថាឱ្យហួសពីសមត្ថភាពថាធ្វើមិនកើតនោះ ក៏វាមិនហួសសមត្ថភាពដែរ។ ដូច្នេះអ្នកដែលប្រកាន់ខ្ជាប់ និងផ្តោតការយកចិត្តទុកដាក់ យើងឃើញថា គេទទួលបានការរីកចម្រើន និងមានជីវភាពធូរធារ កើនឡើងមួយកម្រិត។
លោក សុផល បានបញ្ជាក់ឱ្យដឹងថា៖”ការបង្កើតជាសមាគមនៅក្នុងសហគមន៍របស់ខ្ញុំ គឺមានគោលបំណងជំរុញអាជីវកម្មសម្រាប់កំណើនជីវភាពផង និងចង់អភិរក្សពងទាកូនស្រែរនោង ឱ្យបន្តកេរដំណែលនេះផងដែរ ហើយសម្រាប់ការផ្គត់ផ្គង់សព្វថ្ងៃយើងក៏មិនទាន់ផ្គត់ផ្គង់ឱ្យបានគ្រប់នៅទីផ្សារក្នុងស្រុកនៅឡើយដែរ គឺនៅមាននាំពងទាចូលពីប្រទេសវៀតណាមមកខ្លះដែរ។ ដូច្នេះយើងចង់ពង្រីកបន្ថែមនូវផលិតភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកើនឡើងថែមទៀត តាមរយៈការបញ្ជាទិញក៏កាន់តែច្រើនឡើងដែរ ព្រោះមានអតិថិជនបានទទួលស្គាល់ពីគុណភាពពងទា និងកូនទារបស់សមាគមខ្ញុំកាន់តែច្រើន”។
លោកបានបន្ថែមថា ជាមោទនភាព ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្លាប់បានអញ្ជើញមកដល់កសិដ្ឋានរបស់លោក និងទទួលស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយ និងសំណូមពររបស់សមាគមរបស់ ក៏ដូចជាសេចក្តីត្រូវការជាក់ស្តែងដែរ។ឯកឧត្តមបានឱ្យគ្រប់តួអង្គដែលពាក់ព័ន្ធ ត្រូវរួមសហការគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ដោយឡែកចំពោះការងារបច្ចេកទេសចិញ្ចឹម និងភ្ញាស់ស៊ុតទាវិញ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំឱ្យមន្ទីរកសិកម្មខេត្តសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការផ្សព្វផ្សាយ ឬបំពាក់បំប៉នបច្ចេកទេសចិញ្ចឹម វិធានការការពារជំងឺ ការលើកកម្ពស់អនាម័យ និងការអនុវត្តវិធានជីវសុវត្ថិភាពនៅឡភ្ញាស់ស៊ុតទាឱ្យបានល្អប្រសើរ ក្នុងបំណងបង្កើនគុណភាព និងការជឿទុកចិត្តពីអតិថិជន ដែលនិយមបរិភោគពងទាកូន៕