ការអភិវឌ្ឍ និងការរីកចម្រើនផ្នែកអចលនទ្រព្យ គឺបានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់មួយចំនួនដែលកំពុងមានតម្រូវការច្រើន មានការឡើងថ្លៃជាបន្តបន្ទាប់ ជាហេតុនាំឱ្យមានផលលំបាកជាខ្លាំងដល់អ្នកអភិវឌ្ឍន៍ផ្នែកសំណង់ផ្សេងៗ ដូចជាលំនៅដ្ឋានទំនើប បុរី អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារអាផាតមិន ឬខុនដូ ជាពិសេសការអភិវឌ្ឍគម្រោងលំនៅដ្ឋាននានា ហើយក៏មានការប្រកួតប្រជែងផងដែរនៅក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាមការយល់ឃើញ របស់អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា។
ទោះយ៉ាងណាក្តី ការធ្វើជំនួញលើវិស័យអ្វីក៏ដោយ មិនថាតែវិស័យអចលនទ្រព្យនោះទេ គឺមិនអាចចៀសផុតពីការប្រកួតប្រជែងបានឡើយ ហេតុនេះហើយគ្រប់អាជីវកម្ម ចង់ ឬមិនចង់ត្រូវតែត្រៀមខ្លួនជានិច្ច អភិវឌ្ឍន៍ជាប់ជានិច្ច ដើម្បីអាចឈរជើងបានយូរ។ ដូច្នេះហើយ បានជាអាជីវកម្មដែលអាចមានអាយុកាលបានរឹងមាំយូរអង្វែង អាជីវកម្មនោះទាមទារត្រូវតែមានអ្វីដែលថ្មីជាប្រចាំ ដើម្បីអាចប្រជែង និងក្តោបក្តាប់ទីផ្សារបាន។
លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនKhmer Real Estate និង Keller Williams Cambodia បានមានប្រសាសន៍ក្នុងវេទិកា “អនាគតអចលនទ្រព្យកម្ពុជា” កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ តម្លៃផ្ទះល្វែងដែលស្ថិតនៅតាមបណ្តាផ្លូវធំៗ នៅក្នុងទីក្រុង កំពុងតែមានកំសួលនៃការឡើងថ្លៃខ្ពស់ ដោយផ្ទះល្វែងនៅតំបន់ខ្លះអាចមានតម្លៃរហូតដល់ខ្ទង់លានដុល្លារក្នុង 1ជុង ឬអាចខ្ពស់ជាងនេះក៏មាន។
លោកបន្តថា៖“ប្រភេទផ្ទះដែលអាចធ្វើអាជីវកម្មបាន និងស្ថិតក្នុងតំបន់ល្អ មានតម្លៃថ្លៃ មិនក្រោមពី 50-60ម៉ឺនដុល្លារឡើយ ដែលក្រៅពីអាចបើកជាអាជីវកម្មហើយ ក៏អាចមានតម្រូវការជួល សម្រាប់ធ្វើជាក្រុមហ៊ុន ឬជាស្ថាប័នឯកជនផ្សេងៗ ហើយវានៅបន្តសក្ដានុពលបែបនេះរហូតដល់ជាង 10ឆ្នាំទៅមុខទៀត”។
លោក គីម ហ៊ាង បានបន្តទៀតថា៖“នៅថ្ងៃអនាគត អាចថា ចាប់ពីប្រមាណ 20ឆ្នាំឡើងទៅ តម្លៃផ្ទះទាំងនេះអាចនឹងដល់កម្រិតរបស់វា ឬអាចធ្លាក់ថ្លៃបន្តិចបន្តួចទៅវិញនៅពេលដែលតម្រូវការមានការធ្លាក់ចុះ”។
លោកបន្តទៀតថា ការធ្លាក់ចុះនូវតម្រូវការ ក៏ព្រោះតែនៅថ្ងៃអនាគតខណៈដែលប្រទេសកាន់តែអភិវឌ្ឍឡើង វិស័យសំណង់មានការរីកចម្រើន អាជីវកម្មមួយចំនួន ឮនឹងផ្លាស់ប្ដូរទៅលក់នៅក្នុងផ្សារទំនើប ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយបណ្តាក្រុមហ៊ុនស្ដង់ដាមួយចំនួនធំ ត្រូវផ្លាស់ប្ដូរទៅកាន់អគារពាណិជ្ជកម្មផងដែរ ហើយការរស់នៅក៏នឹងត្រូវប្ដូរទៅក្នុងបុរី អគារអាផាតមិន ឬខុនដូជាដើម។
ដូច្នេះវាត្រូវតែមានការវិវឌ្ឍ វាមិននៅតែមានទម្រង់បែបដដែលៗនោះទេ ព្រោះនៅក្នុងគម្រោងនីមួយៗតែងមានយុទ្ធសាស្ត្ររបស់ខ្លួន និងភាពប្លែកថ្មី ដូចជាការអភិវឌ្ឍលំនៅឋាន ឬខុនដូដែរ។ យើងមិនអាចប្រើប្រាស់ការរចនាម៉ូដបែបដដែលៗ សម្រាប់គម្រោងបន្តបន្ទាប់នោះទេ ត្រូវចេះច្នៃគំនិតថ្មីៗបន្ថែមទៀត សម្រាប់គម្រោងក្រោយៗ បើចង់លក់ដាច់ ឬបំពេញតម្រូវការទាន់សម័យកាល ព្រោះសង្គមកាន់តែមានការវិវឌ្ឍ ការរស់នៅក៏កាន់តែស៊ី-វិល័យទៅតាមនោះដែរ។
