នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ នាយកដ្ឋានភាពយន្ដ និងសិល្បៈនៃក្រសួងវប្បធម៌និងសិល្បៈបានរៀបចំពិធីបើកមហោស្រពភាពយន្ដជាតិលើកទី៦ ដើម្បីលើកកម្ពស់គុណភាពស្នាដៃភាពយន្ដខ្មែរឱ្យកាន់តែប្រសើរឡើងថែមទៀត។ គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង នឹងត្រូវពិនិត្យវាយតម្លៃ វិនិច្ឆ័យ ដោយផ្អែកលើស្នាដៃឯកទេសសំខាន់ៗ៨រួមមាន៖ ស្នាដៃអត្ថបទនិពន្ធភាពយន្ត, ស្នាដៃដឹកនាំរឿង,ស្នាដៃថត, ស្នាដៃសម្តែង, ស្នាដៃតុបតែងឆាក, ស្នាដៃដំឡើងរូបភាព និងស្នាដៃផ្ដុំសំឡេងដោយឆ្លងតាម គោលការណ៍វិនិច្ឆ័យ និងជ្រើសរើសជា២ដំណាក់កាល៖ ដំណាក់កាលទី១៖ ពិនិត្យជ្រើសរើសជម្រុះយកស្នាដៃភាពយន្តឆ្នើមចំនួន០៨រឿងសម្រាប់ចូលរួមប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់មហោស្រពនិង ដំណា ក់ កាលទី២៖ ស្នាដៃភាពយន្តដែលបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវពិនត្យវាយតម្លៃជ្រើសរើសជាជ័យលាភីរបស់មហោស្រពភាពយន្តជាតិលើកទី៦ឆ្នាំ២០១៩។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈ បានមានប្រសាសន៍ថាមហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីលើកស្ទួយភាពយន្ដខ្មែរ»មានរយៈពេ ល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចុតមុខ។ លោកបានបន្ថែមទៀតថាសម្រាប់ឆ្នាំនេះមានស្នាដៃភាពយន្ដដែលត្រូវយកមកប្រកួតប្រជែងក្នុងកម្មវិធីមហោស្រពភាពយន្ដជាតិ មានការកើនឡើងជាងបណ្ដាឆ្នាំមុនៗ។ ចំណែឯគុណភាពនៃការផលិតខ្សែភាពយន្ដវិញក៏មានភាពល្អប្រសើរពោលគឺមានការឈានទៅមុខជាលំដាប់។ លោកប្រធាននាយកដ្ឋានភាពយន្ដបានឱ្យដឹងថា «គិតត្រឹមឆ្នាំ២០១៧-២០១៩ ចំពោះកម្រិតស្នាដៃផលិតភាពយន្ដឃើញថា ស្ថេរភាពនៃចំនួនផលិតមានចន្លោះពី២៥-៣០រឿងក្នុងមួយឆ្នាំ ហើយបើធៀបនឹងឆ្នាំ២០១៧លើកទី៥ មកដល់លើកទី៦ឆ្នាំ២០១៩នេះឃើញថា មានការកើនឡើងនៃបរិមាណនៃចំនួនខ្សែភាពយន្ដ ហើយបើតាមរយៈគណៈមេប្រយោគបានពិនិត្យ លើស្នាដៃដែលបានដាក់ប្រកួតប្រជែងក្នុងឆ្នាំនេះ មានចំនួនខ្សែរភាពយន្ដជាច្រើន បានមកដាក់ពាក្យចូលរួមប្រកួតប្រជែង ចំនែកឯគុណភាពនៃខ្សែភាពយន្ដវិញ មានការរីកចម្រើន និងឈានឡើងមួយលំដាប់»។
លោកប៉ុក បូរក្សបានបញ្ជាក់ថា ទាំងនេះចំណុចវិជ្ជមានមួយ និងមានសេចក្ដីត្រេកអរជាពន់ពេកនៃការឈានឡើង ប៉ុន្ដែការឈានឡើងនៃខ្សែភាពយន្ដនេះ មិនមែនទាំងអស់នោះឡើយ ហើយក៏នៅមានភាពយន្ដមួយចំនួន ស្ថិតក្នុងកម្រិតគុណភាពដដែលផងដែរ។ លោកបានឲ្យដឹងទៀតថាមហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩នេះក្រសួងបានកំណត់យកស្នាដៃភាពយន្ដដែលត្រូវយកមកចូលរួម ប្រកួតប្រជែងត្រូវផ្ដោតលើខ្លឹមសារមួយចំនួនដូចជា១៖ អប់រំ និងផ្សព្វផ្សាយចំនេះដឹងអំពីវប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណីជាតិ។២៖ លើកស្ទួយវប្បធម៌សន្តិភាព ពង្រឹងសាមគ្គីភាព និងឯកភាពជាតិនិង៣៖ ការបង្កើតភាពច្នៃប្រឌិត ឬឆ្លុះបញ្ចាំងពីតថភាពសង្គម។ លោកបានបន្តទៀតថាគ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលដាក់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិលើកទី៦ ឆ្នាំ២០១៩ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖១៖ ជាស្នាដៃភាពយន្តខ្មែរ ដែលផលិតដោយផលិតកម្មក្នុងស្រុក និងទទួលបានទិដ្ឋាការបញ្ចាំង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។២៖ ជាស្នាដៃភាពយន្តខ្មែរដែលបានផលិត ក្នុងអំឡុងចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩និងមិនធ្លាប់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិកន្លងមក។ ចំពោះពានរង្វាន់ និងជ័យលាភីសរុបមានចំនួន១៥ដែលក្នុងនោះមាន៖ ពានរង្វាន់សម្រាប់ស្នាដៃភាពយន្តល្អផ្តាច់គេ (Best Film Award), ២៖ ពានរង្វាន់បុគ្គលដែលមានជំនាញឯកទេសឆ្នើម, (សម្រាប់បុគ្គលជនជាតិខ្មែរ), ពានរង្វាន់តួសម្តែងកិត្តិយមាន៤ (បុរស២-ស្ត្រី២), ពានរង្វាន់គណៈមេប្រយោគ សម្រាប់ភាពយន្តដែលល្អ និងពានរង្វាន់ ទស្សនិកជនគាំទ្រច្រើន៕