ពលរដ្ឋខ្មែរ និងជប៉ុនដេលស្នាក់នៅកម្ពុជា ដែលមកពីស្ថាប័នរដ្ឋ និងឯកជនប្រមាណជាង1,300នាក់ បានចូលរួមកម្មវិធី «ភ្នំពេញ ទីក្រុងស្អាត» រៀបចំឡើងដោយជនជាតិជប៉ុនលើកទី2 សហការរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលសាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើឡើងនៅសួនច្បារមាត់ទន្លេ នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2019។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថានសូមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធី «ភ្នំពេញ ទីក្រុងស្អាត» ដែលបង្កើតជាឱកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន និងសម្អាតទីក្រុង។ លោកថ្លែងថា «នេះគឺជាសកម្មភាពដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បណ្តុះស្មារតីស្រឡាញ់បរិស្ថាននៅក្នុងចំណោមប្រជាពលរដ្ឋ និងចូលរួមសម្អាតអនាម័យ បរិស្ថានទីក្រុងរបស់យើង ក៏ដូចជាជំរុញចលនាសម្អាតទីក្រុង ធ្វើយ៉ាងណាឱ្យទីក្រុងយើងកាន់តែមានសោភណភាព បរិស្ថានស្អាត និងប្រកបដោយផាសុកភាពសម្រាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរ»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា៖ «បញ្ហាសំរាមទីក្រុងមិនមែនមានតែនៅកម្ពុជាប៉ុណ្ណោះទេ នៅប្រទេសជប៉ុនក៏ជាបញ្ហាប្រឈមមួយដែរ។ ចាប់ពីឆ្នាំក្រោយទៅ ទាំងកម្ពុជា ទាំងជប៉ុន ប្រទេសទាំង2 នឹងរៀបចំនូវព្រឹត្តិការណ៍កីឡា និងកិច្ចប្រជុំខ្នាតអន្តរជាតិជាបន្តបន្ទាប់ ដែលភ្ញៀវទេសចរច្រើននឹងធ្វើដំណើរមកកាន់កម្ពុជា និងជប៉ុន។ ទីក្រុងស្អាតគឺជាគារវកិច្ចចម្បងក្នុងការស្វាគមន៍ភ្ញៀវ ក្នុងនាមជាម្ចាស់ផ្ទះ ហើយក៏ជាអ្វីដែលឆ្លុះបញ្ចាំងពីប្រទេស និងទីក្រុងទាំងមូលដែរ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ ទាំងជនជាតិជប៉ុន និងជនជាតិកម្ពុជា យើងទាំងអស់គ្នា នឹងចូលរួមគិតគូរ សហការ ដើម្បីថែរក្សាបរិស្ថាន និងសោភណភាពទីក្រុង ហើយបង្កើតទីក្រុងដែលងាយស្រួលរស់នៅ»។
នៅចំពោះមុខអ្នកចូលរួមទាំងអស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្មវិធី ភ្នំពេញ ទីក្រុងស្អាត ដែលប្រារព្ធធ្វើនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាពជាអមតៈរវាងកម្ពុជា និងជប៉ុនទាំងផ្នែកទំនាក់ទំនងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរួមគ្នាគិតគូរ ស្រឡាញ់បរិស្ថាន។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូរពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកដោយចៀសវាង ឬបញ្ឈប់ការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើតែម្តងបោះចោលដូចជាបំពង់បឺតទឹកជ័រ ចានស្លាបព្រាជ័រ ស្នោ និង កែវជ័រ ជាដើម ដោយងាកមកប្រើប្រាស់ ផលិតផលដែលមានមេត្រីភាពជាមួយបរិស្ថានវិញ។
នៅក្នុងកម្មវិធី ភ្នំពេញ ទីក្រុងស្អាត រៀបចំដោយជនជាតិជប៉ុនលើកទី2 នេះ អ្នកចូលរួមប្រកបដោយដង្កៀប និងថង់បានដើររើសសំណល់សំរាម ដែលត្រូវបានបោះចោលរាយប៉ាយតាមសួនច្បារ ដែលជនមួយចំនួនតូចបានបោះចោលឥតសណ្តាប់ធ្នាប់ និងបានដើរសម្អាតតាមឆ្នេរទន្លេផងដែរ។ ទាំងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ សុទ្ធតែវាយតម្លៃខ្ពស់ពីកិច្ចសាមគ្គីភាព រវាងបងប្អូនជនជាតិខ្មែរ និងជនជាតិជប៉ុនក្នុងការសហការសម្អាតអនាម័យបរិស្ថាន។
លោក នេត្រ ភក្ត្រា បានបន្ថែមថា សកម្មភាពនៃការសម្អាតអនាម័យបរិស្ថាននៅពេលនេះ ជាសារផ្សព្វផ្សាយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃបរិស្ថាន ជំរុញឱ្យមានការចូលរួមសម្អាតបរិស្ថាន ធ្វើឱ្យទីក្រុងស្អាត គ្មានការបោះចោលសំរាមពាសវាលពាសកាល។ មិនតែប៉ុណ្ណោះសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅថ្ងៃនេះនឹងក្លាយជាជួងដាស់អារម្មណ៍ដល់ជនមួយចំនួនតូច ដែលបានបោះចោលសំរាមក្រៅធុង ឱ្យភ្ញាក់រឭក និងចូលរួមសម្អាតបរិស្ថានទីក្រុងជាមួយយើងទាំងអស់គ្នា។ ទីក្រុងយើងស្អាត គឺជាមោទនភាព របស់ជាតិយើង និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភណភាពទីក្រុង ដែលជាផ្ទះរបស់យើងទាំងអស់គ្នា។
ក្រៅពីសម្អាតអនាម័យបរិស្ថាន កម្មវិធី ភ្នំពេញ ទីក្រុងស្អាត រៀបចំដោយជនជាតិជប៉ុនលើកទី2 ក៏មានការតាំងពិព័រណ៍ពីសំណាក់ក្រុមហ៊ុនដែលជាវិនិយោគិនជប៉ុននានា ដែលសុទ្ធសឹងជាផលិតផលជួយលើកស្ទួយបរិស្ថានដើម្បីបង្ហាញដល់អ្នកចូលរួម ដូចជាថង់បរិស្ថាន ដបទឹកបរិស្ថាន ផលិតផលដែលផលិតពីវត្ថុធាតុដើមធម្មជាតិ និងក៏មានការផ្តល់ព័ត៌មាន និងបញ្ជ្រាបចំណេះដឹងដល់អ្នកចូលរួមទៀតផង៕