លោកគីម ហ៊ាង បានបញ្ជាក់ទៀតថា៖ “ដូច្នេះអ្នករកស៊ីអចលនទ្រព្យ គួរតែត្រៀមខ្លួនឱ្យបានល្អដោយត្រូវមើលគំរូតាម ទូរស័ព្ទម៉ាក NOKIA។ ពីមុនNOKIA ខ្លាំង តែបច្ចុប្បន្ន NOKAI បានស្លាប់បាត់ទៅហើយ។ ដោយសារមូលហេតុអី? គឺដោយសារតែការវិវឌ្ឍ វាទៅមុខ តែគាត់នៅតែរក្សាបែបបទដដែល”។
ជាក់ស្តែង ក្រុមហ៊ុនសំណង់ធំៗនៅកម្ពុជាយើងដែលទទួលបានជោគជ័យខ្លាំង ពួកគេតែងបង្កើតនូវគំនិតរចនាប្លង់ប្លែកៗទាន់សម័យកាលសម្រាប់គម្រោងសំណង់ថ្មីៗរបស់គេ ហើយការបង្កើតបាននូវផលិតផលថ្មីនៃវិស័យអចលនទ្រព្យនេះ គឺអាស្រ័យដោយភាពជោគជ័យនៃប្រទេសជិតខាងដែលដើរលឿនជាងយើង និងនិន្នាការវិវឌ្ឍន៍នៃការចង់បានរបស់សង្គមយើងផ្ទាល់ ទើបការបង្កើតនូវគំនិតថ្មីៗនេះ មិនបរាជ័យ។
ជាទូទៅក្រុមហ៊ុនធំៗតែងតែវិនិយោគលើការអភិវឌ្ឍក្រុមហ៊ុន ជាពិសេសស្រាវជ្រាវ រុករកនូវការបង្កើតគំនិតថ្មីៗ ប្លែកៗជាប្រចាំ ដើម្បីប្រកួតប្រជែងផង និងបង្កើតផលិតផលថ្មីៗផងជាបន្តបន្ទាប់។ ដូច្នេះហើយបានជាគម្រោងក្រុមហ៊ុនសំណង់ធំៗ តែងមានការច្នៃម៉ូដផ្សេងៗ ទៅតាមគម្រោងនីមួយៗ ហើយមានការទាក់ទាញខ្លាំងពីសំណាក់អតិថិជន។
លោកគីម ហ៊ាង ក៏បានលើកឡើង បែបប្រៀបធៀបថា៖“ចំពោះអ្នកអចលនទ្រព្យមួយចំនួនដែលមានសព្វថ្ងៃអាចចែកជា 4កម្រិត។ ទី1-គឺបែបអ្នកលក់ចាប់ហួយ មានន័យថា មនុស្សម្នាក់ ទៅ 5នាក់បម្រើសេវាកម្មទិញ លក់-ជួលដីធ្លី ផ្ទះសំបែង វីឡា គួកជេ 25ខេត្តក្រុង។
ទី2-គឺបែបអ្នកលក់បាយស្រូប គឺមានជាភាគហ៊ុនក្នុងចំណោមមនុស្ស3-4នាក់ ដាក់ស្លាកលក់អចលនទ្រព្យ តែអត់មានអាជ្ញាប័ណ្ណអចលនទ្រព្យទេ។ ទី3-គឺបែបម្ចាស់ភោជនីយដ្ឋាន នេះគឹសំដៅលើអ្នកមានក្រុមហ៊ុន មានអាជ្ញាប័ណ្ណមួយកុំប្លេ គាត់ជាម្ចាស់ក្រុមហ៊ុន មានកូនប្រពន្ធស្គាល់គាត់ តែបើចេញហួសដី10គីឡូម៉ែត្រនឹងមិនមានអ្នកស្គាល់ឡើយ។ នេះគឺលក្ខណៈក្រុមហ៊ុនដែលមានបុគ្គលិកតែប៉ុន្មាននាក់ ដែលមានម្ចាស់ជាស្ថាបនិក តែបើគាត់ជាប់រវល់ 3ខែ ក្រុមហ៊ុនគាត់ត្រូវបិទទ្វារហើយ។ ទី4-គឺបែបកម្រិតហ្វ្រែ៊នឆាយ គឺជាកម្រិតបច្ចុប្បន្នដែលនៅភូមិណា ស្រុកណា ខេត្តណា ប្រទេសណាក៏គេមានដែរ គឺគេប្រើ ប្រព័ន្ធ SYSTEM ។ គេគិតតាមប្រព័ន្ធម៉ាស៊ីន ដែលបច្ចុប្បន្នមានបច្ចេកវិទ្យាទំនើបណាស់។ យើងមើលទៅប្រទេសថៃ ម៉ាឡេស៊ី ចិន វៀតណាម សុទ្ធតែធ្វើទូរស័ព្ទបានទាំងអស់ តែសួរថាពលរដ្ឋប្រើទូរស័ព្ទអី? គឺប្រើ iPhone គឺបច្ចេកវិទ្យាអាមេរិក”។
លោក គីម ហ៊ាង ក៏បានបញ្ជាក់ថា៖ “ពិភពលោកសព្វថ្ងៃផ្លាស់ប្តូរហើយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ សូម្បីតែម្ចាស់អាម៉ាហ្សូន ដែលអាចដំណើការទៅបានល្អ បច្ចុប្បន្នក៏ដោយសារតែការប្រើ SYSTEM ដែរ ដូច្នេះបច្ចុប្បន្នគឺត្រូវតែវិវឌ្ឍទៅរក SYSTEM យើងមិនអាចធ្វើដូចកាលពី 10-20ឆ្នាំមុនបានទេ ពោលគឺយើងមិនត្រូវមានមោទនភាពចំពោះអ្វីដែលយើងបានធ្វើពីដើមមកពេកទេ ព្រោះយើងមាន NOKIA ជាគំរូស្រាប់”៕